រដ្ឋមន្ត្រីការបរទេសអាមេរិកស្នើ ហ៊ុន សែន ឲ្យគោរព«លិទ្ធិប្រជាធិបតេយ្យ»
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: January 27, 2016
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងជំនួបកាលពីថ្ងៃអង្គារ ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់ប្រទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃេរី (John Kerry) បានលើកឡើងជាថ្មី ពីសារៈសំខាន់នៃលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា បើទោះជាអាមេរិកបានសាទរ ពីសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសនេះ មានសភាពខ្លាំងក្លា គួរឲ្យកត់សំគាល់ក៏ដោយ។
បន្ទាប់ពីការពិភាក្សា ដែលមានលក្ខណៈ«ត្រង់ទៅត្រង់មក» ជាមួយបុរសខ្លាំងកម្ពុជា ដែល«អង្គុយ» នៅក្នុងតំណែងជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៨៥មកនោះ ប្រមុខការទូតអាមេរិក បានថ្លែងនៅចំពោះអ្នកសារព័ត៌មាន ពីក្ដីសង្ឃឹមរបស់លោក ថាមេដឹកនាំកម្ពុជាទាំងអស់ នឹងបង្កើតឲ្យមាន នូវលិទ្ធិប្រជាធិបតេយ្យពហុបក្ស កាន់តែខ្លាំងឡើងថែមទៀត។
នៅក្នុងការថ្លែងរបស់លោក ឃេរី ដែលទំនងជាសំដៅ ទៅរកការបង្ក្រាបក្រុមអ្នកប្រឆាំងផ្នែកនយោបាយ ជាពិសេសទៅលើមេដឹកនាំ គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី រហូតមេដឹកនាំប្រឆាំងរូបនេះ ត្រូវបង្ខំចិត្តភៀសខ្លួន ចេញក្រៅប្រទេសជាថ្មីទៀតនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ទៀតថា គ្រប់តំណាងរាស្ត្រទាំងអស់ ត្រូវមានអំណាចធ្វើការងាររបស់ពួកគេ ដោយគ្មានការបារម្ភ ពីការវាយប្រហារ ឬពីការចាប់ខ្លួន។ លោក ឃេរី បានអះអាងទៀតថា នៅមុនការបោះឆ្នោតសកលឆ្នាំ២០១៨ វាពិតជាមានសារៈសំខាន់ណាស់ ដែលគេត្រូវបង្កើត ឲ្យមាននូវការជជែកពិភាក្សាគ្នាមួយ ប្រកបដោយថាមពល និងមានភាពរលូន។
គ្មានទៀតទេ វប្បធម៌សន្ទនា...
ភាពល្អូកល្អឺន រហូតញ៉ាំបាយក្នុងតុជាមួយគ្នា រវាងគ្រួសារលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានកើតឡើង ក្នុងរយៈពេលដ៏ខ្លីមួយតែប៉ុណ្ណោះ មុននឹងភាពតានតឹងផ្នែកនយោបាយ ដោយការចាប់ចងក្រុមអ្នកប្រឆាំង បានកើតឡើងជាថ្មីទៀត នៅក្នុងប៉ុន្មានខែចុងក្រោយ។ ប៉ុន្តែភាពល្អូនល្អឺននោះ ក៏បានកើតមានឡើង បន្ទាប់ពីការបង្ក្រាបយ៉ាងបង្ហូរឈាម ដោយអាជ្ញាធរគ្រប់គ្រង ដោយលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ទៅលើរលកចលនាប្រឆាំង ដែលបានធ្វើបាតុកម្មយ៉ាងគគ្រឹកគគ្រេង នៅតាមដងផ្លូវ បន្ទាប់ពីការបោះឆ្នោត ដែលពោរពេញដោយភាពមិនប្រក្រតី កាលពីឆ្នាំ២០១៣កន្លងមកនោះដែរ។
អ្នកដែលហ៊ានបញ្ចេញមតិលើសលួស នៅលើបណ្ដាញសង្គម ដូចជា«ចង់សម្លាប់លោក ហ៊ុន សែន» ឬដូចជាចង់«បង្កើតបដិវត្តន៍ពណ៌» ជាដើមនោះ ក៏ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន ដាក់ពន្ធនាគារដែរ បើទោះជាអ្នកទាំងនោះ មិនមានសកម្មភាព ឬគ្មានសមត្ថភាពទៅធ្វើ ដូចការ«សរសេរ» ឬដូចការ«បញ្ចេញមតិ» នោះក៏ដោយ។
លោក ចន ឃែរី ដែលបានជួបជាមួយលោក កឹម សុខា ប្រធានស្ដីទី របស់គណបក្សសង្គ្រោះជាតិដែរនោះ បានបន្តស្នើទៀតថា ភាពជាដៃគូរយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា «ត្រូវដើរទន្ទឹមគ្នា ជាមួយនឹងការគោរពសិទ្ធិមនុស្ស សេរីភាពជាសកល និងអភិបាលកិច្ចល្អ»។
សារដ៏ច្បាស់...
បន្ថែមពីលើក្រុមអ្នកប្រឆាំងផ្នែកនយោបាយ រដ្ឋាភិបាលលោក ហ៊ុន សែន បានរងការរិះគន់ទៀត ថាបានធ្វើការបំបិតសិទ្ធិសេរីភាព ទៅលើក្រុមអង្គការសមាគម និងសហជីព ដែលធ្វើការផ្នែកសង្គមនោះផង។ ក្នុងរយៈពេលចុងក្រោយនេះ ច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលទើបនឹងត្រូវបានរដ្ឋសភាកម្ពុជាអនុម័ត បានរងការរិះគន់ថា វាគឺជាច្បាប់ ដែលក្លាយជាឈ្នាន់ ដើម្បីអាចឲ្យរដ្ឋាភិបាល យកទៅធ្វើការកំហិត ទៅលើសកម្មភាព ឬការងារបម្រើសង្គមជាមូលដ្ឋាន ររបស់ក្រុមសង្គមស៊ីវិល ដែលប្រកាន់និន្នាការឯករាជ្យ ឬដែលមិនស្និតនឹងរដ្ឋាភិបាល។
ចំពោះអ្នកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាវិញ បានថ្លែងឡើងថា រដ្ឋមន្ត្រីការបរទេសអាមេរិក បានផ្ញើរសារដ៏«ច្បាស់»មួយ ពីលើ«អាទិភាព»របស់ប្រទេសអាមេរិក ដែលមិនសំដៅ ទៅលើករណីសេដ្ឋកិច្ច តែមួយមុខនោះឡើយ។ អ្នកស្រីបានទាមទារ ទៅកាន់រដ្ឋបាលរបស់រដ្ឋាភិបាលអាមេរិក ឲ្យតាមឃ្លាំមើលពីការអនុវត្ត ទៅលើកិច្ចសន្យាទាំងនេះ នៅក្នុងជំនួបកំពូលរវាងអាស៊ាន (Asean) និងអាមេរិក ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៥-១៦ ខែកុម្ភៈខាងមុខ នៅក្នុងរដ្ឋកាលីហ្វ័នី (ភាគខាងលិចសហរដ្ឋអាមេរិក) ជាមួយនឹងវត្តមានរបស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកនោះផង៕