អង្គការ​ខ្មែរ-អាមេរិកាំង​មួយ នឹង​ធ្វើ​បាតុកម្ម​ស្នើ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល ហ៊ុន សែន

អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ដែលហៅជាភាសាអង់គ្លេស «Cambodia-America Alliance (CAA)» កំពុងត្រៀម​រៀបចំ​ធ្វើ​បាតុកម្ម​មួយ នៅ​ថ្ងៃ​ទី១០ ខែ​មិថុនា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីជំរុញឲ្យសភាសហរដ្ឋអាមេរិក​អនុម័ត​ច្បាប់ ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ការបរទេស​អាមេរិក ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូក ទៅលើ​រដ្ឋាភិបាលលោក ហ៊ុន សែន។
អង្គការ​ខ្មែរ-អាមេរិកាំង​មួយ នឹង​ធ្វើ​បាតុកម្ម​ស្នើ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល ហ៊ុន សែន
ការលើកបដារបស់បាតុករខ្មែរ-អាមេរិកាំង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦កន្លងមក ដើម្បីប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត នៅអាមេរិក។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៨ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 18, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អង្គការសម្ព័ន្ឋមិត្តខ្មែរ-អាមេរិកាំង នឹងរៀបចំធ្វើបាតុកម្ម នៅមុខអាគារសភាសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី​១០ ខែមិថុនា ឆ្នាំ២០១៦» នេះជាអ្វី ដែលគេអាចអានបាន នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង ដែលហៅជាភាសាអង់គ្លេស «Cambodia-America Alliance» ចេញផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលម៉ិញ។

សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរទៀតថា៖ «យើងធ្វើបាតុកម្ម ដើម្បីជម្រុញឲ្យសភាសហរដ្ឋអាមេរិក អនុម័តច្បាប់ដើម្បីទាមទារ ឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូត ទៅ​លើ​រដ្ឋាភិបាល ហ៊ុន សែន រហូតទាល់តែមានការដោះលែង អ្នកទោសនយោបាយ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជនដ៏ទៃទៀត ឲ្យមានសេរីភាព។»

អង្គការដដែលនេះ ក៏នឹងទាមទារទៅសភាអាមេរិក ឲ្យមានការអនុម័ត្តច្បាប់ ស្តីពីការបង្កើតនូវ​ក្រុម​ទាក់ទង​កម្ពុជា ដើម្បីធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងធានាការផ្ទេរអំណាច ដោយសន្តិវិធីនៅកម្ពុជា។ អង្គការ​សម្ព័ន្ធមិត្តខ្មែរ-អាមេរិកបានធ្វើការអំពាវនាវ ទៅកាន់សហគមន៍ខ្មែរនៅជុំវិញពិភពលោក ឲ្យ​ចូលរួម​ដឹកនាំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅតាមសាលាក្រុង សភាជាតិ និងស្ថានទូតខ្មែរនានា នៅតាមបណ្ដា​ប្រទេស​​រៀងៗ​​ខ្លួន នៅថ្ងៃទី១០ ខែមិថុនា ខាងមុខនេះ ដើម្បីរំលឹកប្រាប់ពិភពលោកថា «ប្រទេសកម្ពុជា ពុំមាន​សេរីភាព​ឡើយ»។

ក្នុងសេចក្ដីប្រកាសព័ត៌មាន មានសរសេរបញ្ជាក់ទៀតថា៖ «របបផ្តាច់ការ ហ៊ុន សែន គឺជាការគំរាមកំហែង ដល់​សន្តិភាព និងស្ថិរភាព នៅកម្ពុជា ក៏ដូចជាលិទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌»។

លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកកាំង មានថ្លែងប្រាប់វិទ្យុសម្លេងប្រជាធិបតេយ្យថា បាតុកម្ម​ដែលអង្គការលោក គ្រោងរៀបចំឡើងនេះ អាចមានច្បាប់ពីអាជ្ញាធរអាមេរិក ឲ្យទទួលមនុស្សចូលរួម បាន​៣០០នាក់។ លោកបានពន្យល់ ពីវិធីសាស្ត្រក្នុងការទាមទារទៅសភាអាមេរិក ដើម្បីប្រាប់​ទៅរដ្ឋាភិបាល​អាមេរិក ឲ្យដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូត ទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ថាជា​ជម្រើស​មួយ​ដ៏​ប្រពៃ។

ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង បានអះអាងថា៖ «នេះជាជម្រើសមួយ ដ៏ប្រពៃ ដែលសហរដ្ឋ​អាមេរិក​អាច​ធ្វើ ឲ្យមានប្រសិទ្ធភាព នៅក្នុងការរកដំណោះស្រាយ (ដើម្បី) ដោះលែងអ្នកប្រជាធិបតេយ្យនានា ជា​ពិសេសស​កម្មជន​ការពារ​សិទ្ធិមនុស្ស ក៏ដូចជាអ្នកទោសនយោបាយនានា ហើយយន្តការ នៃការដាក់​គំនាប​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​នេះ គឺជាដំណាក់កាលមួយ ដែលមានការចាំបាច់»។

ប៉ុន្តែការដាក់ទណ្ឌកម្មណាមួយ ពីសំណាក់អន្តរជាតិនោះ ត្រូវបានលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​-ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ធ្វើការព្រមានទុកជាមុនហើយ ជុំវិញសំនុំរឿងចាប់ចង ដែលបានធ្វើឡើង កាល​ពី​ពេល​ថ្មីៗ​នេះ ប្រឆាំង​​នឹង​ក្រុម​អ្នកការពារសិទ្ធិមនុស្ស និងក្រុមអ្នកនយោបាយប្រឆាំង។ ថ្លែងនៅ​ព្រឹក​ថ្ងៃ​​អាទិត្យ​​ទី​១​ ខែ​​ឧសភា កន្លង​​មក​​ថ្មីៗ​​​នេះ ​លោក​នាយករដ្ឋមន្ត្រីបានព្រមានបរទេសណាក៏ដោយ ​មិនឲ្យ​​លូក​ដៃ​ ចូល​​​កិច្ច​ការ​​​ផ្ទៃ​​​ក្នុង​​​របស់​​​កម្ពុជា​​​ឡើយ ដោយ​លោក​បញ្ជាក់ថា កម្ពុជាមាន​ឯករាជ្យភាព អធិបតេយ្យភាព និង​បូរណភាព​​ទឹក​ដី។ កាល​​​ពី​​​ពេល​​​​កន្លង​​​មក លោក ហ៊ុន សែន ក៏ធ្លាប់បានថ្លែងជាសាធារណៈដែរ ថារាល់ទណ្ឌកម្មណាក៏ដោយ មិន​​បាន​​ប៉ះ​ពាល់​​ដល់​​រូប​​លោក​​នោះ​​ទេ តែ​គឺ​ប្រជាជន​កម្ពុជា​ទៅ​វិញ​ទេ ដែលជាអ្នករងគ្រោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...