ព្រាប សុវត្ថិ បង្ហាញមោទនភាពខណៈបានសហការជាមួយសហភាពអឺរ៉ុប
«អរគុណ ហើយក៏ខ្ញុំសប្បាយរីករាយក្នុងការធ្វើការងារនេះ!» នេះជាការលើកឡើងរបស់លោក ព្រាប សុវត្តិ បន្ទាប់ពីលោកមានវត្តមាន នៅក្នុងកម្មវិធីអបអរខួបលើកទី ៦៤មានការផ្សាយផ្ទាល់ ពីស្ថានីយទូរទស្សន៍ MYTV លោកត្រូវបានសហការជាមួយសហភាព អឺរ៉ុប ធ្វើការនៅកម្ពុជាដើម្បីប្រយោជន៍សង្គមជាតិ។
លោក ព្រាប សុវត្ថិ ទទួលកញ្ចប់និមិត្តរូប ពីលោក ហ្សង់ ហ្វ្រង់ស៊័រ កូតាំង (Jean Francois Cautain) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា។ (រូបថតហ្វេសប៊ុក)
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
-----------------------
តារា - លោក ព្រាប សុវត្ថិ បានបង្ហាញពីអារម្មណ៍មោទនភាពយ៉ាងខ្លាំង ខណៈដែលលោកត្រូវបានសហភាពអឺរ៉ុបជ្រើសរើស ឱ្យចូលរួមសកម្មភាពក្នុងការជួយកាត់បន្ថយ ភាពក្រីក្រ លើកស្ទួយវិស័យអប់រំ លើកកំពស់សិទ្ធិមនុស្ស និងសកម្មភាពជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ ការសម្តែងអារម្មណ៍មោទនភាពនេះក្រោយពីលោក បានបង្ហាញវត្តមាន បកស្រាយបទចម្រៀង អបអរខួបលើកទី ៦៤ និងចូលរួមសហការ ជាមួយសហភាពអឺរ៉ុប ជាលើកដំបូង ដោយមានការផ្សាយផ្ទាល់ ពីស្ថានីយទូរទស្សន៍ MYTV ។
តាមរយៈទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Preap Sovath ដែលគេជឿថាជាទំព័ររបស់តារាចម្រៀង ដែលឈរជាតារាខ្មែរលំដាប់កំពូលលើឆាកជាតិ និងអន្តរជាតិរូបនេះ គេឃើញមានរៀបរាប់ដោយក្តីមោទនភាពថា៖ «នេះជាសេចក្តីរំភើបមួយ ដែលខ្ញុំ (ព្រាប សុវត្ថិ) បានចូលរួមសកម្មភាព ជាមួយសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ហើយក៏អរគុណដល់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដែលបានជួយកាត់បន្ថយភាពក្រីក្រ លើកស្ទួយវិស័យអប់រំ លើកកំពស់សិទ្ឋិមនុស្ស និងសកម្មភាពជាច្រើនទៀត»។
ទំព័រនោះបានសរសេរបន្តថា៖ «នេះជាមោទនភាពមួយ ដែលយើងបានធ្វើការរួមគ្នា ក្នុងស្នាមញញឹមមួយល្អ ដើម្បីភាពរីកចំរើនក្នុងប្រទេសកម្ពុជា។ អរគុណ ហើយក៏ខ្ញុំសប្បាយរីករាយក្នុងការធ្វើការងារនេះ!»។
នេះជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបានកើតឡើងម្តងទៀត ពីតារាចម្រៀងដ៏ល្បីរូបនេះ បន្ទាប់ពីលោកទើបនឹងជាប់ឈ្មោះ ក្នុងបញ្ជីប្រកួតប្រជែងរើសតារាចម្រៀងលំដាប់ពិភពលោក។ អង្គទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុនស្រាបៀអង្គររូបនេះ ត្រូវបានជ្រើសជាតំណាងឲ្យប្រទេសកម្ពុជា ចេញទៅច្រៀងឬសម្ដែងនៅក្រៅប្រទេស ជាច្រើនលើកច្រើនសារមកហើយ៕