ថោង សារ៉ាត់ បដិសេធ​ថា​មិន​បាន​ជំពាក់​លុយ​ឧកញ៉ា អ៊ឹង ម៉េងជឺ (vdo)

បន្ទាប់ពីបែកធ្លាយថាលោក ថោង សារ៉ាត់ ជំពាក់ប្រាក់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនលក់គ្រឿងសំណង់ ស៊ីម៉ងត៍សញ្ញាត្បូងពេជ្រ ប្រមាណ៣០ម៉ឺនដុល្លារនោះមក លោក ថោង សារ៉ាត បានចេញមុខ មកបកស្រាយតាមរយៈឃ្លីបវីដេអូទីបី របស់ខ្លួនថា លោកមិនមានទំនាក់ទំនង ជាមួយលោកឧកញ៉ា អ៊ឹង ម៉េងជឺ ហើយក៏មិនមាន ជំពាក់លុយកាក់គ្នាអ្វីដែរ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី២០ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 20, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងឃ្លីបវីអូទី៣ ដែលទើបនឹងបង្ហោះ ក្នុងបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ កុម្ភៈនេះ លោក ថោង សារ៉ាត់ ថៅកែក្រុមហ៊ុនសាងសង់សំណង់បុរី៩៩៩ បានបដិសេធយ៉ាងដាច់ខាតថា លោកមិនបានជំពាក់​លុយលោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនលក់គ្រឿងសំណង់ ស៊ីម៉ងត៍ សញ្ញាត្បូងពេជ្រ ដែលត្រូវឃាតករ​បាញ់សម្លាប់យ៉ាងព្រៃផ្សៃ កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នោះឡើយ។

ចំពោះការចុះផ្សាយកន្លងមកថា លោកបានជំពាក់លុយឧកញ៉ា អ៊ឹង ម៉េងជឺ ថ្លៃទិញស៊ីម៉ង់ចំនួន៣០ម៉ឺនដុល្លារនោះ ព័ត៌មាននេះគឺជាការប្រឌិត បំភ្លៃ ដែលវាគឺជាវិធីបញ្ចូលសម្លេងរបស់សារព័ត៌មាន ដែលគ្មានវិជ្ជាជីវៈចង់​បំពុល​ការពិត​តែប៉ុណ្ណោះ។

លោកបន្តថា៖ «ក្នុងរឿងនេះ មិនពិបាករកការពិតទេ គ្រាន់តែចុះទៅអង្កេត លើក្រុមហ៊ុនខ្ញុំបាទ និងក្រុមហ៊ុន​ឧកញ៉ា អ៊ឹង ម៉េងជឺ គឺដឹងទៅហើយ។ ហើយការកស៊ីធំម្លឹងៗ គ្មានអ្នកអាចលាក់បាំងបានទេ ហើយក៏គ្មាន​ហេតុផល​អ្វី ដែលភរិយារបស់លោកឧកញ៉ា អ៊ឹង ម៉េងជឺ មិនដឹងនោះទេ។»

លោកបន្ថែមថា ហើយលោកស្រី តាំង គីមឆេង ភរិយារបស់លោកឧកញ៉ា អ៊ឹង ម៉េង ក៏បានអះអាងបញ្ជាក់​ហើយ​ថា លោក និងប្តីរបស់លោកស្រី មិនធ្លាប់មានទំនាក់ទំនងជាមួយគ្នានោះទេ ដូច្នេះហើយគ្មានមូលហេតុអ្វី ដែល​ធ្វើ​ឱ្យលោកទៅសម្លាប់មនុស្ស ដែលមិនធ្លាប់ស្គាល់គ្នា មិនធ្លាប់ជួបមុខគ្នានោះទេ។

ក្នុងវីដេអូទី៣ របស់ជនសង្ស័យទីមួយ ក្នុងករណីឃាតកម្ម ដែលមានរយៈពេលចំនួនជិត ៦នាទីនេះ លោក ថោង សារ៉ាត់ នៅតែរំពឹងថា យុត្តិធម៌ និងកើតមានឡើងសម្រាប់លោក និងគ្រួសាររបស់លោក។ លោក ថោង សារ៉ាត និយាយការពារខ្លួនបន្តថា «បើសិនគ្រាន់តែសម្អាង ទៅលើការឆ្លើយដាក់ ឬការចោទប្រកាន់របស់អ្នកណាមម្នាក់ ហើយចាត់ទុកខ្ញុំបាទជាឃាតករ ជាមេក្លោងសម្លាប់មនុស្ស​ ដោយគ្មានហេតុផល គ្មានភស្តុងតាង ក្នុងស្ថានភាព​ខ្ញុំបាទគ្មានទំនាក់ទំនង ស្គាល់ជនរងគ្រោះទាល់តែសោះ»។

