សម រង្ស៊ី៖ មិនចូលសភាដាច់ខាត បើគ្មានការបោះឆ្នោតឡើងវិញ
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់ពីគោលជំហរគណបក្សខ្លួនថា គណបក្សសង្រ្គោះជាតិ នឹងមិនចូលរួមប្រជុំសភាជាមួយគណបក្សប្រជាជនកម្ពុជា ជាដាច់ខាត ល្គឹកណាមិនទាន់មានដំណោះស្រាយចំពោះការបោះឆ្នោតឡើងវិញ។ ការលើកឡើងរបស់លោក បានធ្វើឡើងទន្ទឹមនឹងក្រុមការងារបច្ចេកទេស របស់គណបក្សទាំងពីរគ្រោងនឹងបន្តការចរចានយោបាយនៅថ្ងៃទី១០ ខែមីនា នេះទៀត។
លោកសម រង្ស៊ី ចុះជួបពលរដ្ឋអ្នកលក់ត្រកួន មុនពេលលោកឡើងយន្ដហោះ ថ្ងៃទី០៧ខែតុលាឆ្នាំ២០១៣។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី០៦ ខែមីនា នេះ លោក សម រង្ស៊ី ប្រធាន គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់បានពន្យល់ថា បញ្ហាចូលប្រជុំសភា និងបញ្ហាបោះឆ្នោតឡើងវិញ គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នា។ ហើយគណបក្សសង្រ្គោះជាតិ នឹងមិនចូលប្រជុំសភាដាច់ខាត ដរាបណាការបោះឆ្នោតឡើងវិញត្រឹមត្រូវ មិនទាន់បានដោះស្រាយរួច។
ប្រធានគណបក្សជំទាស់រូបនេះ បញ្ជាក់ថា៖ «ដូច្នេះពេលនេះ គឺយើងគ្រាន់តែនិយាយពីការរៀបចំការបោះឆ្នោត។ ការរៀបចំការបោះឆ្នោតចែកជាពីរចំណុច។ ទី១.គឺការកំណត់ថ្ងៃ ខែ ឆ្នាំ បោះឆ្នោតឡើងវិញ នេះជាបញ្ហានយោបាយដែលយើងមិនទាន់ជជែកគ្នា។ តែបញ្ហាទី២.គឺបញ្ហាកែទម្រង់ ជាបញ្ហាបច្ចេកទេសសុទ្ធសាធដែលយើងកំពុងជជែកគ្នា។»
លោក ប៊ិន ឈិន ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជា ជាគណបក្សគ្រប់គ្រងអំណាច បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្នីសីទការសែត ក្រោយការចរចារវាងគណបក្សទាំងពីរ ថ្ងៃទី០៣ មីនា នៅវិមានព្រឹទ្ធសភា ថា មានត្រា៧៨នៃរដ្ឋធម្មនុញ្ញបានចែងច្បាស់ណាស់ ថាអាណត្តិរបស់រដ្ឋសភា មានរយៈពេល៥ឆ្នាំ ហើយមិនអាចរំលាយមុនអាណត្តិបានទេ លុះត្រាតែរដ្ឋាភិបាល ត្រូវបានទម្លាក់ ២ដង ក្នុងរយៈពេល១២ខែ។ តែលោក ប៊ិន ឈិន បានបញ្ជាក់ថា៖ «តែបើមានការព្រមព្រៀងធ្វើមិចទេអាហ្នឹង នយោបាយ ជួនកាលមួយពព្រិចភ្នែក»។
ក្នុងសន្និសីទការសែតដដែលនោះ លោក ស៊ុន ឆ័យ ជាប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សសង្រ្គោះជាតិ ក៏បានលើកឡើងដែរថា ការចរចាជាបន្តបន្ទាប់រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា លើការកែទម្រង់ការបោះឆ្នោត មិនមែនមានន័យថា ឈានទៅដល់ការទាញឲ្យគណបក្សសង្រ្គោះជាតិ ចូលទៅប្រជុំសភា ទាំងទទឹងទទែងនោះទេ។ ចំពោះការបោះឆ្នោតឡើងវិញ លោក ស៊ុន ឆ័យ ពន្យល់ថា វាអាស្រ័យលើការមូលមាត់គ្នារវាងថ្នាក់ដឹកនាំ កំពូលរបស់គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក្នុងពេលខាងមុខ។
សម្រាប់លោក កែម ឡី ជាអ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា ការចរចា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គួរមានការចរចានយោបាយជាមួយគ្នា ឲ្យមានការឯកភាពសិន មុននឹងឈានទៅដល់ការចរចាផ្នែកបច្ចេកទេស។
អ្នកវិភាគសង្គម និងនយោបាយឯករាជ្យកម្ពុជារូបនេះ បានបញ្ជាក់ថា៖ «បើការចរចានយោបាយត្រូវគ្នាហើយ បញ្ហាផ្សេងទៀតមិនពិបាកទេ ហើយបញ្ហាបច្ចេកទេសគួរធ្វើក្រោយ ព្រោះវាស៊ីពេលយូរ និងស្មុគស្មាញ។ តែសំខាន់ត្រូវមានយន្តការគួរជឿជាក់ពីភាគីចរចា ថាអ្វីៗនឹងអនុវត្តតាមការកំណត់»។
ជុំវិញករណីនេះ អ្នកតាមដានស្ថានការនយោបាយកម្ពុជា បានកត់សម្គាល់ឃើញថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានចរចានយោបាយចេញផ្លែផ្កា ជាបន្តបន្ទាប់ ពិសេសលើការកែទម្រង់ការបោះឆ្នោត តែចំណុចដែលនៅតែមានការខ្វែងគំនិតគ្នានៅឡើយនោះ គឺការឯកភាពឲ្យមានការបោះឆ្នោត មុនបញ្ចប់អាណត្តិឡើងវិញ។ ដូច្នេះប្រសិនបើគណបក្សទាំងពីរ អាច«សម្បទាន» ឲ្យគ្នាត្រង់ចំណុចនេះបាន នោះវិបត្តិនយោបាយកម្ពុជា ដែលជាប់ផុងជាង៧មកហើយនោះ ទំនងជាអាចរកច្រកចេញរួច៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៦ មីនា ២០១៤