ហ៊ុន សែន នៅតែថា«មិនចុះចេញ» តែបក្សសង្រ្គោះជាតិនៅតែទាមទារ
បុរសខ្លាំងកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានគ្រប់គ្រងអំណាច អស់រយៈពេលជិត៣០ឆ្នាំមកហើយនោះ បានអះអាងជាថី្ម ថាលោកមិនចុះចេញពីតំណែងដាច់ខាត ហើយលោកនឹងនៅតែបន្តធ្វើ ជានាយករដ្ឋមន្រ្តីស្របច្បាប់ ៥ឆ្នាំទៅមុខទៀត ដោយគ្មាននរណា អាចមកទម្លាក់លោកបាននោះទេ។ តែសម្រាប់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ នៅតែរក្សាការទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង និងត្រៀមរៀបចំការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ។
លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
នយោបាយកម្ពុជា - នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ នេះ ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ស្ពានជ្រៃធំ-ឡុងប៊ិញ ក្នុងស្រុកកោះធំ ខេត្តកណ្តាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា លោកនឹងធ្វើជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៥នេះ ប្រកបដោយការទទួលខុសត្រូវ ចំពោះមុខម្ចាស់ឆ្នោត ព្រោះលោកជានាយករដ្ឋមន្ត្រី សម្រាប់កម្ពុជាទាំងមូល មិនមែនសម្រាប់តែគណបក្សប្រជាជនកម្ពុជាតែមួយនោះទេ។
ដោយសំអាងទៅលើ រដ្ឋធម្មនុញ្ញ រដ្ឋសភា ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រជាអាទិ៍នោះ លោក ហ៊ុន សែន បានអត្ថាធិប្បាយថា លោក នឹងមិនចុះចេញពីដំណែងនោះទេ ព្រោះលោកបានឡើងកាន់តំណែងតាមរដ្ឋធម្មនុញ្ញ ដូច្នេះត្រូវចុះពីដំណែង តាមរដ្ឋធម្មនុញ្ញដែរ។
ការអះអាងសារជាថ្មីរបស់លោក ហ៊ុន សែន បានធ្វើឡើង នៅចំពោះមុខនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យុង ដែលបានប្រកាសទទួលស្គាល់មុនគេជ័យជំនះ របស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា កាលពីការបោះឆ្នោតដ៍ចម្រូងចម្រាស កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ចំណែកឯគណបក្សសង្រ្គោះជាតិ និងអ្នកគាំទ្រវិញ បន្ទាប់ពីបដិសេធមិនទទួលស្គាល់ លទ្ធផលបោះឆ្នោតនោះមក បានធ្វើបាតុកម្មជាបន្តបន្ទាប់ រហូតដល់ដំណាក់កាលចុងក្រោយនេះ ដោយនៅតែប្រកាន់ជំហរ ទាមទារឲ្យលោក ហ៊ុន សែន ដែលពួកគេចាត់ទុកថាជានាយករដ្ឋមន្រ្តីចាំផ្ទះនោះ ត្រូវចុះចេញពីតំណែង និងត្រៀមរៀបចំការបោះឆ្នោតឡើងវិញ ក្រោយការធ្វើកំណែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ ភាពទទួលខុសត្រូវរបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏ត្រូវបានក្រុមគណបក្សប្រឆាំង និងក្រុមឯករាជ្យមួយចំនួន បន្ទោសយ៉ាងចាស់ដៃដែរ នៅក្នុងការបញ្ជាឲ្យកងកម្លាំងប្រដាប់ដោយអាវុធ និងគ្រាប់ពិត បាញ់បង្ក្រាបហ្វូងបាតុករដែលសុទ្ធសឹងជាជនស៊ីវិល។
ជុំវិញជំហរមិនចុះសម្រុងគ្នានេះ ការលេចលឺពីការចរចាររវាងគណបក្សធំទាំងពីរ ត្រូវបានបញ្ចេញឲ្យដឹងកាលពីពេលថ្មីនេះ ដើម្បីឈានទៅដល់ការសម្របសម្រួល ផ្នែកនយោបាយណាមួយ។ ការសែតភ្នំពេញប៉ុស្តិ៍ ក្នុងអត្ថបទមួយចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ មានចំណងជើង «កិច្ចចរចាសម្ងាត់មានការព្រមព្រៀង ៨០ ភាគរយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សង្រ្គោះជាតិ» បានយោងលើប្រភពមួយ ស្និតនឹងអ្នកសម្របសម្រួលកណ្តាលមួយមកនិយាយថា វិបត្តិនយោបាយកម្ពុជា ដែលកើតចេញពីការមិនចុះសម្រុងគ្នា រវាងគណបក្សធំទាំងពីរ តាំងពីក្រោយការបោះឆ្នោតខែកក្កដាមកនោះ នឹងត្រូវបិទបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះការចារចាជាសម្ងាត់របស់ ក្រុមការងារមកពីគណបក្សទាំងពីរ បានសម្រេចឯកភាពគ្នា បាន«៨០ភាគរយ»ហើយ។
នៅក្នុងអត្ថបទរបស់គេហទំព័រភ្នំពេញប៉ុស្ដ៍នោះដដែល ក៏បានស្រង់សម្ដីលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មកនិយាយដែរថា គណបក្សសង្គ្រោះជាតិចង់ចរចា ប៉ុន្តែការចរចានោះគឺ «ផ្តោតលើកំណែទម្រង់ការបោះឆ្នោត និងការបោះឆ្នោតឡើងវិញ»។ រីឯលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា ក៏បានបដិសេធដូចគ្នាដែរថា គ្មានការចរចាក្រៅផ្លូវការនោះទេ។
សម្រាប់លោក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចំពោះមុខអ្នកគំាទ្រ នៅទីស្នាក់ការកណ្តាលរបស់គណបក្ស នៅរសៀលថ្ងៃទី១៤ ខែមករា ២០១៤ បន្ទាប់ពីចេញពីសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជាថ្មីថា គណបក្សសង្គ្រោះជាតិ នឹងរក្សាគោលជំហរដដែល នោះគឺការដឹកនំាធ្វើមហាបាតុកម្មអហិង្សាជាថ្មី ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និង ជម្រុញឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