សំនុំរឿងវ៉ាលីយ៉េ៖ ចៅក្រមរកឃើញ«ជនសង្ស័យ»ម្នាក់
លោក ឆែម ឬទ្ធី ចៅក្រមស៊ើបអង្កេត នៅសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានចូលរួនមស៊ើបអង្កេតឡើងវិញ ជាមួយភាគីបារាំងបានថ្លែងថា ក្រុមស៊ើបអង្កេតបានចេញដីកាកោះមួយ ទៅបងប្អូនប្រុសសាច់ថ្លៃរបស់ភរិយាលោក វ៉ាលីយ៉េ មកសាកសួរពាក់ព័ន្ធនឹងករណីស្លាប់នោះ។ លោកបានថ្លែងបន្តថា៖ «យើងនឹងសាកសួរបុរសម្នាក់ ដែលជាបងប្អូនប្រុសរបស់ប្រពន្ធលោក វ៉ាលីយ៉េ ពីព្រោះគាត់ធ្លាប់មានជម្លោះជាមួយលោក វ៉ាលីយ៉េ កាលពីពេលមុន។ យើងមិនចោទប្រកាន់គាត់ទេ ប៉ុន្តែយើងធ្វើការស៊ើបអង្កេតបន្ថែម ពីព្រោះថាបុរសម្នាក់នោះ ក៏ធ្លាប់ប្រើថ្នាំញៀនផងដែរកាលពីមុន»។
លោកបានបន្តទៀតថា ក្រុមស៊ើបអង្កេតសង្ស័យទៅលើមនុស្សពី ៣ទៅ៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ ហើយឃាតកម្មនេះ ឃាតករគឺជាដែលមានអ្នកជំនាញខ្ពស់ ពីព្រោះគេបានបង្វែរសាច់រឿងជាច្រើន។ ដូចជាក្បាលរបស់កូនលោក Vallier គឺនៅក្នុងវ៉ាលីស និងដោយសារតែទឹកស្រះ ពុំមានចរន្តហូរ ដូច្នេះពុំអាចធ្វើឲ្យរមៀល ពីមុខទៅក្រោយបាននោះទេ។ មួយទៀតគាត់អង្គុយនៅខាងស្តាំ ដែលរថយន្តរបស់គាត់ចង្កូតឆ្វេង ដូច្នេះបញ្ជាក់ថាគាត់ពុំមែនជាអ្នកបើកទេ។
លោកបានបន្ថែមទៀតថា សាកសពអត់មានរលួយ នៅកន្លែងអ្នកបើកបរ ហើយមានស្បែកជើងផ្ទាត់មួយគូ នៅកន្លែងអ្នកបើកបរ ដែលមានទំហំតូចជាងជើងរបស់គាត់ ហើយទ្វាបិទមិនបានជិតល្អដូច្នេះ មានន័យថាគេបើកបរចុះ ហើយលោតចេញពីរថយន្ត ចំពោះសាកសពវិញ អត់មានស្លាកស្នាមធ្វើអត្តឃាតទេ បើធ្វើអត្តឃាតត្រូវរើបំរាស់នៅពេលឆ្លក់ទឹក ហើយក៏គ្មានថ្នាំពុល ថ្នាំងងុយដេក រឺក៏គ្រឿងញៀនដែរ។ ចំពោះរថយន្ត ប្រសិនបើបើកទម្លាក់ទឹក គឺឌីណាម៉ូត្រូវឆេះ ប៉ន្តែឌីណាម៉ូនៅល្អ គឺអាចបញ្ជាក់បានថារថយន្តត្រូវរុញទម្រាក់។
» លោក ឡូរ៉ង់ វ៉ាលីយ៉េ និងកូនកាត់ខ្មែរ ទាំង៤នាក់របស់លោក៖
