ទៀ បាញ់ បញ្ជាឲ្យទាហានលេងហ្វេសប៊ុក!
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: January 28, 2016
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅវេលានេះ «ហ្វេសប៊ុក» មិនមែនគ្រាន់ជាបណ្ដាញសង្គម ដែលមានលក្ខណៈឯកជន ឬត្រូវបានបណ្ដាជនទាំងឡាយ ចូលទៅលេង ដើម្បីជាការកំសាន្ដ ជួបជាមួយមិត្តភ័ក្ត សមាជិកគ្រួសារ និងទទួលបានព័ត៌មានផ្សេងៗ ដែលជារឿងធម្មតាក្នុងជីវិតនោះទេ។ ព្រោះបើតាមអតីតបក្ខជនមួយចំនួន ដែលធ្វើជាមន្ត្រីគ្រាក់ៗ តាំងពីជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជាមក កំពុងចាត់ទុកបណ្ដាញសង្គមមួយនេះ ថាជាប្រព័ន្ធបច្ចេកវិទ្យា «យ៉ាងទំនើបគ្មានពីរ» ដើម្បីយកមកបម្រើ ក្នុងវិស័យការពារជាតិ និងជាពិសេស សម្រាប់យកមកប្រើប្រាស់ ក្នុងការបញ្ជា ទៅកាន់ពលទាហានទាំងអស់ ពីសំណាក់បុរសខ្លាំងម្នាក់ មានងារជាសម្ដេច«តេជោ»។
ដូចនៅក្នុងករណី របស់លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសកម្ពុជា ដែលបានដាក់បទបញ្ជាមួយយ៉ាងពិសេស ទៅកាន់នាយទាហានតាមផ្នែកទាំងអស់ ថាត្រូវតែខិតខំបង្កើនសមត្ថភាព បច្ចេកវិទ្យាព័ត៌មាន ទូរស័ព្ទស្មាតហ្វូន និងតាមដានព័ត៌មាន បណ្តាញសង្គម Facebook និងព័ត៌មានប្រចាំថ្ងៃ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទទួលបានបទបញ្ជាផ្សេងៗ ពីបុរសខ្លាំងកម្ពុជារូបនេះ។
ការថ្លែងរបស់លោក ទៀ បាញ់ ខាងលើនេះ បានធ្វើឡើង នៅក្នុងពិធីជួបសំណេះសំណាល ជាមួយបណ្តាកងទ័ពជើងទឹក នៅបញ្ជាការដ្ឋានទ័ពជើងទឹក កាលពីពេលថ្មីៗនេះ។ លោក ទៀ បាញ់ ដែលមានពាក់ផ្កាយមាសច្រើនគ្រាប់ នៅលើស្មារ បាននិយាយពន្យល់ ឲ្យនាយទាហានតាំងពីអង្គភាពតូចៗ រហូតអង្គភាពធំៗ ត្រូវតាមដានព័ត៌មានទាំងឡាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ តែមិនមែនតាមដានព័តមាន នៅទំព័រណាផ្សេងទេ ព្រោះបទបញ្ជានោះ បានបង្គាប់ឲ្យទាហាន ត្រូវតាមដានតែទំព័រ របស់លោក ហ៊ុន សែន មួយតែប៉ុណ្ណោះ។ លោក ទៀ បាញ់ បានបញ្ជាក់ទៀតថា ការតាមដានព័ត៌មាន ពីទំព័រផ្លូវការរបស់លោក ហ៊ុន សែន នោះ គឺដើម្បីប្រមូលផ្តុំចងក្រងជាឯកសារ ដើម្បីយកទៅផ្សព្វផ្សាយ និងអប់រំរៀនសូត្របន្ត នៅក្នុងអង្គភាពទ័ព។
បទបញ្ជាដ៏ពិសេសខាងលើ មិនបានលំអិតផងទេ ថាតើ«ស្មានហ្វូន» ដែលជាសម្ភារៈដ៏សំខាន់ ក្នុងការអនុវត្តបទបញ្ជានេះ នឹងត្រូវលោក ទៀ បាញ់ ឬក្រសួងការពារជាតិ បំពាក់ឲ្យក្រុមទាហានទាំងនោះ ឬយ៉ាងណា? នេះ គេនៅមិនទាន់និយាយដល់ ថាតើការភ្ជាប់ ទៅកាន់បណ្ដាញអ៊ីនធើណែតចល័ត (ដើម្បីលេងហ្វេសប៊ុក នៅក្នុងស្មានហ្វូនបាន) ដែលនៅតែមានតម្លៃថ្លៃនៅឡើយ នៅក្នុងប្រទេសកម្ពុជា នឹងត្រូវជាបន្ទុករបស់ថវិកាជាតិដែរនោះឡើយ។
លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ច្រើនជំនាន់ និងជាអ្នកវិភាគ ប្រចាំឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានថ្លែងថា បទបញ្ជាខាងលើនេះ បានអះអាងកាន់តែខ្លាំង ថាកងកម្លាំងជាតិកម្ពុជា មិនមានអព្យាក្រិត្យភាព នៅក្នុងតួនាទី និងតំណែងនោះទេ។ លោកបានអះអាងទៀតថា ពិសេសជាងនេះ វាជាបទបញ្ជាមួយ ដែលបង្ហាញពីកំសោយនៃប្រព័ន្ធការពារជាតិ របស់ប្រទេសកម្ពុជា ដែលបែរជាទៅពឹងផ្អែក ទៅលើបណ្ដាញសង្គមមួយទៅវិញ។ លោកបានចោទសួរថា តើក្រសួងការពារជាតិកម្ពុជា គ្មានសមត្ថភាព ក្នុងការផ្សព្វផ្សាយអប់រំជួរកងទ័ព ដោយមធ្យោបាយកងទ័ពរបស់ខ្លួនទេ ឬយ៉ាងណា?
អតីតមន្ត្រីចាស់វស្សា មកពីប្រទេសកម្ពុជារូបនេះ បានថ្លែងទៀតថា៖ «ឲ្យទាហានលេងហ្វេសប៊ុក ដូចបង្រៀនឲ្យខ្លាដុះស្លាប។ ព្រោះនៅលើហ្វេសប៊ុក លោក ទៀ បាញ់ មិនអាចហាមឃាត់ មិនឲ្យទាហានទាំងនោះ មើលឃើញ ពីព្រឹត្តិការណ៍សង្គមផ្សេងៗ ដែលត្រូវបានបង្ហោះ នៅលើនោះឡើយ។ លោក ទៀ បាញ់ និងលោក ហ៊ុន សែន បែបប្រហែលជាភ្លេចហើយថា នៅក្នុងសង្គម ក៏មានឪពុកម្ដាយមីងមាបងប្អូន របស់ក្រុមទាហានទាំងនោះដែរ។»៕