បារាំងប្រាប់កម្ពុជាជាថ្មី ឲ្យងាកមករកមាគ៌ាប្រជាធិបតេយ្យសេរីពហុបក្សវិញ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារាំង ថ្ងៃទី២៦ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 29, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអ៊ឺរ៉ុប និងការបរទេស របស់ប្រទេសបារាំង លោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) បានសំដែងការព្រួយបារម្ភរបស់លោក ចំពោះព្រឹត្តិការណ៍ចាប់ចង ប្រធានគណបក្សប្រឆាំងដ៏សំខាន់ជាងគេ និងការបិតប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងនេះ ធ្វើឡើងដោយផ្ទាល់ ទៅកាន់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់ប្រទេសកម្ពុជា នៅខណៈពេល ដែលលោករដ្ឋមន្ត្រីបារាំង បានទទួលជួបរដ្ឋមន្ត្រីកម្ពុជា ក្នុងអាគារក្រសួងការបរទេសបារាំង ហៅវិមាន «Quai d'Orsay» កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមក។
នៅក្នុងការសំដែងក្ដីបារម្ភនោះ ប្រមុខការទូតបារាំង លោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ បានគូសបញ្ជាក់ ពីភាពចាំបាច់សម្រាប់ប្រទេសកម្ពុជា នៅពេលដែលការបោះឆ្នោតជាតិ នឹងឈានចូលមកដល់ នៅឆ្នាំក្រោយ ក្នុងការងាកមករកមាគ៌ា នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសេរីភាព ជាមូលដ្ឋានឡើងវិញ (Reprendre la voie d’une démocratie pluraliste, respectueuse des droits de l’Homme et des libertés fondamentales)។
នេះជាប្រតិកម្មលើកទីពីរហើយ របស់ប្រទេសបារាំង បន្ទាប់ពីប្រតិកម្មលើកទីមួយ ដែលត្រូវបានក្រសួងការបរទេសបារាំង ចេញផ្សាយនៅមួយថ្ងៃ ក្រោយការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានធ្វើឡើង កាលពីយប់រំលងអាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមបទចោទមួយ ទាក់ទងទៅនឹងការថ្លែង របស់ប្រធានគណបក្សប្រឆាំងរូបនេះ កាលពីជិតបួនឆ្នាំកន្លងទៅ។
សេចក្ដីថ្លែងការណ៍ របស់ក្រសួងអ៊ឺរ៉ុប និងការបរទេសបារាំង នៅពេលនោះ បានសង្កត់ធ្ងន់ថា៖ «ការចាប់ខ្លួននេះ ធ្វើឡើង បន្ទាប់ពីមានវិធានការរឹតបន្តឹង សេរីភាពបញ្ចេញមតិ និងសេរីភាពសមាគម នៅក្នុងប្រទេស ដែលនាំឱ្យ មានការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួន»។
អត្ថបទប្រតិកម្មភ្លាមៗ របស់ប្រទេសមហាអំណាច និងជាប្រទេសហប្រធានកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ មួយនេះ បានបញ្ជាក់បន្តថា៖ «ប្រទេសបារំាងអំពាវនាវ ឱ្យអាជ្ញាធរកម្ពុជាប្រកាន់ យកមាគ៌ាប្រជាធិបតេយ្យ ដ៏គួរឱ្យទុកចិត្តឡើងវិញ ក្នុងដំណើរឆ្ពោះ ទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០១៨។ ជាមួយដៃគូអឺរ៉ុបនានា ប្រទេសបារាំងស្ថិតនៅក្បែរអាជ្ញាធរកម្ពុជា ដើម្បីគាំទ្រការប្រឹងប្រែងរបស់ពួកគេ នៅក្នុងទិសដៅនេះ។»៕