ការចាប់ខ្លួនសកម្មជនដីធ្លី និងមន្ត្រីបក្សប្រឆាំងដាក់ពន្ធនាគារ អនុវត្តតាមច្បាប់អ្វី?
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 14, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងដើមខែវិច្ឆិកា ឆ្នាំ២០១៤នេះ យ៉ាងហោចណាស់មនុស្ស១៥នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះមានប្រជាពលរដ្ឋជាស្រ្តី ចំនួន១០នាក់ ព្រះសង្ឃចំនួនបីអង្គ និងសកម្មជនគណបក្សនយោបាយ មកពីគណបក្សសង្គ្រោះជាតិចំនួនពីរនាក់ ផ្សេងទៀត។
មតិសាធារណៈជនមួយផ្នែក និងគណបក្សសង្គ្រោះជាតិ បានចាត់ទុកករណីចាប់ខ្លួននេះ ថាជារឿង«នយោបាយ»។ ក្នុងសេចក្តីថ្លែងការណ៍ចុុះថ្ងៃទី១២ ខែវិច្ឆិកា របស់គណបក្សសង្គ្រោះជាតិ បានសរសេរចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា កំពុងប្រើប្រាស់អំណាចអាជ្ញាធរសាធារណៈ និងប្រព័ន្ធតុលាការ ដែលសាធារណៈមតិជាតិ និងអន្តរជាតិមើលឃើញថា ប្រព័ន្ធនេះមិនមានលក្ខណៈឯករាជ្យ និងអព្យាក្រិត្យពេញលេញ។
គណបក្សសង្គ្រោះជាតិ បានថ្កោលទោស តម្រូវឲ្យរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវតែបញ្ឈប់រាល់សកម្មភាពគម្រាមកំហែង គ្រប់រូបភាពទៅលើប្រជាពលរដ្ឋ ហើយត្រូវដោះលែងសកម្មជនបក្សរបស់ខ្លួន និងសកម្មជនដីធ្លីដោយឥតលក្ខខណ្ឌ។ សេចក្តីថ្លែងការណ៍ជាសាធារណៈដដែលនេះ បានសរសេរថា៖ «គណបក្សសង្គ្រោះជាតិ មានឆន្ទះក្នុងការដោះស្រាយបញ្ហានយោបាយ ដោយអហិង្សា សន្តិវិធី និងការសន្ទនារហូតមានកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា បានរំលោភលើស្មារតីនៃកិច្ចព្រមព្រៀងនេះ។»
ប៉ុន្តែការចាប់ខ្លួនទាំងអស់ខាងលើ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចតាំងពីជាង៣០ឆ្នាំ មកហើយនោះ ចាត់ទុកថា ជាការអនុវត្តច្បាប់ របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងសំណុំរឿងដែលពាក់ព័ន្ធ នឹងអំពើប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ របស់បុគ្គលទាំងនោះ។ ក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ ឆ្លើយតបភ្លាមៗ ក្នុងថ្ងៃដដែល ទៅនឹងការចោទរបស់គណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា បាន«ព្រមាន»គណបក្សប្រឆាំង ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការធ្វើសេចក្តីថ្លែងការណ៍មួយដែលត្រឹមត្រូវ និងមានផលប្រយោជន៍ ដល់សភាពការណ៍ជាតិ។ ការចាប់ខ្លួនកម្មជនដីធ្លី និងសកម្មជនគណបក្សសង្គ្រោះជាតិនោះ គ្មានអ្វីទាក់ទងដល់កិច្ចព្រមព្រៀង របស់គណបក្សទាំងពីរឡើយ។ ហើយគណបក្សប្រជាជនកម្ពុជា នៅតែគោរពកិច្ចព្រមព្រៀងបក្សទាំងពីរ ដើម្បីស្ថេរភាព វឌ្ឃនភាព និងភាពសុខដុមរមនា នៃសង្គមជាតិ។
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បដិសេធមិនធ្វើការបកស្រាយ ពីបញ្ហាចាប់ខ្លួននេះទេ។
ឯលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិវិញ បានអះអាងជាថ្មីទៀតថា ការចាប់ខ្លួនសកម្មជនទាំងដីធ្លី និងគណបក្សសង្គ្រោះជាតិនេះ ជាបញ្ហា នយោបាយ។ លោកថា រឿងកាលពីថ្ងៃទី១៥ ខែកក្កដា នៅស្ពាននាគនោះ ត្រូវបានបញ្ចប់ក្រោមជំនួបថ្ងៃទី២២ ខែកក្កដារួចមកហើយ។ ដូច្នេះការចាប់ខ្លួននេះ ជាការរំលោភឆន្ទះ និងបង្កបរិយាកាសអាប់អួក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរប្រាកដ។
ប៉ុន្តែក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានបរិហារទង្វើចាប់ខ្លួនដាក់ពន្ធនាគារទាំងនេះ ជាការអនុវត្តវិធានការថ្មីមួយ គេសវេសពីការទទួលខុសត្រូវរបស់អាជ្ញាធរ ខណៈពេលដែលអាជ្ញាធរខ្លួនឯង គ្មានសមត្ថភាពដោះស្រាយទុក្ខលំបាក របស់ពលរដ្ឋឲ្យបានពេញលេញ។ បន្ថែមពីលើនេះ មន្ត្រីជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ក៏បានថ្លែងដូចគ្នា ចាត់ទុកករណីចាប់ខ្លួន ថាជាការដាក់សម្ពាធផ្នែកនយោបាយនោះដែរ។
ដោយឡែកអង្គការឃ្លាំងមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា Human Rights Watch បានទទូចនៅថ្ងៃសុក្រនេះ ឲ្យម្ចាស់ជំនួយរបស់កម្ពុជា ដាក់សម្ពាធឲ្យខ្លាំងក្លាលើរដ្ឋាភិបាលកម្ពុជា ក្នុងករណីចាប់ខ្លួននេះ។ លោក ប្រ៊េដ អាដាម នាយកទទួលបន្ទុកក្នុងទ្វីបអាស៊ី នៃអង្គការនេះ បានលើកឡើងថា៖ «ការបង្រ្កាបទៅលើការតវ៉ាដោយសន្តិវិធីនេះ គឺជាការចំអកឡកឡឺយដល់ការធ្វើកំណែទម្រង់ ដែលរដ្ឋាភិបាលកម្ពុជាបានសន្យា»៕