ពលរដ្ឋរិះគន់ ក្រុមមនុស្សពាក់មួកបិទមុខ ថាជាក្រុមជន«បាតដៃទីបី»
តើក្រុមជនបិទមុខ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ជានរណា? មកពីណា? ឬជាកងកម្លាំងសាធារណៈរបស់អាជ្ញាធរស្លៀកឯកសណ្ឋានស៊ីវិល ឬជាកងកម្លាំងឯកជន«ខុសច្បាប់»? យ៉ាងណាក៏ដោយ ក៏ពលរដ្ឋដែលបានចូលរួមនៅក្នុងការតវ៉ា ទាមទាររកយុត្តិធម៌ឲ្យមេដឹកនាំគណបក្សប្រឆាំង បានសម្ដែងប្រតិកម្មរិះគន់ថា រដ្ឋាភិបាលកំពុងទុកឲ្យកងកម្លាំងបិទមុខទាំងនេះ មានលទ្ធភាព«មកបង្កហិង្សា»ផង នឹងអាចដើរតួជាកងកម្លាំងរបស់អាជ្ញាធរដើម្បីចាំ«បង្ក្រាប»ផង។
ក្រុមមនុស្សពាក់មួកបិទមុខ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
បាតដៃទីបី - ជាទូទៅ នៅពេលមានព្រឹត្តិការណ៏ណាមួយកើតឡើង ឬបុណ្យជាតិ គេតែងឃើញមានកងកម្លាំងរបស់អាជ្ញាធរ ដែលមានឯកសណ្ឋាន ជាកងកម្លាំងការពារជាតិ ឬជាសន្តិសុខតាមផ្នែកណាមួយ។ តែចម្លែកតែនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤នេះវិញ នៅពេលប្រជាពលរដ្ឋដែលមានចំនួនច្រើនរាប់ពាន់នាក់ ទៅធ្វើការទាមទារតវ៉ា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដល់យុត្តិធម៌ ដល់មេដឹកនាំគណបក្សប្រឆាំងនោះ គេបានសង្កេតឃើញ មានជនស្លៀកពាក់ស៊ីវិលធម្មតា តែមានពាក់មួកសុវត្តិភាព និងមួយចំនួនមានពាក់ម៉ាស់បិទមុខ ប្រមាណជា៣០នាក់ បានមកឈរតម្រៀបជួរគ្នានៅទីនោះ ដែលទំនងជាមិនចង់អោយ ប្រជាពលរដ្ឋមើលឃើញមុខពួកគេថាជានរណា។
បើមើលតាមសកម្មភាព និងរបៀបរបបរបស់ក្រុមមនុស្សបិតមុខទាំងនេះ គេអាចដឹងបានភ្លាមថា វាជាកងកម្លាំងរបស់ផ្នែកណាមួយ ដែលអាចនឹងធ្វើសកម្មភាពបង្ក្រាប ឬទប់ទល់នឹងសភាពការណ៍ខុសធម្មតា។ ពលរដ្ឋដែលជួបជុំគ្នានៅទីនោះ បានសម្ដែងការរិះគន់ និងលើកជាសេចក្ដីសន្និដ្ឋានថា រដ្ឋាភិបាលកំពុងរៀបចំប្រព័ន្ធការពារសណ្ដាប់ធ្នាប់ ដោយប្រើកម្លាំងបង្កប់ដើម្បីបន្លំ ខុសពីរបៀបគ្រប់គ្រងតាមបែបនិតិរដ្ឋ។
មន្រ្តីសង្គមស៊ីវិល លោក សួន ប៊ុនសក្តិ លេខាធិការប្រតិបត្តិ គណកម្មការប្រព្រឹត្តិកម្មការពារសិទ្ធមនុស្សកម្ពុជា ហៅកាត់តាមភាសាអង់គ្លេសថា CHRAC បានរិះគន់សកម្មភាពនេះថា ជាទង្វើមិនសមស្របតាមផ្លូវច្បាប់។ លោកបានពន្យល់ថា «តាមផ្លូវច្បាប់ គឺរដ្ឋប្រើប្រាស់តែកងកម្លាំងសាធារណៈ ដែលជាកម្លាំងរបស់រដ្ឋ ដើម្បីរៀបចំចាត់ចែងសណ្តាប់ធ្នាប់សាធារណៈ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានអោយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូដឹងទៀតថា «ប្រសិនបើរដ្ឋចាត់ចាត់ចែង ឬក៏ទៅយកមនុស្សមកពីណា ដែលគ្មានក្របខ័ណ្ឌពិតប្រាកដ ហើយស្លៀកស៊ីវិលមកការពារ វាជារឿងដែលមិនសមស្រប និងខុសច្បាប់។ ក៏ប៉ុន្តែរដ្ឋមានសិទ្ធចាត់ចែងនរណាម្នាក់ ឬចាត់តាំងកម្លាំងបន្ថែមដើម្បីដោះស្រាយបញ្ហាអីមួយ តែរដ្ឋត្រូវតែមានអត្តសញ្ញាណអ្វីមួយដើម្បីសម្គាល់ អោយបានច្បាស់លាស់ ថាតើគេនេះជាក្រុមអី ហើយអន្តរាគមន៍បន្ថែមទៅលើបញ្ហាអី។»។
ស្រង់សម្ដីដោយវិទ្យុក្នុងស្រុកមួយ លោកខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងថា នេះមិនមែនជាកងកម្លាំងសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃនោះទេ។ លោកខៀវ សុភ័ក្រ បដិសេធដោយលើកហេតុផលថា កងកម្លាំងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ គឺសុទ្ធតែមានឯកសណ្ឋានត្រឹមត្រូវដែលអាចបញ្ជាក់ថា ពិតជាកងកម្លាំងសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃយ៉ាងពិតប្រាកដមែន។ ដូច្នេះក្រុមទាំងនេះ មកពីណា មានភារកិច្ចអ្វី?
