នគរបាល​ព្រំដែន​ខ្មែរ បដិសេធ​លិខិត​ឆ្លង​ដែន​ អាល់ហ្សេរី!

តើប្រទេសកម្ពុជា មានករណីពិសេស សម្រេាប់ប្រទេសអាល់ហ្សេរី (ស្ថិតក្នុងទ្វីប​អាហ្វ្រិក​ខាងជើង) ឬយ៉ាងណា ទើប​ពលរដ្ឋ​នៃ​ប្រទេស​នេះ បានកាន់លិខិតឆ្លងដែនរបស់ខ្លួន ដោយមានទិដ្ឋាការច្បាស់លាស់ ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​បរទេស​រួច ធ្វើដំណើរមកដល់ព្រំដែន នៃប្រទេសកម្ពុជាហើយ ស្រាប់តែត្រូវនគរបាលខ្មែរ ឃាត់​នៅ​នឹង​ព្រំដែន រួច​«ហាម​ចូល»​មក​ក្នុង​កម្ពុជា​​យ៉ាង​ដូច្នេះ?
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 16, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើនគរបាលអន្តោរប្រវេសន៍ខ្មែរទាំងនោះ ធ្វើការងាត្រួតពិនិត្យ ដោយហ្មត់ចត់បែបនេះ ចំពោះគ្រប់ជន​បរទេស ជាពិសេសជនជាតិ«យួន»នោះ ជាការល្អណាស់។ តែនេះ ដូចជាមិនដូច្នេះទេ។ ពលរដ្ឋ​អាល់ហ្សេរី​មួយរូប លោក យ៉ានីស ហ្វេគ្លូល (Yaniss Feghloul) ដែលមានលំនៅដ្ឋាន ក្នុងប្រទេសបារាំង ត្រូវបាន​នគរបាល​ខ្មែរ នៅច្រកព្រំដែន រវាងប្រទេសកម្ពុជានិងវៀតណាម (ច្រកបាវិត?) ឃាត់និងហាម មិន​ឲ្យ​លោក​ចូលក្នុងទឹកដីកម្ពុជា ដោយសារនគរបាលទាំងនោះ មិនស្គាល់លិខិតឆ្លងដែន របស់លោក។ លិខិត​ឆ្លង​ដែន ដែលមានទិដ្ឋាការចូលកម្ពុជា រួចជាស្រេច ផ្ដល់ដោយស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​រដ្ឋធានី​ប៉ារីស ប្រទេសបារាំង។ នេះបើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអាលហ្សេរី «Algérie-Focus» ចេញ​ផ្សាយ​ជា​ភាសា​បារាំង។

លោក យ៉ានីស ហ្វេគ្លូល បានថ្លែងប្រាប់សារព័ត៌មានថា៖ «ពេលនេះ ខ្ញុំកំពុងជាប់នៅនឹងមាត់ព្រំដែន (ខ្មែរ-​យួន)។ នគរបាលព្រំដែនខ្មែរ បានប្រាប់ខ្ញុំថា លិខិតឆ្លងដែនរបស់ប្រទេសអាល់ហ្សេរី មិនត្រូវបាន​ទទួល​ស្គាល់ ដោយអាជ្ញាធររបស់កម្ពុជាទេ បើទោះជាខ្ញុំមានទិដ្ឋាការ ស្ថិតក្នុងសុពលភាពត្រឹមត្រូវក៏ដោយ។»

សារព័ត៌មានបានរាយការណ៍ថា បន្ទាប់ដំណើរកំសាន្ដ ដើម្បីក្រេបចន្ទទឹកឃ្មុំ (ក្រោយអាពាហ៍ពិពាហ៍) នៅ​ប្រទេសវៀតណាមរួច លោក ហ្វេគ្លូល ចង់ធ្វើដំណើរទៅកំសាន្ដ និងស្វែងយល់ជាបន្តទៀត នៅក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែតាមមើលទំនង ពលរដ្ឋអាល់ហ្សេរីទាំងអស់ មិនត្រូវបានអនុញ្ញតឲ្យចូល ទៅក្នុង​ទឹកដី​ដែល​មាន​ផ្ទៃក្រឡា ប្រមាណជា ១៨១ ០៣៥គីឡូម៉ែត្រការ៉េ នៃពិភពលោកដ៏ធំទូលាយនេះឡើយ។

