មតិគណបក្សនយោបាយ ជុំវិញការរៀបចំសមាសភាពថ្មីនៃ គ.ជ.ប តាមរូបមន្ត ៤-៤-១
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ សីហា ២០១៤
- កែប្រែចុងក្រោយ: August 28, 2014
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាហេតុផល ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សជាប់ឆ្នោតទាំងពីរ តែងតែចោទប្រកាន់ទៅវិញទៅមក ពីលទ្ធផលដែលបានប្រកាសដោយគ.ជ.បនោះ។ គណបក្សសង្គ្រោះជាតិ មិនទទួលស្គាល់ឬទទួលយកលទ្ធផល ឯគណបក្សប្រជាជនកម្ពុជាវិញ បានទាមទាឲ្យទទួលយក នូវលទ្ធផលបោះឆ្នោតដែលប្រកាសដោយគ.ជ.ប មួយនោះ។
ក្រោយជំនួបថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ គណបក្សជាប់ឆ្នោតទាំងពីសម្រេចត្រូវរូវគ្នា ដោយជជែកពិភាក្សាលើបញ្ហានៃការបង្កើតឲ្យមាន គ.ជ.ប ថ្មីដែលគណបក្សនេះជឿជាក់ថាឯករាជ្យ និងអាចទទួលយកបានតាមរូបមន្ត៤-៤-១។ ជាមួយនឹងការព្រមព្រៀងខាងលើ មានគណបក្សនយោបាយមួយចំនួន ដែលបានចូលរួមបោះឆ្នោត តែមិនមានអសនក្នុងសភានោះ បានមកជួបជុំគ្នា ជាមួយអង្គការសង្គមស៊ីវិល ដែលរៀបចំឡើងដោយខុមហ្រ្វែល ពីបញ្ហាមួយចំនួនជុំវិញ គ.ជ.បថ្មីនេះ។ ខាងក្រោមនេះ ជាទស្សនៈរបស់គណបក្សទាំងនោះ៖
តាមទស្សនៈគណបក្សខ្មែរឈប់ក្រ តំណាងដោយលោក ស៊ុន វណ្ណរិទ្ធ បានលើកឡើងថា ៤-៤-១ នៅតែចាញ់នឹង«មួយ» ព្រោះមួយ ជាបុគ្គល«មាន»អំណាច បានលូក«ដៃ»ចូលក្នុងកិច្ចនានានៃដំណើរការ គ.ជ.ប នេះ ហើយនាំឲ្យសម្លេងទាំង៩បានក្លាយជា«សម្លេង»គ្មានន័យ។ លោកនិយាយថា៖ «មិនទទួលស្គាល់ថា សមាសភាពថ្មី(គ.ជ.ប)នេះ ជាសមាសភាពដែលឯករាជ្យ ព្រោះវាគ្រាន់តែជាសមាសភាពថ្មី និងការរៀបចំថ្មី ដើម្បីតែការបែងចែកអំណាច រវាងគណបក្សនយោបាយ ដែលមានអសនៈក្នុងរដ្ឋសភាតែប៉ុណ្ណោះ។ (...) នោះភាពមិនឯករាជ្យ គ្មានសម្លាភាព គ្មានយុត្តិធម៌ នៅតែមាន។»
ជាមួយគ្នានេះ ទស្សនៈគណបក្សខ្មែរឈប់ក្រ ចង់ឲ្យអ្នកនយោបាយទាំងអស់មានមនសិការ និងដំកល់ផលប្រយោជជាតិជាធំ។ បញ្ឈប់ការប្រើប្រាស់ប្រជារាស្រ្តខ្មែរជាឈ្នាន់ ដើម្បីតែ«អំណាច»របស់ខ្លួន។ បង្កើតគណកម្មការបណ្តោះអាសន្ន ដែលមានការចូលរូមគ្រប់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិរួមទាំងម្ចាស់ជំនួយផ្សេងៗ។ បន្ទាប់មក តាក់តែងនូវលក្ខខន្តិកៈមួយ ដើម្បីប្រកាស់ជ្រើសរើសសមាជិក គ.ជ.ប ជាសាធារណៈ។ ដោយប្រើរូបមន្ត ប្រជាពលរដ្ឋមួយរូប អង្គការសហប្រជាជាតិពីររូប និងមួយរូបចេញពីអង្គការសង្គមស៊ីវិល។
ចំពោះលោក ឃុន សុវ៉ាតខេត តំណាងគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ បានថ្លែងថា ការបង្កើតឲ្យមានកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា នាពេលកន្លងមកនេះ ជាវិធីសាស្រ្តមួយដែលគេហៅថា «កាត់ក្បាល តម្រូវមួក»។ លោកបានធ្វើការប្រៀបធៀបថា សង្គមខ្មែរជា«នីតិប្រតិបត្តិ» ឯសង្គមពិភពលោកជា«នីតិបញ្ញត្តិ»។ លោកចង់ឲ្យ គ.ជ.ប ដើរតួនាទីជាអង្គការ«នីតិប្រតិបត្តិ» ដូចជា«ដប» ឯអង្គការសង្គមស៊ីវិល ម្ចាស់ជំនួយ ត្រូវតែដើរតួជា«នីតិបញ្ញត្តិ»វិញ ជាគម្រប នោះទើបមានតម្លៃ។
