«វ៉ា គឹមហុង បង្ហាញ​ផែនទី​ មាន​សរសេរ​ដាក់​ថា​"សម្ងាត់"»

«ផែនទីប្រាំពីរផ្ទាំង ស-ខ្មៅ ដែលលោក វ៉ា គឹមហុង បង្ហាញនៅទីស្តីការគណៈរដ្ឋមន្រ្តី ហ្នឹង មានប្រាំពីចំណុច ដែល​បាន​បាត់​បង់​ដី​ខ្មែរ ហើយលើផែនទីនោះ គេដាក់ថា “សម្ងាត់”។» នេះជាការលើកឡើងរបស់ លោក អ៊ុំ សំអាន តំណាង​រាស្រ្ត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១០ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 11, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបង្ហាញផែនទី របស់ប្រធានគណៈកម្មការចម្រុះ ចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា លោក វ៉ា គឹមហុង នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណរដ្ឋមន្រ្តី ត្រូវបានតំណាងរាស្ត្រ មកពីគណបក្ស​សង្គ្រោះ​ជាតិ ដែលមានវត្តមាន នៅទីនោះដែរនោះ បង្ហាញការសង្ស័យខ្លាំងឡើង។ លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប បានថ្លែងឡើងថា លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការក្នុង បានយកផែនទីកូពី ដែល​ផលិតដោយប្រទេសវៀតណាម រួមទាំងមានវាយពាក់ថា«សម្ងាត់»។ លោកបន្តថា ពាក្យ«សំងាត់»នេះ ត្រូវ​បាន​លោកមើលឃើញ នៅមុនលោក វ៉ា គឹមហុង លុបចោយ និងខ្វៀលវាចេញ ពីលើផែនទីនោះ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តំណាងរាស្ត្រគណបក្សប្រឆាំង ដែលលេចធ្លោ ក្នុងការ​ឃ្លាំ​មើលបញ្ហាព្រំដែន បានចោទជាសំនួរថា ហេតុអ្វីបានជាផែនទី ដែលលោក វ៉ា គឹមហុង បង្ហាញនោះ មាន​ពាក្យ​ថា«សម្ងាត់»យ៉ាងដូច្នោះ? តើផែនទីតំកល់នៅយូអិន (UN) និងនៅបារាំង មានពាក្យសំងាត់នេះដែរឬ? លោក​បាន​ឆ្លើយដោយខ្លួនលោកថា៖ «អត់មានទេ»។

«ប្រាំពីរចំណុច ដែលបង្ហាញថា កាត់ដីឲ្យយួន»

លោក អ៊ុំ សំអាន បានថ្លែងឡើងថា៖ «តែលោក វ៉ា គឹមហុង បង្ហាញហ្នឹង កាត់អក្សរសម្ងាត់នោះចេញ។ (…) លោក វ៉ា គឹមហុង អះអាងថា ផែនទីលោកបង្ហាញនោះ យកមកពី UN អត់មានផែនទីហ្នឹងទេ។ ចាំមើលដល់​សម្តេច ហ៊ុន សែន ស្នើសុំផែនទី (ពីUN) មក (តើ) មានចំណុចទាំងប្រាំពីរ នោះ (ឬ) អត់? ចាំមើលលោក វ៉ា គឹមហុង វ័ន្ដករ (នឹង) អាប្រាំពីរចំណុចនោះហើយ។ (…) ប្រាំពីរចំណុចនោះហើយ ដែលបង្ហាញថាកាត់ដី​ឲ្យ​យួន។»

តំណាងរាស្ត្រ បានអះអាងទៀតថា ក្នុងរយៈពេលបីថ្ងៃ ដែលចរចារចាមួយភាគីវៀតណាម រឿងព្រំដែននោះ លោក វ៉ា គឹមហុង មិននិយាយជាមួយអ្នកសារព័ត៌មានឡើយ។ ព្រោះអ្វី? ព្រោះតែប្រាំពីរចំណុច ដែលបាន​ធ្វើឲ្យបាត់បង់ដី។ បើមិនដុច្នេះទេ លោក វ៉ា គឹមហុង ច្បាស់ជាក្អេងក្អាង ជាមួយអ្នកសារព័ត៌មានមិនខាន។ លោក សំអាន បានពន្យល់អះអាងទៀតថា លោកមានរូបថត និងភស្តុតាង ស្តីពីការបញ្ជាក់លើផែនទី ទាំង​ប្រាំពីរ​ច្បាប់របស់លោក វ៉ា គឹមហុង នោះ ដែលមានសរសេរពាក្យថា «សម្ងាត់»។

លោក បានថ្លែងឲ្យដឹងទៀតថា៖ «គាត់ខ្វៀលចោល អានៅខាងមុខហ្នឹង។ ចាំមើល ខ្ញុំនឹងបង្ហោះឯកសារដើម (តាមរយៈហ្វេសប៊ុក) ដែលសរសេរថា "សម្ងាត់" ដែលលោក វ៉ា គឹមហុង បង្ហាញនៅទីស្តីការគណៈរដ្ឋមន្រ្តី​ហ្នឹង។ (…) ផែនទីនៅយូអ៊ិន (UN) អត់មានសម្ងាត់នោះទេ ផែនទីនៅបារាំង ក៏អត់មានសម្ងាត់ដែរ នោះគេ​ឲ្យ​មហាជនមើលតើ។ (…) វ៉ា គឹមហុង ឆ្លាតម្លេះ លប់ពាក្យសម្ងាត់ចោល។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបញ្ជាក់ ពីលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ​ខណ្ឌ​សីមា និងលោក ផៃ ស៊ី ផាន មន្រ្តីនាំពាក្យទីស្តីការគណរដ្ឋមន្រ្តីបានឡើយ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៥នេះ ទាក់ទងនិងការចោទប្រកាន់ របស់លោកអ៊ុំ សំអាន តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...