អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ជួយ​រក​ឃាតករ​បាញ់ អ៊ឺង ម៉េងជឺ ជំនួស​សមត្ថកិច្ច?

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានធ្វើការប្រៀបធៀប តាមរយៈរូបភាពកាន់តែច្រើនឡើង ថាកម្លាំងសមត្ថកិច្ចមួយរូប ដែលចុះធ្វើការវាស់វែង នៅទីកន្លែងកើតហេតុ នៃឃាតកម្មលើលោក អ៊ឹង ម៉េងជឺ គឺជាជនដៃដល់ បាញ់​សម្លាប់​ដ៏​សាហាវ​នោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 26, 2014
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកប្រើប្រាស់បណ្ដាញសង្គម រាប់​តាំង​ពី​កញ្ញា ធី សុវណ្ណថា - លោក ឆាំ ឆានី - និង​លោក ប៉ាង សុខឿន (ខ្មែរ​សុវណ្ណ​ភូមិ) និង​ម្ចាស់​ទំព័រ​ជា​ច្រើន សុទ្ធ​​តែ​​បាន​​អះ​អាង​ដាក់​​ភាព​​សង្ស័យ​​ទៅ​​លើ កម្លាំង​សមត្ថកិច្ច​មួយ​រូប ដែល​បាន​ចុះ​ទៅ​ធ្វើការ​វាស់​វែង ដល់​កន្លែង​កើត​ហេតុ នៃ​ឃាតកម្ម​បាញ់​«ឆៅ»​ទៅ​លើ​រូប​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ កាល​ពី​យប់​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ក្បែរ​រង្វង់​មូល​អាង​ទឹក រាជធានី​ភ្នំពេញ។

នៅភ្ជាប់ជាមួយនឹងរូបថត ដែល​បាន​ធ្វើការ​ប្រៀប​ផ្ទឹម​គ្នា​រវាង​ឃាតករ​ឈរ​ជំទែង​បាញ់ និង​មន្ត្រី​នគរបាល​ដែល​ចុះ​មក​ធ្វើការ​អង្កេត នៅ​នឹង​កន្លែង​កើត​ហេតុ កញ្ញា ធី សុវណ្ណថា តារា​ហ្វេសប៊ុក​ល្បី​ឈ្មោះ បាន​សរសេរ​​ថា៖ «ដូច​ឃាតករ ៩៩% សំបុរ​ស្រអែម កំពស់​១.៧​ម៉ែត្រ មួក​ខ្មៅ អាវ​មូរ​ដៃ នាឡិកា ខោរ​ពណ៌​ប្រផេះ សោរ​ឡាន ស្បែក​ជើង​ខ្មៅ សូម​សមត្ថកិច្ច​សើប​អង្កេត ម្នាក់​នេះ​ជា​បន្ទាន់»។

រីឯ នៅនឹងគណនីហ្វេសប៊ុករបស់លោក ឆាំ ឆានី វិញ បានសរសេរដែរថា៖ «ម៉េចក៏ដូចជាជួនគ្នាម្លេះរាងរៅ សម្លៀកបំពាក់។ ជាទូទៅពលរដ្ឋតែងតែសង្ស័យថា ប៉ូលីសជាចោរ ចោរជាប៉ូលីស ប៉ូលីសជាឃាតករ ឃាតករ​ជាប៉ូលីស។»

តាមវីដេអូឃ្លីប ដែលថតដោយការមេរ៉ាសុវត្ថិភាព របស់ហាងលក់ផ្លែឈើ បានបង្ហាញថា ឃាតករដែល​ជាជន​ដៃដល់ ស្ថិកក្នុងសម្លៀកបំពាក់ស៊ីវិល មានពាក់មួកខ្មៅ(កន្តឹប) មានវិទ្យុទាក់ទងនៅចង្កេះ ប្រើកាំភ្លើងខ្លីបាញ់​ជាច្រើនគ្រាប់ ទៅលើលោក អ៊ឹង ម៉េងជឺ។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម បានលើកឡើងទៀតថា បើ​ពិនិត្យ​មើលក្នុងវីដេឃ្លីបនេះ ជាមួយនិងវីដេអូមួយទៀត ដែលចូលរួមក្នុងក្រុមស៊ើបអង្កេតនោះ ពិតជាដូចគ្នាសឹង​គ្រប់​ចំណុច។

ស្រង់សម្ដីដោយសារព័ត៌មានភ្នំពេញប៉ុស្ត៍ លោក ជួន ណារិន្ទ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួល​បន្ទុក​ការងារព្រហ្មទណ្ឌ បានបកស្រាយតបនឹងការវិភាគរបស់ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមថា មន្ត្រីសមត្ថកិច្ច ដែលគេបានសង្ស័យនោះ ជានគរបាលខណ្ឌចំការមន ដែលត្រូវបានចាត់តាំង ដើម្បីការពារសុវត្ថិភាព​របស់​លោក ក្នុងពេលចុះបេសកកម្មតែប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងរឿងឃាតកម្មនេះទេ។ លោកបានថ្លែងបកទៅក្រុម​អ្នកវិភាគវិញថា មិនត្រូវយកហ្វេសប៊ុកជាដើមទុនឡើយ ព្រោះវាប៉ះពាល់ដល់កិត្តិយសរបស់គេ។

លោកបានពន្យល់ថា៖ «ឥឡូវខ្ញុំ ឧទាហរណ៍ បើគាត់ជាឧក្រិដ្ឋជន រឿងអីបាញ់គេហើយ ទៅឈរក្នុងនោះ ទី២ កំពុងនៅទីនោះទៀត រឿងអីសមត្ថកិច្ចនៅខាងក្រៅ មិនចាប់ចង បើមានសាក្សីឃើញនៅទីនោះដែរ… វាគ្រាន់​តែ អាវពណ៌ស៊ីគ្នាទេ… មន្រ្តីជំនាញត្រូវមើល ស្រោមទូរស័ព្ទ ឬអាយឌីរបស់គាត់។ សមត្ថកិច្ចត្រូវមើលកម្ពស់ មាឌអីស៊ីគ្នាអត់ នគរបាលនេះ កម្ពស់ ១ ម៉ែត្រ ៧០ អាយុជាង ២០ តែឃាតករកម្ពស់ជាង ១ ម៉ែត្រ ៧៥ អាយុ​ជាង ៣០ឆ្នាំ»។

មន្ត្រីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បាននិយាយដោយខ្លីថា សមត្ថកិច្ច​ជំនាញ​កំពុង​​ធ្វើការ​ស្រាវជ្រាវ លើឃាតកម្មនេះនៅឡើយ មិនទាន់កំណត់បាននូវមុខសញ្ញានោះដែរ។

ដោយឡែកអ្នកនាំពាក្យប៉ូលិសក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក្រៅពីការលើកឡើងថា «កំពុងស្វែង​រក​វែក​មុខ​ឈាតករ» បានត្រឹមលើកស្នើឲ្យប្រជាពលរដ្ឋទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ កុំគប្បីមានការព្រួយបារម្ភ ឬភ័យខ្លាចអ្វីទាំងអស់ពីសន្តិសុខ ហើយត្រូវបង្ហាញការជឿជាក់លើសមត្ថកិច្ច៕

រូបភាព និងវីដេអូ ដែលក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមបានប្រើប្រាស់៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...