សម រង្ស៊ី ថា ហ៊ុន សែន ជា«ឆ្កែកាច»ដែលចិនចិញ្ចឹម
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ តុលា ២០១៧
- កែប្រែចុងក្រោយ: October 04, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើនយទ្ធនាការនយោបាយ ហៅក្រុមមេដឹកនាំគណបក្សប្រឆាំង ថាជា«អាយ៉ង» ឬជា«ខ្ញុំកញ្ជះ»បរទេសនោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិឯណោះ ក៏បានតំឡើងសម្លេងរបស់លោក ប្រឆាំងលោក ហ៊ុន សែន វិញដែរ។ មេដឹកនាំប្រឆាំងជាប្រវត្តិសាស្ត្រ របស់កម្ពុជា បានហៅលោកនាយករដ្ឋមន្ត្រី ថាជា«ឆ្កែកាច» ដែលប្រទេសចិនកុម្មុយនីស្ដកំពុងចិញ្ចឹម ក្នុងសម័យកាលនេះ ជំនួសឲ្យក្រុមខ្មែរក្រហម ដែលចិនឱបការពារយ៉ាងណែន ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។
លោក សម រង្ស៊ី បានប្រើឱកាសនៃការជួបជុំ អ្នកគាំទ្ររបស់លោក ដើម្បីថ្លែងពីរហស្សនាមថ្មី របស់លោក ហ៊ុន សែន ហើយនៅលើបណ្ដាញសង្គម លោកក៏បានចែករំលែកបន្ត ពីវោហាស័ព្ទនេះ ទៅដល់ប្រិយមិត្តរាប់លាននាក់របស់លោកនោះដែរ។ ដូចក្នុងជំនួបមួយ ជាមួយសហគមន៍ខ្មែរ ក្នុងនៅវត្តសន្តិភាព ទីក្រុងអាដេឡែត ប្រទេសអូស្ត្រាលី អតីតប្រធានគណបក្សប្រឆាំង បានពន្យល់ថា ចិន និងរ៉ូស្ស៊ី មិនត្រូវគ្នាជាមួយអាមេរិក តែពួកគេមិនឈ្លោះដោយផ្ទាល់ ជាមួយអាមេរិកទេ ដោយហេតុថា ជម្លោះដោយផ្ទាល់ អាចនាំទៅដល់ការផ្ទុះសង្គ្រាម។
លោកបន្តថា៖ «អញ្ចឹង គេគ្រាន់តែចិញ្ចឹមឆ្កែកាច។ ឆ្កែកាចមានពីរ៖ ទីមួយ គឺកូរ៉េខាងជើង អាហ្នឹង រ៉ុស្ស៊ីក៏ចិញ្ចឹម ចិនក៏ចិញ្ចឹម ឲ្យខាំអាមេរិកាំង ខាំជើងខាំអីបន្តិចបន្តួច។ ហើយឆ្កែកាចមួយទៀត គឺ ហ៊ុន សែន ដែលចិនចិញ្ចឹម។ ចិនចិញ្ចឹម ហ៊ុន សែន ឲ្យខាំអាមេរិកាំង។ តែបើអាមេរិកាំងទាត់ម៉ាជើងមើល៍ បើមិនប៉ើងឥឡូវ។»។
នៅលើបណ្ដាញសង្គម លោក សម រង្ស៊ី នៅបានបង្ហោះរូបត្លុកនយោបាយមួយទៀត ដែលមានន័យចំអកប្រហាក់ប្រហែលនេះដែរ។
បន្ទាប់មកមេដឹកនាំប្រឆាំងរូបនេះ បានសរសេរចំអកឲ្យមួយឃ្លាទៀតថា៖ «អ្នកខ្លះស្អប់អាមេរិក តែស្រឡាញ់លុយអាមេរិក ហើយចាយ តែលុយអាមេរិក»។ ការចំអកនេះ មិនធ្វើឲ្យអ្នកផងផ្ទុះចម្ងល់ប៉ុន្មានទេ បើគេគ្រាន់តែស្វែងយល់ថា តើពាក្យ«អ្នកខ្លះ» របស់លោក សម រង្ស៊ី ចង់សំដៅទៅលើនរណាប៉ុណ្ណោះ៕