អាមេរិក និងស្ថាប័នផ្សេងៗ ស្វាគមន៍ការដោះលែងមន្រ្តីទាំង៥
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិថុនា ២០១៧
- កែប្រែចុងក្រោយ: July 01, 2017
- ប្រធានបទ: យុត្តិធម៌-សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មុនគេបំផុតនោះ គឺសមាគមការពារសិទ្ធិមនុស្ស អាដហុកខ្លួនឯង ដែលបានសំដែងការសាទរ ចំពោះការដោះលែង ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយហៅការសម្រេចចិត្ត របស់ចៅក្រមស៊ើបអង្កេត នៃសាលាដំបូងរាជធានីភ្នំពេញ ថាជា«ជំហានដ៏វិជ្ជមាន»មួយ។ លោក ធន សារាយ ប្រធានសមាគមនេះ បានមានប្រសាសន៍ដូច្នេះ ពីប្រទេសកាណាដាមក និងបានបញ្ជាក់ថា ការសម្រេចនេះ មិនទាន់បានធ្វើឲ្យបុគ្គលិករបស់លោក មិនទាន់ទទួលបានយុត្តិធម៌ ទាំងស្រុងនៅឡើយ។
លោក ធន សារាយ បានថ្លែងបន្ត នៅក្នុងវីដេអូឃ្លីបមួយថា លោកនៅតែមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពផ្ទាល់ របស់បុគ្គលិកលោកទាំងនេះ ដោយសារពួកគេ ស្ថិតក្នុងការជាប់ចោទ នៅឡើយ។ លោកថា ពួកគេអាចនឹងត្រូវសមត្ថកិច្ច ចាប់ខ្លួនឃុំឃាំងឡើងវិញ នៅពេលរដ្ឋាភិបាល មិនពេញចិត្តចំពោះកិច្ចការតស៊ូមតិរបស់ពួកគេ ហើយបានអំពាវនាវ ទៅកាន់តុលាការ ស្នើសុំឲ្យទម្លាក់ចោល នូវរាល់ការចោទប្រកាន់ ទៅលើក្រុមមន្ត្រីរបស់លោក។
រីឯស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានហៅការសំរេចចិត្តតាមផ្លូវច្បាប់ ពីសំណាក់តុលាការកម្ពុជា នឹងកាត់បន្ថយបន្ទុក ដែលមានទៅលើចុងចោទ និងគ្រួសាររបស់គេ ក្នុងពេលដែលពួកគេ ប្រឈមដោះស្រាយ ចំពោះបណ្តឹងចោទប្រកាន់ចំពោះរូបពួកគេ។ នេះ បើតាមសេចក្តីថ្លែងការណ៍ របស់ស្ថានទូត ដែលចេញផ្សាយ នៅព្រឹក ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ។
» វីដេអូរបស់លោក ធន សារាយ៖
ចំពោះសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សវិញ ក៏ចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍មួយដែរ ចំពោះការដោះលែងនេះ និងបានកោតសរសើរ ចំពោះការប្រឹងប្រែងរបស់សង្គមស៊ីវិលនៅកម្ពុជា និងក្នុងតំបន់ ដែលធ្វើការមិនខា្លចនឿយហត់ ជំរុញឲ្យមានការដោះលែងមន្ត្រីទាំងប្រាំរូប នៅពេលនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយ នៅវេលារសៀលថ្ងៃសុក្រ បានស្រង់ប្រសាសន៍ របស់លោក ឆាលស៍ សានទីយ៉ាហ្គោ (Charles Santiago) ប្រធានសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី (Malaysia) មកបញ្ជាក់ថា មន្ត្រីទាំង៥ មិនគួរត្រូវគេឃុំខ្លួននោះទេ តាំងពីដំបូងមក ហើយថា បើទោះជាមានការដោះលែង នៅពេលនេះក្តី ពួកគេនៅតែអាចប្រឈម នឹងការឃុំខ្លួនជាថ្មីទៀត។
លោក ឆាលស៍ សានទីយ៉ាហ្គោ បានសង្កត់ធ្ងន់ថា ការចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សនេះ គឺជាការព្រមាន ទៅលើសង្គមស៊ីវិល ហើយវានឹងធ្វើឲ្យប៉ះពាល់ ដល់សេរីភាពបញ្ចេញមតិ របស់ពលរដ្ឋក្នុងការរិះគន់ សកម្មភាពរដ្ឋាភិបាល។
ដោយឡែក គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា និងដែលបានចូលរួម ក្នុងយុទ្ធនាការឲ្យដោះលែង មន្ត្រីទាំង៥រូបដែរនោះ បានចូលរួមសំដែងសេចក្ដីត្រេកអរ ជាមួយក្រុមគ្រួសាររបស់ពួកគេ។ ក្នុងសេចក្តីថ្លែងការណ៍ របស់គណបក្ស ដែលផ្សព្វផ្សាយនៅរសៀល ថ្ងៃសុក្រ គណបក្សប្រឆាំង បានបង្ហាញក្ដីសង្ឍឹមថា នេះជាជំហានមួយ ដេីម្បីឈានទៅរកស្ថានភាពនយោបាយ កាន់តែល្អប្រសើរឡើង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ខាងមុខនេះ៕