តុលាការ​អន្តរជាតិ៖ ដី​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ​ដែល​​ថៃ​ទាម​ទារ ជា​របស់​កម្ពុជា

តុលាការយុត្តិធម៌ជាន់ខ្ពស់បំផុត របស់អង្គការសហប្រជាជាតិ បានសម្រេចនៅថ្ងៃចន្ទទី១១ខែវិច្ឆកានេះ ថាប្រទេសកម្ពុជា មានអធិបតេយ្យភាព លើដីមានជម្លោះ នៅជុំវិញប្រាសាទ ព្រះវិហារ នៅជាប់ព្រំដែន ជាមួយប្រទេសថៃ។ ជាការប្រកាស​សាលក្រម ទៅតាមពាក្យបណ្ដឹងមួយ ដែលប្រទេសកម្ពុជាបានស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយឡើងវិញ​នូវសាលក្រមឆ្នាំ ១៩៦២ ដែលសាលាក្ដីនេះ បានសម្រេចឲ្យប្រាសាទព្រះវិហារ ស្ថិតក្នុងដែនអធិបតេយ្យភាព​នៃប្រទេស​កម្ពុជា។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: November 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តុលាការយុត្តិធម៌ជាន់ខ្ពស់បំផុត របស់អង្គការសហប្រជាជាតិ បានសម្រេចនៅថ្ងៃចន្ទទី១១ខែវិច្ឆកានេះ ថាប្រទេសកម្ពុជា មានអធិបតេយ្យភាព លើដីមានជម្លោះ នៅជុំវិញប្រាសាទ ព្រះវិហារ នៅជាប់ព្រំដែន ជាមួយប្រទេសថៃ។ ជាការប្រកាស​សាលក្រម ទៅតាមពាក្យបណ្ដឹងមួយ ដែលប្រទេសកម្ពុជាបានស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយឡើងវិញ​នូវសាលក្រមឆ្នាំ ១៩៦២ ដែលសាលាក្ដីនេះ បានសម្រេចឲ្យប្រាសាទព្រះវិហារ ស្ថិតក្នុងដែនអធិបតេយ្យភាព​នៃប្រទេស​កម្ពុជា។


ប្រាសាទព្រះវិហារបស់ខ្មែរ នៅលើទឹកដីរបស់ខ្មែ។ (រូបថត ឯកសារ)

ជម្លោះព្រំដែន - តុលាការយុត្តិធម៌អន្តរជាតិ ដែលហៅកាត់ថាភាសាអង់គ្លេសថា ICJ ឬភាសាបារាំងថា CIJ នោះ បាន​សម្រេចថា តំបន់ជុំវិញប្រាសាទព្រះវិហារចំណាស់ជិតមួយពាន់ឆ្នាំ ដែលប្រទេសថៃទាមទារក្នុងជម្លោះព្រំដែន រវាង​ប្រទេសជិតខាងទាំងពីរ ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសកម្ពុជា។ តុលាការនេះ ក៏បានបង្គាប់ឲ្យថៃបញ្ចប់នូវរាល់វត្តមាន កងទ័ពនិងនគរបាល នៅជុំវិញប្រាសាទខ្មែនេះតទៅទៀត។

លោក ភីធើរ ថមការ (Peter Tomka) ប្រធានអង្គជំនុំជម្រះនៃសាលាក្ដីនេះ បានប្រកាសថា «សាលាក្ដីបានសម្រេច​ជា​ឯកច្ឆ័ន្ទ ថាប្រទេសកម្ពុជាមានអធិបតេយ្យភាព ទៅលើផ្ទៃដីដែលស្ថិតនៅជុំវិញប្រាសាទព្រះវិហារ»។

ជម្លោះទាស់ទែងប្រដាប់អាវុធ រវាងប្រទេសទាំងពីរ នៅជុំវិញប្រាសាទដែលបានចុះ នៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក នៃអង្គការអ៊ុយណេស្កូ បានធ្វើឲ្យមានមនុស្សស្លាប់ទាំងសងខាង យ៉ាងហោចណាស់២៨នាក់ និងប្រជាជនរាប់​សិប​ពាន់​នាក់ រត់ភៀសខ្លួន កាលពីឆ្នាំ២០១១។ ការប្រកាសសាលក្រមពីទីក្រុងឡាអេ នៃប្រទេសហូឡង់ ត្រូវបានស្ថានីយ​ទូរទស្សន៍ក្នុងស្រុក ចាប់រូបភាពយកទៅផ្សាយបន្តផ្ទាល់ ដែលអាចឲ្យមនុស្សជាច្រើននាក់តាមដានការសម្រេចក្ដីនេះ។

ប៉ុន្តែតាំងពីច្រើនសប្ដាហ៍មកហើយ ដែលមេដឹកនាំនៃប្រទេសទាំងពីរបានប្រឹងប្រែង រងាប់អារម្មណ៍ប្រជាជន​នៃប្រទេស​ផងខ្លួន ដែលអាចបង្កជាហេតុភេទ ជាយថហេតុណាមួយ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បានអះអាងថា ប្រទេសលោកទាំងពីរនឹងទទួលយកសាលក្រម បើទោះជាវា​មាន​ភាពចាញ់ឈ្នះ ទៅភាគីណាក៏ដោយ។

ប៉ុន្តែផ្ទុយពីការអះអាងខាងលើនេះ រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ នៅក្នុង​ប្រទេសថៃ អាចនឹងមានផលរមាស់​ខ្លាំង​ជាង ដោយសារតែរលកចលនាប្រឆាំង កំពុងតែងើបឡើងជាបន្តបន្ទាប់ បន្ទាប់​ពីច្បាប់ដ៏ចម្រូងចម្រាស់មួយ ត្រូវ​បាន​អនុម័ត្រឡើង ដែលធ្វើឲ្យគេយល់ថា ជាច្បាប់ដើម្បីលើកលែងទោសឲ្យតែលោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រា បងប្រុស​បង្កើត​របស់នាយករដ្ឋមន្ត្រីសព្វថ្ងៃ។

ប្រទេសកម្ពុជា បានប្ដឹងទៅសាលាក្ដីយុត្តិធម៌អន្តរជាតិ នៅឆ្នាំ២០១១ ដើម្បីឲ្យបកស្រាយឡើងវិញ នូវសាលក្រមឆ្នាំ១៩៦២ ដែលបានកាត់សេចក្ដីនៅពេលនោះ ឲ្យកម្ពុជាមានអធិបតេយ្យភាព លើប្រាសាទព្រះវិហារពេញទី។ ចាប់ពីពេលនោះ ប្រទេសថៃមិនបានប្ដឹងសារទុក្ខ ពីការកើតទុក្ខមិនសុខចិត្តអ្វីឡើយ ដែលជាមូលហេតុមួយនៅពេលនេះ ធ្វើឲ្យប្រទេសថៃ​អស់សិទ្ធិ ចប់អាជ្ញាយុកាល មិនអាចសើរើ ឬជជែកតវ៉ាអ្វីឡើយ ពីសាលក្រមឆ្នាំ១៩៦២នេះ៕

-------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...