កាលពីថ្ងៃទី២២ ខែមិនា ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា បានចេញសេចក្តីប្រការព័ត៌មាន ដែលមានសរសេរជាបីភាសាដូចជាភាសារបារាំង អង់គ្លេស និងខេមរភាសារនោះ លោកស្រី ក្លូឌីន អង់ហ៊្វូ ចៅក្រមស៊ើបសួរទទួលបន្ទុកស្រាវជ្រាវ ករណីនៃការស្លាប់របស់គ្រួសារលោក វ៉ាលីយេ បានសរសេរថា ការផ្លាស់ប្តូរវត្ថុតាង និងនិតិវិធី ការស្រាវជ្រាវដ៏ស្រួចស្រាល់ របស់នគរបាលបច្ចេកទេស និងការសាកសួរជាច្រើន ធ្វើឲ្យការស្រាវជ្រាវមានការវិវត្តយ៉ាងខ្លាំង ដែលលទ្ធផលបង្ហាញថា ករណីនេះមិនមែនជាការធ្វើអត្តឃាតនោះឡើយ។
ក្រមបច្ចេកទេសបារាំង ដែលមកពីក្រុងប៉ារីសដែលមាន នគរបាល និងចៅក្រម បានមកដល់កម្ពុជាកាលពីថ្ងៃ១០ ខែមិនា។ នៅព្រឹកថ្ងៃទី១២ ខែមីនា ក្រុមអ្នកបច្ចេកទេសទាំងនេះ ក៏បានចុះមកត្រួតពិនិត្យផ្ទាល់ នៅក្នុងលំនៅឋានលោក វ៉ាលីយ៉េ ដែរ ហើយការស្រាវជ្រាវនឹងគ្រោងធ្វើ រយៈពេល២សប្តាហ៍។
លោក ទិត ឈួន ឪពុកក្មេក របស់លោក វ៉ាលីយ៉េបានថ្លែងថា លោកមិនទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងការសាកសួរកូនប្រុសរបស់លោកទេ លោកក៏មិនមានព័ត៌មានបន្ថែម អំពីករណីនោះដែរ ហើយលោកពុំដឹងថាអ្នកណា ជាអ្នកប្រព្រឹត្ត ឬក៏មនុស្សណាមួយ ដែលលោកត្រូវសង្ស័យនោះទេ។ លោកបានថ្លែងឲ្យដឹងទៀតថា «តាំងពីដំបូងមក ខ្ញុំមិនជឿទាល់តែសោះ ដែលថាកូនប្រសាររបស់ខ្ញុំសម្លាប់ខ្លួនឯង ជាមួយនិងកូនៗរបស់គេ ដោយសារតែអត់មានអាហារហូបគ្រប់គ្រាន់»។
សាកសពរបស់លោក វ៉ាលីយ៉េ និងកូនតូច ៤នាក់ ត្រូវបានទាញចេញពីរថយន្ត ដែលលិចត្រាំក្នុងស្រះ នៅខាងក្រោយផ្ទះរបស់លោក កាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០១២ គឺ ៤ខែ បន្ទាប់ពីគ្រួសារនេះត្រូវបានគេឃើញចុងក្រោយ។ ការស៊ើបអង្កេតបឋម បានបង្ហាញថា លោក វ៉ាលីយ៉េ បានធ្វើអត្តឃាតនិងមនុស្សឃាត ប៉ុន្តែការស៊ើបអង្កេត ដែលមានជំនួយពីបារាំងនៅកំពុងបន្ត។
ភរិយាលោក វ៉ាលីយ៉េ បានស្លាប់ក្នុងខែតុលា ឆ្នាំ ២០១០ ក្នុងអំឡុងសម្រាលកូនប្រុសពៅ។ នៅពេលនគរបាលឆែកឆេរផ្ទះលោក វ៉ាលីយ៉េ បន្ទាប់ពីរកឃើញសាកសព ពួកគេបានរកឃើញតែមួយគត់ គឺកោដរបស់ប្រពន្ធត្រូវបានយកទៅបាត់។ តែក្រោយមកក៏បានរកឃើញកោដនោះ ក្នុងរថយន្តរបស់គ្រួសារគាត់។ ហើយនៅថ្ងៃទី ៣០ ខែមករា ការស៊ើបអង្កេតបឋមរបស់នគរបាលកម្ពុជា បានបង្ហាញថា គឺជាការធ្វើអត្តឃាតដោយខ្លួនឯង៕