មូលហេតុសំខាន់៣ ដែលធ្វើឱ្យតារាសម្តែងស្រីម្នាក់លោតទឹកសម្លាប់ខ្លួន
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ សីហា ២០១៤
- កែប្រែចុងក្រោយ: August 28, 2014
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងរ៉ាវនៃការលោតទឹកសម្លាប់ខ្លួន របស់ស្រ្តីដែលគេស្គាល់ថា ជាតារាសម្តែង ប៉ុន្តែមិនសូវមានឈ្មោះបោះសម្លេងប៉ុន្មានឡើយ នៅក្នុងពិភពសិល្បៈ បានល្បីខ្ទខ្ទារ ពេញបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើន ដែលបានធ្វើការចុះផ្សាយ អំពីករណីលោតទឹកសម្លាប់ខ្លួនរបស់នាង។
ស្ដ្រីវ័យក្មេង ដែលអាយុជាង២០ឆ្នាំ និងជាតារាសម្ដែង ប៉ងធ្វើអត្ដឃាត ដោយលោតសម្លាប់ខ្លួននេះ បានកើតឡើងកាលថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៤ កន្លងមកនេះ វេលាម៉ោង ប្រមាណ ៨ និង៣០នាទីព្រឹក នៅលើ ស្ពានជ្រោយចង្វារ ប៉ែកខាងកើតស្ថិតក្នុង ទឹកដី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ការសម្រេចចិត្ដធ្វើអត្ដឃាតដោយ លោតពីលើស្ពានខាងលើនេះត្រូវបានប្រភពនានា ក៏ដូចសារព័ត៌មួយចំនួនអះអាងថា នេះដោយសារតែ តែរូបនាងមានវិបត្ដិស្នេហាចុងក្រោយ ខណៈបុរសជាសង្សាររបស់ខ្លួន ដែលជាមន្ដ្រីថ្នាក់ឧត្ដមសេនីយ៍បានវាយនាង ទើបនាងតូចចិត្ដសម្រេច មកលោត កសម្លាប់ខ្លួនតែម្ដង។
ចំណែកឯប្រិយមិត្ត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងពីមូលហេតុ នៃការលោតទឹកសម្លាប់ខ្លួននេះដែរថា ដោយសារតែបុរសដែលជាសង្សាចុងក្រោយរបស់នាង ដែលមានងារឧត្ដមសេនីយ៍ មានប្រពន្ធរួចទៅហើយ រីឯការរស់នៅជាមួយនឹងបុរសវ័យចំណាស់នោះ ក្នុងនាមជាស្រីលួចលាក់តែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទើបណ្តាលឱ្យនាងគិតខ្លីលោតទឹកសម្លាប់។
ប៉ុន្តែការលើកឡើងខាងលើ ត្រូវបានតារាស្រីរូបនេះបដិសេធថា បច្ចុប្បន្ននាងមានស្នេហាជាមួយបុរសម្នាក់មានងារជាឧត្ដមសេនីយ៍មែន តែមិនមែនមានប្រពន្ធនោះទេ តែបុរសនោះនៅកំលោះ«ចេស»តែម្ដង។ ដោយសារតែនាង មិនអាចរស់នៅជាមួយគ្នាបាន ក៏បានសុំចែកផ្លូវគ្នាវិញ។ ហើយករណីដែលអះអាងថា ឧត្ដមសេនីយ៍រូបនោះ វាយធ្វើបាបលើរូបនាង មិនមែនជាការពិតនោះឡើយ។ កញ្ញាអាម៉ុច បានបញ្ជាក់ថា ឧត្ដមសេនីយ៍ម្នាក់នោះ មិនដែលធ្លាប់ធ្វើបាបនាងទេ ផ្ទុយទៅវិញ បុរសឧត្តមសេនីយ៍ស្រលាញ់នាងខ្លាំងណាស់។
គេហាទំព័រក្នុងស្រុកមួយ ដែលបានជួបសម្ភាសន៍ជាមួយនាង បានស្រង់សម្តីរបស់នាង រៀបរាប់ពីបញ្ហា៣ ដែលនាំឱ្យនាងសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន។
រឿងទី១៖ នាងតូចចិត្តនឹងខ្លួនឯង ដែលកើតមកជាក្មេងកំព្រាឪពុកតាំងពីវ័យ ១៣ ឆ្នាំ ហើយម្ដាយរបស់នាងមានស្វាមីថ្មី ចេញទៅរស់នៅអាមេរិកបាត់ ហើយមិនដែលនឹកនា នាងម្ដងណាឡើយ ដោយទុកឱ្យនាង រស់នៅតែម្នាក់ឯង។
រឿងទី២៖ គឺ មានវិបត្តិស្នេហាយ៉ាងធ្ងន់ធ្ងរបំផុត។ អាម៉ុច ប្រាប់ថា នាងធ្លាប់មានគូដណ្ដឹង ២លើកមកហើយ ប៉ុន្តែដល់ថ្ងៃរៀបការ គឺ គូដណ្ដឹង ទាំង ២ នោះ ស្លាប់ទាំងអស់។ ស្នេហាទី ១ អាម៉ុច មានគូដណ្ដឹងជាជនជាតិថៃ ដោយបានភ្ជាប់ពាក្យជាមួយគ្នា នៅសល់តែ ១ អាទិត្យប៉ុណ្ណោះ នាងត្រូវចូលរៀបអាពាហ៍ពិពាហ៍ ប៉ុន្តែ គូដណ្ដឹងរបស់នាង បានគាំងបេះដូងស្លាប់បាត់។ មិនបានប៉ុន្មានផង នាងបានជួបជាមួយបុរសជនជាតិជប៉ុនម្នាក់ទៀត គ្រាដែលដែលនាងរស់នៅ សាំងហ្គាពួរ។ ជាមួយស្នេហាទី២ នោះ បានឈានដល់ការភ្ជាប់ពាក្យដូចស្នេហាទី១ ដែរ តែនៅសល់ពេល ២ សប្ដាហ៍ ប៉ុណ្ណោះ ត្រូវរៀបអាពាហ៍ពិពាហ៍ ប៉ុន្តែជាអកុសល បុរសជប៉ុនម្នាក់នោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទៀត។
រឿងទី៣៖ អាម៉ុច បានប្រាប់ថា ថ្មីៗនេះ នាងទើបតែចាញ់បោកមិត្តភ័ក្ដិជិតស្និទ្ធម្នាក់ អស់ជាង ៤០០០ ដុល្លារ ក្នុងគម្រោងបើកហាងអ៊ុតសក់ជាមួយគ្នា។ មិត្តភ័ក្ដិរបស់នាង បានយកប្រាក់ និងគ្រឿងអលង្ការ រត់ចោលនាងបាត់ កាលពីប៉ុន្មានថ្ងៃមុននេះ៕