នាយករដ្ឋមន្ត្រីយីងឡាក់ ពន្យល់ពលរដ្ឋថៃឲ្យទទួលយកសាលក្រម
គឺជាសេចក្ដីថ្លែងពន្យល់របស់នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលធ្វើនៅតាមកញ្ចក់ទូរទស្សន៍ ថ្លែងទៅកាន់ពលរដ្ឋថៃទាំងអស់ ដើម្បីសុំឲ្យពួកគេ ទទួលយកសាលក្រមរបស់តុលាការអន្តរជាតិ។ ការពន្យល់របស់លោកស្រី បានធ្វើនៅប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសសាលក្រម របស់សាលាក្ដីយុត្តិធម៌ជាន់ខ្ពស់បំផុត នៃអង្គការសហប្រជាជាតិ ដែលបានសម្រេចបកស្រាយឲ្យកម្ពុជាធ្វើជាម្ចាស់ដីនៅជុំវិញ ប្រាសាទព្រះវិហារដែលមានចំណាស់ជិត១ពាន់ឆ្នាំ។
នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងតាមកញ្ចក់ទូរទស្សន៍ ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត ចម្លងពីអេក្រង់វីដេអូ)
ជម្លោះព្រំដែន - នាយករដ្ឋមន្ត្រីថៃ បានថ្លែងតាមកញ្ចក់ទូរទស្សន៍ នៅក្នុងជំហរនឹងនរស្ងប់ស្ងៀម ប៉ុន្តែមានសម្លេងមិនសូវជាលះឡើយ។ នរណាៗក៏បានដឹងដែរថា លោកស្រីនាយករដ្ឋមន្ត្រីត្រូវមានការទទួលខុសត្រូវ និងត្រូវមានតួនាទីដើម្បីធ្វើកិច្ចការនេះ បើទោះជាវាមិនមែនជាបំណងរបស់លោកស្រី ក្នុងនាមជាពលរដ្ឋថៃ ហើយក៏រឹតតែមិនមែនជាលោកស្រី ឬក្រុមនយោបាយរបស់លោកស្រីនោះទៅទៀត ដែលជាអ្នកបង្កបញ្ហានេះឡើងក៏ដោយ។
អ្វីដែលលោកស្រីអាចធ្វើបាននៅពេលនេះ គឺពង្រួមទំហំនៃសេចក្ដីសម្រេចចិត្ត របស់សាលាក្ដីយុត្តិធម៌អន្តរជាតិ ដែលបញ្ជាក់ក្នុងសាលក្រមយ៉ាងច្បាស់ជាថ្មីថា «ប្រទេសកម្ពុជាមានអធិបតេយ្យភាព ទៅលើផ្ទៃដីដែលស្ថិតនៅជុំវិញប្រាសាទព្រះវិហារ»។ នៅក្នុងកាយវិការមិនសូវជាធូរឱរ៉ាប៉ុន្មាន លោកស្រីយីងឡាក់ បានទាញយកសាលក្រមមកពន្យល់ទៀតថា សាលាក្ដីបានប្រគល់ទៅឲ្យកម្ពុជា នូវទឹកដីភ្នំជុំវិញដែលមានប្រាសាទតាំងនៅ ហើយបាននិយាយថា កម្ពុជាទទួលបានតែដី«តែមួយដុំតូច»ប៉ុណ្ណោះ។
លោកស្រីបានព្យាយាមពន្យល់ ពីសារសំខាន់ដ៏ចម្បងមួយ ដែលប្រទេសថៃត្រូវរក្សាចំណងទាក់ទងល្អ ជាមួយប្រទេសកម្ពុជា។ «ថៃនិងកម្ពុជា ជាប្រទេសពីរជិតខាងគ្នា។ ប្រទេសទាំងពីរមានព្រំដែនរួមគ្នា ប្រវែងជាង ៨០០គីឡូម៉ែត្រ ហើយសុទ្ធសឹងជាប្រទេសសមាជិក របស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលត្រូវបន្តជួយគ្នាទៅវិញទៅមក ដើម្បីស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់។ ម្យ៉ាងទៀត ប្រជាជនថៃនិងកម្ពុជា មានចំណងទាក់ទងជាមិត្តភាព មានវប្បធម៌និងប្រវត្តិសាស្ត្ររួមគ្នា តាំងពីរយូរយាណាស់មកហើយ។ ដូច្នេះវាសំខាន់ណាស់ ដែលប្រទេសទាំងពីរត្រូវរួបរួមក្នុងធ្លុងតែមួយ ដើម្បីផលប្រយោជន៍ និងសុភមង្គលនៃប្រជាជនទាំងសងខាង។»
