យីងឡាក់ អាចនឹងត្រូវគណបក្សដកបេក្ខភាពនាយករដ្ឋមន្រីចេញ
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: February 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខណៈដែលកំពុងវិលវល់នឹងក្រុមបាតុករ ដែលកំពុងតវ៉ាទម្លាក់រដ្ឋាភិបាល មិនទាន់ដោះស្រាយចប់ផង លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ ត្រូវទទួលបន្ទុកមួយទៀត នោះគឺគណៈកម្មាធិការប្រឆាំងអំពើពុករលួយថៃបានចោទប្រកាន់លោកស្រី ពីបទប្រព្រឹត្តអំពើពុករលួយ។ បទចោទនេះ គឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយ ដែលអាចកំណត់ជោគវាសនារបស់លោកស្រី ពីព្រោះពេលនេះ គណបក្ស ភឿថៃ (Pheu Thai) កំពុងធ្វើការពិចារណាក្នុងការដកបេក្ខភាពរបស់លោកស្រីឈរឈ្មោះ ជានាយករដ្ឋមន្រ្តីពីបក្ស។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ។ (រូបថត NTB Scanpix)
នយោបាយថៃ - មើលទៅលោកស្រី យីងឡាក់ និងរដ្ឋាបាលរបស់លោកស្រី ទំនងជាគ្មានសំណាងនោះទេ។ លោកស្រី យីងឡាក់ ដែលកំពុងតែវីវក់តប់ប្រមល់ទល់ពុទ្ធោ ចំពោះក្រុមបាតុករប្រឆាំងតវ៉ាអស់រយៈពេលជាង ៣ ខែមកហើយនោះ ស្រាប់តែជួបរឿងអពមង្គលថ្មីមួយទៀត គឺគណៈកម្មាធិការប្រឆាំងអំពើពុករលួយថៃ ចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ដែលអាចទាញលោកស្រី ឲ្យបាត់ឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់គណបក្សភឿថៃរបស់ខ្លួន។
ការប្រចោទប្រកាន់លោកស្រី យីង ឡាក់ ថាបានប្រព្រឹត្តអំពើពុករលួយនេះ បានធ្វើឡើងនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីគណៈកម្មាធិការប្រឆាំងអំពើពុករលួយរកឃើញបឋមថា លោកស្រីបានធ្វេសប្រហេស ចំពោះកម្មវិធីឧបត្ថម្ភដល់ប្រជាកសិករ ក្នុងការទិញស្រូវរបស់ពួកគេ។ គម្រោងទិញស្រូវពីប្រជាកសិកររបស់រដ្ឋាភិបាលថៃ ដែលមានតម្លៃថ្លៃជាងទីផ្សារធម្មតារហូតដល់ ៥០ ភាគរយដើម្បីស្តុបទុកនិងលើកកំពស់ជីវភាពរបស់ប្រជាកសិករ។ ការធ្វេសប្រហេលមិនបានទិញស្រូវពីកសិករនេះ បានធ្វើឲ្យរដ្ឋាភិបាលត្រូវខាតបង់ថវិការរាប់ពាន់លានដុល្លារ ដោយសារតែការប្រព្រឹត្តអំពើពុករលួយ។
នៅថ្ងៃទី ២៧ ខែកុម្ភៈខាងមុខនេះ ជាថ្ងៃកំណត់ដែលលោកស្រី យីង ឡាក់ ត្រូវចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់គណៈកម្មាធិការប្រឆាំងអំពើពុករលួយ។ ក្រោយពីធ្វើការសាកសួររួច គណកម្មាធិការនេះ នឹងបើកការស៊ើបអង្កេតឲ្យច្បាស់រយៈពេល ២ ខែ ទើបប្រកាសលទ្ធផលថា លោកស្រី យីង ឡាក់ ពិតជាបានប្រព្រឹត្តអំពើពុករលួយមែនឬយ៉ាងណា?
យ៉ាងណាក៏ដោយ បើយោងតាមការសែតបាំងកកប៉ុស្តិ៍របស់ថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបញ្ជាក់ពីភាពត្រឹមត្រូវរបស់លោកស្រីថា «ខ្ញុំបានត្រៀមខ្លូនរួចជាស្រេចហើយ ដើម្បីចូលខ្លួនទៅបំភ្លឺនៅចំពោះមុខគណៈកម្មាធិការប្រឆាំងអំពើពុករលួយ ខ្ញុំមិនភ័យខ្លាចនោះទេ ពីព្រោះខ្ញុំជាមនុស្សស្អាតស្អំគ្មានកំហុស ពោលគឺមិនបានប្រព្រឹត្តអំពើពុករលួយ ដូចការចោទប្រកាន់នោះទេ បើទោះជារូបខ្ញុំត្រូវមនុស្សមួយចំនួន គុំគួនចោទថាប្រព្រឹត្តបទឧក្រិដ្ឋ និងចង់ដកបេក្ខភាពខ្ញុំឈរឈ្មោះជានាយករដ្ឋមន្រ្តីក៏ដោយ»។
នៅថ្ងៃសុក្រនេះ ការសែតបាំងកកប៉ុស្តិ៍របស់ថៃក៏បានចុះផ្សាយផងដែរ ដោយដកស្រង់សម្តីរបស់មន្រ្តីជាន់ខ្ពស់គណបក្សភឿថៃរបស់លោកស្រី យីង ឡាក់ បច្ចុប្បន្នថា បេក្ខភាពឈរឈ្មោះក្នុងការបោះឆ្នោតអាណត្តិនេះ របស់លោកស្រី យីង ឡាក់ អាចនឹងត្រូវដកចេញដាក់អ្នកថ្មីមកជំនួស ប្រសិនបើគណៈកម្មាធិការប្រឆាំងអំពើពុករលួយប្រកាសលទ្ធផលស៊ើបអង្កេតថា លោកស្រីនាយករដ្ឋមន្រ្តីបច្ចុប្បន្នពិតជាបានប្រព្រឹត្តអំពើពុករលួយមែននោះ។ បេក្ខជនឈ្មោះនាយករដ្ឋមន្រ្តីថ្មីជំនួសលោកស្រី យីង ឡាក់ អាចធ្លាក់ទៅលើលោក សំឆៃ វង្សសាវ៉ាត (Somchai Wongsawat) ដែលជាអតីតនាយករដ្ឋមន្រ្តីថៃ។
ដោយឡែកយោងតាមទីភ្នាក់ងារ សារព័ត៌មានអាអេហ្វប៉េ (AFP) ចេញផ្សាយនៅល្ងាចថ្ងៃសុក្រទី២១ ខែកុម្ភៈនេះ បានឲ្យដឹងថា បន្ទាប់ពីប្រមូលផ្តុំគ្នាកាន់កាប់អាគារដ្ឋសំខាន់ៗមួយចំនួនរួចមក ក្រុមបាតុករថៃរាប់ពាន់នាក់ ដែលភាគច្រើនគឺជាក្រុមកសិករ ជាអ្នកខឹងសម្បារនឹងលោកស្រី យីង ឡាក់ បានព្រមានសម្រុកចូលព្រលានយន្តហោះ នៃរាជធានីបាងកកផងដែរ ដើម្បីទាមទារឲ្យរដ្ឋាភិបាលបច្ចុប្បន្នចុះចេញពីតំណែង៕
-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១៤