អ្នក​គាំទ្រ ​LDP ​ម្នាក់ ត្រូវ​តុលាការ​​កោះ ពី​បទ​«ជេរ​ប្រមាថ»​​តាម​​ហ្វេសប៊ុក

តាមការគ្រោងទុក បើគ្មានអ្វីប្រែប្រួលទេ សាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើការសាកសួរ នាថ្ងៃទី៣០ ខែ​កក្កដា​នេះ ទៅ​លើ​យុវជន​ម្នាក់ ដែលបានរង ការចោទប្រកាន់ថា បាន«ជេរប្រមាថ ជាសាធារណៈ» តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ យុវជន ដែល​គេ​ស្គាល់​ថា ជា​អ្នក​គាំទ្រ​គណបក្ស «ជួង»​ ដឹកនាំដោយលោក ខឹម វាសនា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៨ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 30, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជនម្នាក់ឈ្មោះ ធាម សុទ្ធា ដែលជាអ្នកគាំទ្រ គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP ត្រូវ​បានសមាគមយុវជន ជនជាតិដើមភាគតិចកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា CIYA ស្នើបណ្តឹងឡើង សាលា​ដំបូងរាជធានីភ្នំពេញ ពីបទ «ជេរប្រមាថជាសាធារណៈ»។ តាមលិខិតផ្លូវការមួយ របស់លោក ភាព សុជា ប្រធាន​សមាគមនេះ ដែលចុះហត្ថលេខា ថ្ងៃទី១៣ ខែសីហា ឆ្នៃ២០១៤ នោះ ស្នើឲ្យលោក ធាម សុទ្ធា ចូល​មក​បំភ្លឺ ពីទស្សនៈរបស់ខ្លួន លោក ធាម សុទ្ធា ដែលបានលើកឡើង ក្នុងបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងករណីមួយ ដែលសម្រាប់សមាគមនេះ វាជាការប្រមាថម៉ាក់ងាយ ដល់​ទំនៀម​ទម្លាប់ របស់​ជនជាតិដើមភាគតិចកម្ពុជា។

តាមការអះអាង របស់លោក ធាម សុទ្ធា ក្នុងបណ្តាញសង្គម បានបង្ហាញថា លោកមិនដឹង ឬមិនបានទទួល ទាល់តែសោះ នូវការស្នើដោយ លោក ភាព សុជា ប្រធានសមាគមយុវជន ជនជាតិដើមភាគតិចកម្ពុជា ក្នុង​ការស្នើឲ្យបកស្រាយ ពីទស្សនៈរបស់លោក ដែលបានលើកឡើង ក្នុងបណ្តាញសង្គមនោះ។ ទីពីរ លោក​ក៏​មិនបានដឹង ពីដីកាទីមួយ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលកោះហៅលោកនោះដែរ (ដីកាកោះទីមួយ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤)។ និងទីបី លោក សុទ្ធា បានថ្លែងថា ការចេញដីការបស់តុលាការនេះ ធ្វើឡើង​ដោយគ្រាន់តែសំអាង លើការសរសេរជា Comment តាំងពីឆ្នាំ២០១៤ តាមបណ្តាញសង្គមហ្វេសប៊ុក លោក​ប៉ុណ្ណោះ។

ការបញ្ចេញយោបល់ របស់លោក សុទ្ធា នោះ ត្រូវបានសរសេរ ក្នុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ ដោយមាន​ន័យ​ជាអាថ៌ថា៖ «ប្រពៃណីដែលឆ្កួតលីលា ការងារដែលដើរខុសផ្លូវ។ (...) ខ្ញុំយល់ថា ទង្វើទាំងអស់នេះល្ងង់ផង សាហាវផង និងអត់បានការផង។ (...) ជាក់ស្តែង ដូចជាក្នុងរូបនេះជាដើម គឺគេយកជ្រូក មកបូជាដូចអ្នកតា។ (...) អង្គការ សមាគមជនជាតិដើមភាគតិច ពិសេសប្រធានៗ ដែលមានការយល់ដឹង សម័យនេះហើយ​នៅតែ​មិនប្រាប់ ឬពន្យល់ប្រជាជនល្ងង់ទាំងនោះ ព្រោះខ្លាចគេមិនគាំទ្រ មិនបង់ប្រាក់ នឹងខាតបង់ ប្រាប់រាប់រយដុល្លា ក្នុងមួយខែៗ។ (...) ខ្ញុំយល់ថា ប្រជាជនជនជាតិដើមភាគតិច នៅតែល្ងង មិនអាចនាំសហគមន៍ និងប្រទេស​កម្ពុជា ទៅរកភាពរីកចំរើនបានទេ នៅតែលំបានវេទនាដដែល។»