នៅឆ្នាំ១៩៦២ តុលាការអន្តរជាតិ បានសម្រេចរួមហើយ ថាប្រាសាទព្រះវិហារ ស្ថិតក្នុងអធិបតេយ្យរបស់កម្ពុជា។ ប៉ុន្តែភាពតានតឹងបានផ្ទុះឡើង បន្ទាប់ពីកម្ពុជាបានដាក់បញ្ចូលប្រាសាទបូរាណ ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូនីស្កូនៅខែកក្កដាឆ្នាំ២០០៨។ ប្រទេសថៃ នៅក្រោមការគ្រប់គ្រង់របស់រដ្ឋាភិបាល លោក អាភីសិទ វៀចាជីវ៉ាក់ (ក្លាយជាគណបក្សប្រឆាំងសព្វថ្ងៃ) បានចាត់ទុកទឹកដី៤,៦គីឡូម៉ែត្រក្រឡាជាប់ប្រាសាទព្រះវិហារ ជារបស់ខ្លួន ដោយសម្អាងទៅលើផែនទីជាឯកត្តោភាគីមួយ ដែលគូសដោយប្រទេសថៃខ្លួនឯង ហើយបានបញ្ជូនកងទ័ព ចូលមកកាន់កាប់តំបន់នោះ។ ការប្រទាញប្រទង់គ្នានេះ បានបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ រហូតដល់មានផ្ទុះអាវុធខ្លាំងក្លា និងមានស្លាប់មនុស្សជាច្រើននាក់ ដែលជម្រុញឲ្យកម្ពុជាប្ដឹងទៅតុលាការអន្តរជាតិជាលើកទីពីរ នៅឆ្នាំ២០១១ ដើម្បីបកស្រាយឲ្យបានច្បាស់ ពីសាលក្រមសម្រេចឆ្នាំ១៩៦២ឡើងវិញ។
អ្វីដែលគេទន្ទឹងរងចាំនោះ បានមកដល់ដូចបានគ្រោងទុកនោះមែន ប៉ុន្តែមិនមែនជាការទន្ទឹងទុក របស់ប្រជាជនថៃនោះទេ។ សាលក្រមថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៣ ដែលត្រូវបានអនុម័ត្រទទួលយល់ព្រម ក្នុងសម្លេងតែមួយ ដោយចៅក្រមទាំង១៧រូបនោះ បានបញ្ជាក់អះអាងថា ពីទឹកដីតំបន់ភ្នំជុំវិញប្រាសាទព្រះវិហារទាំងអស់ រាប់ទាំងតំបន់៤,៦គីឡូម៉ែត្រក្រឡា ដែលថៃទាមទារនោះផង ស្ថិតនៅក្នុងអធិបតេយ្យរបស់ប្រទេសកម្ពុជា។ សាលក្រម បានបង្គាប់ទៀតថា ប្រទេសថៃត្រូវបញ្ចប់នូវរាល់វត្តមាន កងទ័ពនិងនគរបាល នៅលើតំបន់ជុំវិញប្រាសាទខ្មែនេះតទៅទៀត។
នៅចំពោះសាលក្រមនៃសាលាក្ដីយុត្តិធម៌អន្តរជាតិ ស្ត្រីមេដឹកនាំរដ្ឋាភិបាលថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា កំពុងឈរនៅលើស្ថានភាពមួយដ៏ពិបាក ជាពិសេសក្នុងខណៈពេលដែល សំនុំរឿងព្រំដែននេះ ច្បាស់ជានឹងត្រូវបានប្រើប្រាស់ ដោយក្រុមប្រឆាំងផ្នែកនយោបាយរបស់លោកស្រី។ នៅកណ្ដាលទីក្រុងបាងកក បាតុករជាច្រើនពាន់នាក់ បានមកជួបជុំគ្នាតាំងពីច្រើនសប្ដាហ៍មកហើយ ដើម្បីបង្ហាញនូវការជំទាស់របស់ពួកគេ ប្រឆាំងនឹងច្បាប់មួយ ដែលគេដឹងថា ជាច្បាប់ត្រៀមលើកលែងទោស ទៅដល់អ្នកនយោបាយដូចយ៉ាង លោក ថាក់ស៊ី ស៊ីនណាវ៉ាត្រា បងប្រុសរបស់លោកស្រីនោះជាដើម៕
-------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