អ៊ី វ៉ា មិនព្រួយនឹងការរិះគន់ថា ប្រជាប្រិយភាពស្រុតចុះចុងឆ្នាំ២០១៣
ការគំាទ្រដែលតារាចម្រៀងស្រស់សោភា នាងអីវ៉ា ធ្លាប់មានពីអ្នកគាំទ្រភាគច្រើនជាយុវ័យនោះ ត្រូវបានប្រែប្រួល ដោយសារនៅចុងឆ្នាំនេះ តារាចម្រៀងរបស់ផលិតកម្មសាន់ដេរូបនេះ ហាក់ដូចជាស្ងាត់ មិនឃើញមានបទចម្រៀងល្បីៗទៀត ខណៈយុវតារាដទៃទៀតមានបទថ្មី និងម្នាក់ៗបណ្ដែតខ្លួនឡើង យ៉ាងព្រោងព្រាតនោះ។ យុវវ័យដែលធ្លាប់គាំទ្រនាងមួយចំនួនបានរអ៊ូថា បទចម្រៀងរបស់ អ៊ី វ៉ា មិនទាក់ទាញដូចមុនសោះ បើទោះជានាងមានសំឡេងល្អយ៉ាងណាក៏ដោយ។
តារាចម្រៀងវ័យក្មេង អ៊ីវ៉ា នៅមុនឡើងឆាកនៅស្ថានីយ៍ទូរទស្ស៍ ស៊ីធីអ៊ិន។ (រូបថត MONOROOM.info/ SamNeang)
តារាចម្រៀង - តារាច្រៀងដែលមានសម្លេងទាក់ទាញយុវ័យ នាងអ៊ី វ៉ា ចាប់ផ្តើមមានឈ្មោះល្បីត្រឹមតែអំឡុងពេលជិត២ឆ្នាំនេះប៉ុណ្ណោះ បើរាប់ចាប់តាំងពីនាងចូលច្រៀង ឲ្យផលិតកម្មសាន់ដេរមក។ ល្បីឈ្មោះ ដោយសារតែនាង មានទឹកដមសំឡេងខ្ពស់ ពិរោះរណ្តំចិត្ត បូករួមនឹងរូបសម្បត្តិស្រស់ស្អាត និងពេលឡើងច្រៀងម្ដងៗ ទាក់ទាញធ្វើឲ្យយុវវ័យឧស្សាហ៍លើកសរសើរ។នាងមានបទចម្រៀងបែបមនោសញ្ចេតនាល្បីៗជាច្រើន ដែលធ្វើឲ្យនាងអាចវាយលុកចូលទីផ្សារ ហើយថាសចម្រៀងរបស់នាង ក៏ត្រូវបានប្រិយមិត្តទិញយកទៅយ៉ាងសន្ធឹកសន្ធាប់ដែរ។
ប៉ុន្តែអ្វីដែលផ្លែកនោះគឺឈានចូលដល់ជិតបំណាច់ឆ្នាំ២០១៣នេះ អ៊ី វ៉ា អត់សូវមានបទចម្រៀងគួរឲ្យចាប់ចិត្តដិតអារម្មណ៍ខ្លាំងដូចមុន ខណៈដែលមានអ្នកចម្រៀងយុវវ័យដូចនាងម្នាក់ៗ សុទ្ឋតែមានបទចម្រៀងចេញលក់ថ្មីៗ។ តារាចម្រៀងខ្លះទៀត មិនមានចម្រៀងថ្មី តែខិតខំបញ្ចេញក្បាច់រាំពិសេសៗ នៅលើឆាកសម្ដែង ដើម្បីក្តាប់យកភាពទាក់ទាញនិងប្រជាប្រិយភាព ពីសាធារណៈជន កុំឲ្យមានភាពដដែលៗ។
ក្នុងពេលកំពុងមានវត្តមានច្រៀងក្នុងកម្មវិធី«តន្ត្រីថ្ងៃអាទិត្យ» របស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន កាលពីពេលថ្មីៗនេះ។ តារាចម្រៀងខ្ពស់ស្រឡូន មានឈ្មោះពិត«ឃីង ស្រីនិច» ហៅអ៊ី វ៉ា បានមកសម្តែងហើយរំលេចដោយ ឈុតសម្លៀកបំពាក់ទំនើបត្រូវចិត្តយុវវ័យទាន់សម័យ បានអះអាងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅខាងក្រោយឆាកថា នាងបានដឹងព័ត៌មានរិះគន់ពីនាង គ្មានបទចម្រៀងអីថ្មីលេចធ្លោដូចមុន។ នាងបានឆ្លើយតបថា «ទោះបីនោះជាការយល់ឃើញរបស់ប្រិយមិត្តក៏ដោយ ក៏នាងខ្ញុំមានបទចម្រៀងថ្មីចាស់ ជាច្រើនទៀតលក់នៅលើទីផ្សារដូចតារាដ៍ទៃដែរ»។
នាង អ៊ី វ៉ា បានឲ្យដឹងទៀតថា មិត្តអ្នកស្តាប់បានយល់ច្បាស់ហើយ ព្រោះកន្លងមក នាងមិនហ៊ានថាខ្លួនឯងល្អ ឬអន់ជាងគេនោះទេ។ នាងបានបញ្ជាក់ថា «នាងខ្ញុំសម្តែង ទុកឲ្យមហាជនដាក់ពិន្ទុ បើល្អសប្បាយចិត្ត តែបើគេថាមិនល្អនាងនឹងកែប្រែចំនុចខ្វះខាត ដើម្បីវិវត្តន៍ខ្លួនបន្តទៀត។ ពោលគឺនាងខ្ញុំមិនខឹងគេរិះគន់ទេ វាជាការល្អទៅវិញទេ ដើម្បីកុំឲ្យខុសលើកក្រោយ។»
ក្រោមសំនួរអ្នកសារព័តមាន សួរថា ក្រៅពីច្រៀង អ្នកសិល្បៈឥឡូវនេះចេះរាំ នឹករកក្បាច់រាំៗជាមួយក្រុមរាំផ្សេងៗ មើលទៅត្រសងគ្នា ហើយមានការប្រជែងគ្នា ខណៈរូបនាងមានតែបទចម្រៀងកម្សត់ តែមិនសូវជាឃើញច្រៀងបទញាក់នោះ? តារាចម្រៀងស្រីស្រ់ នាង អ៊ី វ៉ា បានត្រឹមតែញញឹម ហើយនិយាយថា នាងអត់ហ៊ានប្រាប់ថាធ្វើបានចេះរាំដូចគេមុនទេ ចាំដល់ពេលនោះគឺបងប្អូនដឹងច្បាស់។ តែនាងទទួលយល់ព្រមថាអ្នកចម្រៀងពូកែ ត្រូវរកចំនុចប្លែក ហើយនាងក៍ត្រូវតែដើរឲ្យទាន់ចំនុចនេះដែរ៕
សូមទស្សនាចម្រៀងកាយវិការមួយបទរបស់នាង ដែលច្រៀងក្នុងផលិតកម្ម សាន់ដេ៖
-----------------------------------------------
ដោយ ៖ សំ នៀង - ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