ក្រុម​​សមាជិក​​សភា​​អ៊ឺរ៉ុប​ព្រមាន​រដ្ឋាភិបាល​​ខ្មែរ​ ពី​ផល​រមាស់​ដល់​កិច្ច​សហប្រតិបត្តិការ អ៊ឺរ៉ុប-កម្ពុជា

សមាជិកសភាអ៊ឺរ៉ុបមួយក្រុម ដែលជាសមាជិក របស់«ក្រុមមិត្តភ័ក្រ ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា» បានចេញសេចក្ដីថ្លែងការណ៍ ជាសាធារណៈមួយ នៅមុននេះ បញ្ជាក់ជាថ្មី ពីរាល់ចំណុចក្នុងសេចក្ដីសម្រេចមួយ របស់សភា​អ៊ឺរ៉ុប ចុះថ្ងៃទី១៣ ខែកញ្ញា និងរំលឹករដ្ឋាភិបាលកម្ពុជា ឲ្យអនុវត្តន៍តាមអនុសាសន៍ របស់[ព្រះអង្គម្ចាស់]ស្នងការជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដែលបានថ្លែងកាលពីថ្ងៃទី ៤ ខែកញ្ញា មួយថ្ងៃក្រោយប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន។
ក្រុម​​សមាជិក​​សភា​​អ៊ឺរ៉ុប​ព្រមាន​រដ្ឋាភិបាល​​ខ្មែរ​ ពី​ផល​រមាស់​ដល់​កិច្ច​សហប្រតិបត្តិការ អ៊ឺរ៉ុប-កម្ពុជា
អង្គប្រជុំពេញអង្គមួយ របស់សភាអ៊ឺរ៉ុប ក្នុងក្រុងស្ត្រាស្បួរ ប្រទេសបារាំង។ (រូបថតសភាអ៊ឺរ៉ុប)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 13, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យើងសូមសំដែង នូវទុក្ខកង្វល់របស់យើង ឥតឧបមា» នៅចំពោះចំណាត់ការ​ចុងក្រោយបង្អស់ ពីសំណាក់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងជំហាន​ទៅរំលាយ គណបក្សសង្គ្រោះជាតិ និងការធ្វើវិសោធនកម្មច្បាប់ជាច្រើន យ៉ាងតក់ក្រហល់ ពីសំណាក់រដ្ឋសភាគណបក្សប្រជាជនកម្ពុជា (កាន់អំណាច) ដើម្បី​បែង​ចែក​អាសនៈ​សភា របស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សផ្សេងទៀត ដែលទទួលបានការគាំទ្រតិចតួច ពីពលរដ្ឋម្ចាស់ឆ្នោត។

នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅមុននេះ ពីសំណាក់សមាជិកសភាអ៊ឺរ៉ុបមួយក្រុម ដែលជាសមាជិករបស់ «ក្រុមមិត្តភ័ក្រ ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា» ដែលហៅជាភាសាអង់គ្លេស «Informal Group of Friends in Support of Democracy in Cambodia»។

សេចក្ដីថ្លែងការណ៍ ដែលធ្វើពីរាជធានី ព្រុយហ្សែល ប្រទេសប៊ែលហ្សិក បានបន្តថា៖ «ជាមួយនឹងការបោះឆ្នោតជាតិ ដែលខិតជិតមកដល់ ក្នុងខែកក្កដា ឆ្នាំ២០១៨ខាងមុខ ព្រមទាំងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំ ក្នុងមន្ទីរឃុំឃាំងនៅឡើយ យើងជឿជាក់ថា ការបង្ក្រាបថ្មីៗទៅលើគណបក្សប្រឆាំង នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដែលកំពុងផុយស្រួយស្រាប់ - ដល់សម្លេងពហុនិយម - ដល់នីតិរដ្ឋ និងដល់សិទ្ធិនយោបាយ របស់ពលរដ្ឋកម្ពុជា»។

«ក្រុមមិត្តភ័ក្រ ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា» ដែលមានលោក «Petras Auštrevičius» (សមាជិកសភាអ៊ឺរ៉ុប មកពីប្រទេសលីទុយអានី) ជាប្រធាន និងដែលត្រូវបានបង្កើតឡើង ក្នុងខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ជាថ្មីឡើងវិញ អំពីរាល់ចំណុច ដែលមានចែង​ក្នុង​សេចក្ដីសម្រេចរបស់​សភាអ៊ឺរ៉ុប ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងមក។ សេចក្ដីសម្រេចនោះ ដែលមានដាក់បញ្ចូល នូវវិធានការចំនួន ១០ចំណុច ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នយោបាយចុងក្រោយ នៅកម្ពុជា។

ក្រុមសមាជិកសភាអ៊ឺរ៉ុប នៅបានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យអនុវត្តន៍ដោយគ្មានបង្អង់ នូវអនុសាសន៍ របស់របស់[ព្រះអង្គម្ចាស់]ស្នងការជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដែលបានថ្លែងកាលពីថ្ងៃទី ៤ ខែកញ្ញា មួយថ្ងៃក្រោយប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន។ សេចក្ដីថ្លែងការណ៍ បានបន្តថា៖ «រដ្ឋាភិបាលត្រូវបញ្ឈប់ជាបន្ទាន់ នូវចំណាត់ការផ្លូវច្បាប់ទាំងឡាយណា ដែលឈានទៅរំលាយគណបក្សសង្គ្រោះជាតិ ហើយត្រូវលុបចោល នូវរាល់​លក្ខខណ្ឌទាំងអស់ ដើម្បីធានាឲ្យបាន នូវការប្រកួតប្រជែងមួយ ដោយសេរី និងយុត្តិធម៌ នៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨ខាងមុខ»។

«ក្រុមមិត្តភ័ក្រ»នៅក្នុងសភាអ៊ឺរ៉ុបទាំងនេះ បានបញ្ចប់សេចក្ដីថ្លែងការណ៍របស់ខ្លួន ដោយភាសាព្រមាន​ដូច្នេះ៖ «លើសពីនេះទៀត យើងព្រួយខ្លាចថា ទង្វើរបស់រដ្ឋាភិបាលកម្ពុជា អាចនឹងបង្ក ឲ្យមានផល់រមាស់យ៉ាងធ្ងន់ធ្ងរ ទៅដល់កិច្ចសហប្រតិបត្តិការ រវាងសហភាពអ៊ឺរ៉ុប និងកម្ពុជា»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...