ហ្វេសប៊ុក បោះទុន ១៩ពាន់លានដុល្លា ដើម្បីទិញកម្មវិធីផ្ញើសារមួយ
ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំ នៅលើពិភពលោក ដែលអស់លោកអ្នកបានស្គាល់ ហើយកំពុងតែប្រើប្រាស់វាជារាងរាល់ថ្ងៃ សម្រាប់ការទំនាក់ទំនង និងកិច្ចការផ្ទាល់ខ្លួនទីទៃទៀតនោះ ឥឡូវបានចំណាយទុនដ៏មហិមាដើម្បីទិញយកកម្មវិធីមួយ ដែលមានឈ្មោះថា វ័ត អ៊ែភ (WhatsApp)។
រូបសញ្ញារបស់ ហ្វេសប៊ុក និង វ័តអ៊ែភ។
សេដ្ឋកិច្ច - ស្ថាបនិក និងនាយកប្រតិបត្តិ នៃបណ្ដាញសង្គមហ្វេសប៊ុក លោក ម៉ាក់ អ៊ីលៀត ហ្សូកឺប៊ឺក (Mark Elliot Zuckerberg) បានប្រាប់ក្រុមសារព័ត៌មាននានា ឲ្យដឹងថា «មូលហេតុ ក្នុងការចំណាយដើមទុនដ៏មហាសាលនេះ គឺហ្វេសប៊ុក មានគោលបំណងដើម្បីពង្រីកបន្ថែម នូវប្រព័ន្ធទំនាក់ទំនងសង្គមនេះ ឲ្យកាន់តែមានភាពទូលំទូលាយ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់។ ជាពិសេស នៅពេលដែលហ្វេសប៊ុក ភ្ជាប់បណ្ដាញ វ័តអ៊ែភនេះ នោះវាអាចឲ្យបណ្ដាញសង្គមមួយនេះ បង្ហាញចេញនូវ ប្រព័ន្ធដំណើរការថ្មីៗជាច្រើនផ្សេងទៀត ដល់អ្នកប្រើប្រាស់ទូទាំងសកលលោល។»
ការចុះហត្ថលេខា ទិញយក កម្មវីធីផ្ញើសារ វ័តអ៊ែភ ក្នុងចំនួនទឹកប្រាក់យ៉ាងច្រើនសម្បើម រហូតដល់១៩ពាន់លានដុល្លារ នេះ គឺក្នុងនោះ ចំនួនទឹកប្រាក់ ៤ពាន់លានដុល្លារ ជាប្រាក់សុទ្ធ និង១២ ពាន់លាន ដុល្លារទៀត ជាប័ណ្ណភាគហ៊ុនរបស់របស់ហ្វេសប៊ុក។ ក្រៅពីនេះ ហ្វេសប៊ុក ក៏បានចំណាយបន្ថែមនូវទឹកប្រាក់៣ពាន់លានដុល្លារទៀត សម្រាប់ ៤៥លានភាគហ៊ុន ដែលភាគហ៊ុនទាំងនោះនឹងត្រូវបាន ធ្វើការចែកចាយ ដល់សហស្ថាបនិក និងបុគ្គលិក វ័តអ៊ែភ ក្នុងរយះពេល ៤ឆ្នាំតទៅមុខទៀត។ ជាការពិតណាស់ នេះគឺជាករណីទិញលក់រួម គ្នាមួយ ដ៏ធំជាងគេបំផុត នៅកំឡុងពេលថ្មីៗនេះលើពិភពបច្ចេកវិទ្យាទាំងឡាយ។
គួរបញ្ជាក់ទៀតដែរថា ជាក់ស្តែងការបោះទុនរបស់ហ្វេសប៊ុកដ៏មហិមានេះ មិនមែនមានន័យថា ប្រព័ន្ធដំណើរការ របស់ វ័តអ៊ែប នឹងត្រូវបិទទ្វារ ឈប់ដំណើរការនោះទេ ប៉ុន្ដែផ្ទុយមកវិញ ប្រព័ន្ធដំណើរការ និងសេវានានារបស់ វ័តអ៊ែភ នៅតែមានការដំណើរការជាឯករាជ្យដដែល ដោយត្រូវបានចែកដាច់ចេញពី ប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុក។
ក្រុមហ៊ុន ហ្វេសប៊ុក បានឲ្យដឹងបន្ថែមទៀតថា៖ «ការដែលខ្លួនទិញយក វ័តអ៊ែភ ដើម្បីជួយជុំរុញសមត្ថភាពប្រព័ន្ធដំណើរការ និងការផ្ញើសារនានារបស់ហ្វេសប៊ុក ក្នុងការភ្ជាប់ទំនាក់ទំនង ឲ្យកាន់តែមានលក្ខណៈច្បាស់លាស់ជាងមុនថែមទៀត»។ នៅក្នុងការបញ្ចេញសេចក្តីប្រកាស ដល់អ្នកសារព័ត៌មានដែលពាក់ព័ន្ធនោះ លោកនាយកប្រតិបត្តិ ម៉ាក់ ហ្សូកឺប៊ឺក របស់ហ្វេសប៊ុក បានថ្លែងថា «វ័តអ៊ែភ កំពុងតែក្លាយទៅជាប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមមួយ ដែលស្ថិតនៅលើដងផ្លូវដ៏ទូលំទូលាយ ដែលសព្វថ្ងៃនេះ វ័តអ៊ែភ មានការភ្ជាប់ទំនាក់ទំនង ពីអ្នកនិយមប្រើប្រាស់បណ្ដាញរបស់ខ្លួន រហូតដល់ទៅជាង ៤៥០លាននាក់»។ លោកបានបន្ដថា បណ្តាសេវាកម្មណាដែលអាចឈានដល់កំរិតនេះ គឺសុទ្ធតែមាន តម្លៃខ្លាំងណាស់។
គួររម្លឹកដែរថា នាពេលបច្ចុប្បន្ននេះ កម្មវិធីទំនាក់ទំនងសង្គម វ័តអ៊ែភ មានអតិថិជន ៧០% នៃចំនួនអ្នកប្រើសរុបជាង ៤៥០ លាននាក់នេះ គឺជាអ្នកដែលបានប្រើប្រាស់សេវាកម្មនេះ យ៉ាងសកម្ម ជាប្រចាំថ្ងៃ៕
--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