ជាមួយនឹងមនុស្សរាប់ពាន់នាក់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ លោកស្រី មូរ សុខហួ តំណាងរាស្រ្តមណ្ឌលបាត់ដំបង មកពីគណបក្សសង្រ្គោះជាតិ បានសំណូមពរអោយក្រុមនេះបើកកញ្ចក់ ឬដោះមួកសុវត្តិភាព ដើម្បីជាការសំដែងនូវការគោរព ស្រលាញ់ក្នុងនាមជាប្រជាជាតិខ្មែរតែមួយ និងដើម្បីបង្ហាញពីភាពមានយុត្តិធម៌ ជូនប្រជាពលរដ្ឋខ្មែរដែលរងគ្រោះ។ ប៉ុន្តែមិនមានសកម្មភាពប្រតិកម្ម ឆ្លើយតបពីក្រុមនេះឡើយ។
រូបថតមួយចំនួន ដែលត្រូវបានគេបង្ហោះនៅតាមបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា ក្នុងចំណោមជនមួយក្រុមនេះ មានមួយចំនួនប្រដាប់ដោយអាវុធ លាក់នៅក្នុងអាវរបស់ពួកគេ។ បើគ្មានការរៀបចំច្បាស់លាស់ និងការបើកដៃពីអ្នកមានអំណាចដ៏សម្បើមណាម្នាក់ ក្រុមនេះមិនអាចចេញមកឈរតម្រង់ជួរ គ្រពាត់ដៃយ៉ាងសង្ហាបែបនេះឡើយ។ ឬគេអាចនិយាយបានថា ជា«បាតដៃទីបី»ដែលត្រៀមមកបន្លំជាមួយប្រជាពលរដ្ឋ នៅពេលមានហេតុការណ៍អ្វីមួយកើតឡើង។
ចំពោះបញ្ហានេះ ព្រះចៅអធិការវត្តសាមគ្គីរង្សី ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា បានបញ្ចេញទស្សនៈថា «មនុស្សដែលពាក់មួកសុវត្តិភាព ជាមនុស្សដែលគេបញ្ជូនមក ដើម្បីទប់ស្កាត់ទៅលើរឿងអ្វីមួយកើតឡើង ដែលយើងមិនអាចស្មានបាន និងមួយវិញទៀត ដើម្បីកុំអោយប្រជាពលរដ្ឋស្គាល់ និងដឹងថាគេជានរណា ហើយនៅពេលដែលមានបញ្ហាអ្វីមួយ គេគ្រាន់តែដោះមួកចេញ ហើយអាចបន្លំខ្លួនជាមួយប្រជាពលរដ្ឋបាន»។ ព្រះតេជគុណ មានថេរដីការបន្តថា «តាមអាត្មាគិត នេះហើយជាបាតដៃទីបី ដូចដែលនាយករដ្ឋមន្រ្តីប្រកាសកាលពីមុន»។
ពលរដ្ឋមួយចំនួន បានលើកជាមតិឡើងថា នៅក្នុងកម្មវិធីជួបជុំដែលប្រមូលមនុស្សម្នាមកច្រើនបែបនេះ កងកម្លាំងរបស់អាជ្ញាធរ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល គួរតែស្នើសុំឲ្យក្រុមមនុស្សទាំងនេះ ឲ្យបើកមុខឡើងក្រោមហេតុផលសុវត្ថិភាព។ ព្រោះក្នុងករណីមានហេតុការណ៍អ្វីកើតឡើង អាជ្ញាធរពិបាកនឹងកំណត់មុខសញ្ញាណាស់ ដោយសារតែមនុស្សមួយក្រុមនេះ បិទមុខជិត។ ហើយបើទោះនៅក្នុងលក្ខខ័ណ្ឌណាក៏ដោយ ក៏បញ្ហាសុវត្ថិភាពនៅតែជាការទទួលខុសត្រូវ របស់អាជ្ញាធរជាដដែលដែរ អាជ្ញាធរមិនអាចបកស្រាយយករួចខ្លួន ថាមិនដឹងជនមួយក្រុមនេះមកពីណា នោះទេ។
យ៉ាងណាក៏ព្រះតេជគុណ សៀង សុវណ្ណរ៉ា បានមានសង្ឃដីការ បិណ្ឌបាតសុំអោយទាំងកម្លាំងសន្តិសុខ ទាំងក្រុមជនបិទមុខ និងទាំងប្រជាពលរដ្ឋទាំងអស់ សូមរក្សានូវសុខសន្តិភាពទាំងអស់គ្នា ព្រោះសុទ្ធតែជាខ្មែរដូចគ្នា៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