ដោយឡែក លោក អ៊ី សាំងឡេង តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លើកឡើងថា លក្ខណៈសម្បត្តិរបស់ គ.ជ.ប គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ចំណុចសំខាន់ជាភារកិច្ច ជាដំណើរការ ជាការសម្រេចចិត្ត និងទោសទណ្ឌ នោះទើបជាករណីចាំបាច់ត្រូវពីចារណាបន្ថែម។ តើការដំណើរការនៃកិច្ចការទាំងនោះ នឹងធ្វើឡើងដោយរបៀបណា?។
តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ បានបន្ថែមថា ចំណុចពិសេសនោះ គឺការដាក់ទោសលើបុគ្គល (សមាជិក គ.ជ.ប) ដែលបានប្រព្រឹត្តល្មើស។ តើស្ថាប័នណាមួយ ដែលត្រូវកម្រិត និងដាក់ទោសទណ្ឌលើបុគ្គលល្មើសទាំងនោះ? ជាតុលាការ ឬជាស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ហើយស្ថាប័នទាំងនោះមានឯករាជ្យភាពឬនៅ? ហើយអ្នកអនុវត្តតាមបញ្ជានោះ មានភាពឯករាជ្យឬទេ?
ឯលោក ញឹក ប៊ុនឆៃ តំណាងគណបក្សហ្វុនស៊ីនប៉ិច បានលើកឡើងថា កិច្ចព្រមព្រាងថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤ នោះ មិនទាន់ស្របទៅតាមអ្វី ដែលប្រជាពលរដ្ឋចង់បានឡើយ។ ព្រោះមិនទាន់បានបង្ហាញនូវភាពឯករាជ្យសម្រាប់សមាសភាព គ.ជ.ប ថ្មីនេះ។ លោកបានគាំទ្ររូបមន្ត ៤-៤-១ ថាសម្រាប់តុល្យភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន។ តែបានស្នើមិនឲ្យរូបមន្តនេះ ប្រែក្លាយជារូបមន្ត ៤-៥(៤+១) ព្រោះតែ «១» មិនឯករាជ្យ ហើយធ្វើតាមការចង្អុលបង្ហាញ ដោយថ្នាក់ដឹកនាំគណបក្សនយោបាយណាមួយនោះ។
លោក គុយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ ដែលជាស្ថាបនិកនៃកិច្ចព្រមព្រាងថ្ងៃទី២២ ខែកក្កដា ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក បានបង្ហាញនូវគោលជំហមួយ ធ្វើយ៉ាងណាឲ្យស្ថាប័ន គ.ជ.ប មួយនេះ ធានាបាននូវការគាំទ្រ ពីភាគីចូលរួមការបោះឆ្នោត ដែលអាចទទួលយកបាននៃលទ្ធផលចុងក្រោយ។ មានន័យថា៖ «អ្នកឈ្នះ ឈ្នះដោយកិត្តិយស អ្នកចាញ់ ចាញ់ដោយយុត្តិធម៌»។
តំណាងគណបក្សសង្គ្រោះជាតិរូបនេះ បានបន្តថា ដើម្បីឈានដល់គោលដៅ និងគោលបំណងដែលចង់បានខាងលើ ត្រូវចាប់ផ្តើមពី«ស្មារតីនៃច្បាប់»ជាមុន។ លោកចង់បាន គ.ជ.ប មួយដែលមានសមាសភាព កើតចេញពីការជ្រើសរើសដោយទូលំទូលាយ ដោយចំហរ និងក្លាយជាស្ថាប័នធម្មនុញ្ញ និងឯករាជ្យ ដែលមានសមត្ថកិច្ចគ្រប់គ្រាន់ក្នុងការសម្រេច និងដោះស្រាយបញ្ហាច្បាប់មួយចំនួន ដែលពាក់ព័ន្ធ។
សូមរំលឹកថា ជំនួបពិភាក្សានៃគណបក្សនយោបាយខាងលើនេះ ត្រូវបានរៀបចំឡើង ដោយសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) នៅសណ្ឋាគាអ៊ីមភើរៀល រាជធានីភ្នំពេញកាលពីង្ងៃទី១៤ ខែសីហា ម្សិលម៉ិញនេះ។ តាមការបញ្ជាក់របស់អ្នករៀបចំកម្មវិធីនៃជំនួបនេះ សម្ព័ន្ធ ERA បានធ្វើការអញ្ជើញតំណាងគណបក្សប្រជាជនកម្ពុជា តែមិនឃើញមានការឆ្លើយតប ហើយក៏មិនបានចាត់តំណាងចូលរួមជជែកពិភាក្សាដែរ៕