ពលរដ្ឋអាល់ហ្សេរី បានសម្ដែងក្ដីចំងល់ទៀតថា៖ «ខ្ញុំឃើញបញ្ជីមួយ នៅក្នុងប៉ុស្ដ៍ព្រំដែន ខាងប្រទេស​វៀតណាម ដែលដូចជាដាក់បង្ហាញ ពីប្រទេសមួយចំនួន ដែលកម្ពុជាមិនចង់ឲ្យចូល។ ហើយប្រទេស​អាល់ហ្សេរី ស្ថិតក្នុងបញ្ជីនោះ ជាមួយនឹងប្រទេសអាហ្វហ្គានីស្ថាន អៀរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត។»

លោក យ៉ានីស ហ្វេគ្លូល បានបន្តរៀបរាប់ថា លោកបានទាក់ទងទៅមន្ត្រីអចិន្ត្រៃយ៍ នៃស្ថានទូតអាល់ហ្សេរី ប្រចាំ​នៅរដ្ឋធានី ហាណូយ ប្រទេសវៀតណាម ប៉ុន្តែក្រុមអ្នកការទូត​ជាតិអាល់ហ្សេរីទាំងនោះ មិនអាច​ទាក់​ទង មកមន្ត្រីកម្ពុជាណាម្នាក់បានទាល់តែសោះ ដើម្បីស្វែងរកដំណោះស្រាយ ជុំវិញបញ្ហានេះ។ សារព័ត៌មាន​បានសរសេរព្រមានបន្ថែមថា បណ្ដាពលរដ្ឋអាល់ហ្សេរី ដែលចង់ធ្វើដំណើរទៅកម្ពុជា អាចនឹងមានវាសនា ដូច​លោក យ៉ានីស ហ្វេគ្លូល និងបានសរសេរពន្យល់ ឲ្យមានការប្រយ័ត្នប្រយ៉ែង ឲ្យខ្លាំងឡើង។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នាយប់នេះ មិនអាចទាក់ទងមន្ត្រីការបរទេស នៃក្រសួងការបរទេស ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជាមន្ត្រីការទូតនៃស្ថានទូតកម្ពុជា ប្រចាំក្នុងប្រទេសបារាំងបានឡើយ ដោយទូរស័ព្ទមិន​មាន​អ្នក​លើក។ ប៉ុន្តែប្រសិនបើស្ថានទូតកម្ពុជា បានចេញទិដ្ឋាការទៅឲ្យពលរដ្ឋអាល់ហ្សេរី នៅលើលិខិតឆ្លងដែន នៃ​ប្រទេស​អាល់ហ្សេរី ដើម្បីអនុញ្ញាតឲ្យពលរដ្ឋនៃប្រទេសនេះ អាចធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា​បាននោះ វា​ហាក់ដូចជាបានពន្យល់រួចស្រេច និងច្បាស់លាស់ហើយ ថាប្រទេសកម្ពុជា«មិន»បានបដិសេធ ប្រទេស​អាល់ហ្សេរី ហើយក៏មិនបាន​ដាក់ប្រទេសនេះ ចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួននោះឡើយ។

ប៉ុន្តែអ្វីដែលចាំបាច់ត្រូវស្វែងយល់នោះ ថាតើមន្ត្រីព្រំដែនកម្ពជា មានអំណះអំណាងបែបណា ទើបហ៊ាន​សម្រេច​ដិសេធ លោក យ៉ានីស ហ្វេគ្លូល មិនឲ្យជាន់ទឹកដីកម្ពុជាបែបនេះ។ គេមិនបានគិតដល់ទេថា នេះអាច​ជាយុទ្ធវិធីមួយ របស់មន្ត្រីអន្ដោរប្រវេសន៍កម្ពុជាទាំងនោះ ដើម្បី«គោះ»យកលុយក្រោមតុ ពី​ជន​បរទេស ដែល​គ្នា​មាន​បំណង គ្រាន់តែចង់ទៅទស្សនា និង«ចាយលុយ» នៅប្រទេសកម្ពុជាប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...