កាលពីពេលកន្លងទៅ គេហទំព័រក្នុងស្រុកមួយ បានចុះផ្សាយទម្លាយអាថ៌កំបាំងថា លោកឧកញ៉ា ថោង សារ៉ាត់ ដែលកំពុងរត់គេចខ្លួន បានមានទំនាក់ទំនងជាមួយលោកឧកញ៉ា អ៊ឹង ម៉េងជឺ។ លោកឧកញ៉ា ថោង សារ៉ាត់ បាន​ជំពាក់លុយថ្លៃទិញគ្រឿងសំណង់ ពីលោកឧកញ៉ា អ៊ឹង ម៉េងជឺ ប្រមាណជិត៣០ម៉ឺនដុល្លារអាមេរិក ហើយការ​ជំពាក់​លុយនេះ ដោយសារមានរយៈពេលយូរពេក និងមិនកំណត់ពេលវេលាសង ឱ្យបានច្បាស់លាស់នោះទេ។

គេហទំព័រក្នុងស្រុកដដែលនេះ ដែលធ្វើការស្រង់សម្តី របស់មន្ត្រីប៉ូលិសផ្នែកព្រហ្មទណ្ឌបម្រើ​ការនៅក្រសួង​មហាផ្ទៃ និងមន្ត្រីប៉ូលិសបម្រើការ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះ បាន​រៀបរាប់ថាលោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលនៅរស់បានទូរស័ព្ទ ទារលុយពីឧកញ៉ា ថោង សារ៉ាត់ ដោយស្នើឲ្យ​លោកឧកញ៉ា ថោង សារ៉ាត់ ជាកូនបំណុល ធ្វើការកំណត់កាលបរិច្ឆេទសងប្រាក់ជំពាក់ ឲ្យបានច្បាស់លាស់ និងបើមិន​ដូច្នោះទេ លោកឧកញ៉ា អ៊ឹង ម៉េងជឺ នឹងដាក់ពាក្យប្តឹងឧកញ៉ា ថោង សារ៉ាត់ ទាមទារលុយជំពាក់​នោះ​តាមច្បាប់ ។

គេហទំព័រដដែល បានសរសេរបន្តថា បន្ទាប់ពីឮពាក្យលោកឧកញ៉ា អ៊ឹង ម៉េងជឺ ប្រុងប្តឹង ស្រាប់តែលោកឧកញ៉ា ថោង សារ៉ាត់ បានតបតាមទូរស័ព្ទទៅលោកឧកញ៉ា អ៊ឹង ម៉េងជឺ ជាម្ចាស់បំណុលវិញថា «បើហ៊ានប្តឹង នឹង​បាញ់​សម្លាប់ចោល» ។ មិនទាន់បានដាក់ពាក្យប្តឹងទារលុយ ពីលោកឧកញ៉ា ថោង សារ៉ាត់ ផង លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានឃាតកបាញ់សម្លាប់ដ៏ព្រៃផ្សៃចំនួន៦គ្រាប់ នៅមុខហាងលក់ផ្លែឈើមួយកន្លែង យីហោ ឡោ តិចសេង វេលាម៉ោង១៩និង២៥នាទី នារាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត​យ៉ាង​អាណោច​អាធ័ម​បំផុត។

គេពិបាកនឹងយល់បានថា តើមន្ត្រីប៉ូលិសផ្នែកព្រហ្មទណ្ឌ ដែលត្រូវបានគេហទំព័រសារព័ត៌មានស្រង់សម្ដីនោះ អាច​ស្ដាប់ដឹងពីការនិយាយទូរស័ព្ទរបស់លោក ថោង សារ៉ាត់ និងលោក អ៊ឺង ម៉េងជឺ នោះ តាមវិធីណានោះ​ណាស់។ ឬជាការលួចស្ដាប់ ដែលដូចជាដឹងហេតុការណ៍មុន?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...