សមិទ្ធិករភាពយន្ដជាតិកាណាដាមួយរូប បាត់ខ្លួននៅសៀមរាប?
សមិទ្ធិករភាពយន្ដមួយរូប មានសញ្ជាតិកាណាដា ដែលបានចូលមករស់នៅក្នុងប្រទេសកម្ពុជា ទំនងជាបានបាត់ខ្លួន នៅក្នុងខេត្តសៀមរាប ផ្នែកខាងជើងនេះប្រទេសនេះ។ នេះបើតាមការថ្លែងឲ្យដឹង របស់មិត្តភ័ក្រជិតដិតរបស់លោក។
លោក ដេវ វ័លឃ័រ សមិទ្ធិករភាពយន្ដ សញ្ជាតិកាណាដា។ (រូបថត RICHARD S. EHRLICH)
សន្ដិសុខសង្គម - លោក ដេវ វ័លឃ័រ (Dave Walker) ដែលបានចូលមករស់នៅក្នុងប្រទេសកម្ពុជា តាំងពីមួយឆ្នាំកន្លះមកនោះ បានចូលមករស់នៅក្នុងផ្ទះសំណាក់មួយកន្លែង កាលពីសប្ដាហ៍មុន។
បើតាមមិត្តរបស់សមិទ្ធិកររូបនេះ លោក ភីធើរ វ្រុនស្គី (Peter Vronsky) បានឲ្យដឹងថា ដេវ វ័លឃ័រ ទំនងជាបានចាកចេញពីបន្ទប់របស់លោក នៅថ្ងៃសុក្រកន្លងទៅ ដើម្បីទុកឲ្យអ្នករៀបចំបន្ទប់ចូលមកបោសសម្អាត។ បុរសជនជាតិកាណាដារូបនេះ បានចាកចេញទៅតែជាមួយនឹងដបទឹកមួយតែប៉ុណ្ណោះ។
លោក ភីធើរ វ្រុនស្គី បានបន្តទៀតថា លុះពេលក្រោយមក ក្នុងថ្ងៃដដែល ដៃគូរការងារម្នាក់របស់លោក វ័លឃ័រ បានមកដល់ផ្ទះសំណាក់នោះ ដើម្បីជួបជាមួយលោក។ ប៉ុន្តែសមិទ្ធិករភាពយន្ដ នៅតែមិនឃើញមានវត្តមាននៅក្នុងបន្ទប់នៅឡើយ ខណៈរបស់របរសម្ភារះប្រើប្រាស់សំខាន់ៗ ដូចជាទូរស័ព្ទដៃ កំព្យូទ័រយួរដៃ ហិបដាក់សម្លៀកបំពាក់ និងលិខិតឆ្លងដែន នៅក្នុងបន្ទប់នោះនៅឡើយ។
ស្ថានទូតអូស្ត្រាលី ដែលទទួលបន្ទុកជនជាតិកាណាដាប្រចាំនៅប្រទេសកម្ពុជា បានដាក់សេចក្ដីជូនដំណឹងជាផ្លូវការមួយ ស្ដីការការបាត់ខ្លួននេះ។
គឺដៃគូរការងាររូបនោះ ជាអ្នកទាក់ទងអាជ្ញាធរនៅនឹងកន្លែង ដើម្បីជូនដំណឹងពីការបាត់ខ្លួននេះ។ ការរុករកបានចាប់ផ្ដើមធ្វើ នៅទូទាំងទីក្រុងសៀមរាប ដើម្បីតាមដានស្វែងរកបុរសជនជាតិកាណាដានេះ តែនៅមិនទាន់មានស្លាកស្នាមអ្វីនៅឡើយ។
សូមបញ្ជាក់ដែរថា លោក ដេវ វ័លឃ័រ និងដៃគូររួមការងាររបស់លោក បានសហការគ្នាបើកផលិកម្មភាពយន្ដមួយ ក្នុងប្រទេសកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១២កន្លងទៅ ដែលមានឈ្មោះថា អានីមីស ហ្វាម ហ្វីម (Animist Farm Films)។ លោកបានធ្វើភាពយន្ដឯកសារមួយ នៅលើប្រជាជនកម្ពុជាទាំងឡាយដែលបានរួចរស់មានជីវិត ពីរបបខ្មែរក្រហម។ លោក ភីធើរ វ្រុនស្គី បានសម្ដែងការព្រួយបារម្ភ ខ្លាចមនុស្សដែលរអើលខ្លួន ដោយសារភាពយន្ដឯកសាររបស់លោក ដេវ វ័លឃ័រ អាចនឹងមានបំណងអាក្រក់ណាមួយ មកលើមិត្តរបស់លោក៕
-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