យ៉ាងណា ក៏នៅពេលនេះ អ្នកគាំទ្រគណបក្ស LDP លោក ធាម សុទ្ធា រូបនេះ ហាក់បីដូចជាទទួលស្គាល់ ដោយ​ខ្លួនលោកថា៖ «ខ្ញុំស្មានតែចប់ហើយ...ឥឡូវសរុបម្តងពីរតែម្តង។ ទាំងពីរ គឺនេះជាដីកាកោះ របស់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ មកលើរូបខ្ញុំ (ធាម សុទ្ធា) តាមពាក្យបណ្តឹង របស់លោក ភាព សុជា ប្រធាន​សមាគម​យុវជន ជនជាតិដើមភាគតិចកម្ពុជា (CIYA) អំពីបទ៖ ជេរប្រមាថ ជាសាធារណៈ។»

«រឿងដ៏តូច...»

សកម្មជន របស់គណបក្ស«ជួង»ខាងលើ បានថ្លែងបន្តទៀតថា៖ «រឿងបណ្តឹងឆ្កួតលីលាមួយនេះ ខ្ញុំបាន​ទៅ​ជួប​ជាមួយមេធាវីហើយ។ ប៉ុន្តែមេធាវី គាត់មិនចង់ការពារក្តីអោយខ្ញុំទេ ព្រោះគាត់ថា រឿងហ្នឹងតូចពេក មិនធំទេ! គេសួរអីឆ្លើយហ្នឹងទៅ! ពិសេសករណីហ្នឹង អត់ទាក់ទងនឹងការជេរគ្នា នៅពេលក្រោយៗមកទៀតទេ គឺ​ទាក់​ទង​តែរឿង កើតឡើងនៅថ្ងៃទី១០ សីហា ២០១៤ ដែលខ្ញុំបង្ហោះ រូបជំនឿឆ្កួតលីលានោះ តែប៉ុណ្ណោះ។ ហើយក៏​មិន​ទាក់ទង នឹងគុកច្រវាក់ដែរ បើចាញ់ បង់ត្រឹមតែលុយ (ចន្លោះពី ១០ ០០០៛ ទៅ ១០ ០០០ ០០០៛)។»

លោក ធាម សុទ្ធា បានលើកពាក្យសំដីមេធាវីម្នាក់ ដែលលោកមិនបានបង្ហាញឈ្មោះ មកប្រាប់ដូចច្នេះថា៖ «រឿង​ហ្នឹង ជារឿងហ្វេសប៊ុកកំប៉ិកកំប៉ុក បើសិនជា នៅតែចង់ពឹងមេធាវី ក៏គាត់ធ្វើអោយយើងដែរ តែអស់ ៥០០​ដុល្លារ ម៉ា​ចប់រឿង។ ទោះយ៉ាងណា មេធាវីនៅតែនិយាយថា មិនបាច់ចាំមានមេធាវីទេ។»

សូមរំលឹកថា បន្ទាប់ពី«ដីកាកោះ» លើកទីមួយ កាលពីថ្ងៃ២១ ខែតុលា ឆ្នាំ២០១៤ ចេញដោយព្រះរាជអាជ្ញារង អ៊ុំ សុភក្តិ ក្រោមបទចោទ «ជេរប្រមាថជាសាធារណៈ» ដោយបង្គាប់ ឲ្យជនត្រូវចោទ (ធាម សុទ្ធា) បង្ហាញខ្លួន មុខ​សាលាដំបូងក្នុងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នោះ ដីកាលើកទីពីរ ជា«ដីកាកោះឲ្យចូលខ្លួន» ចេញដោយ​ព្រះ​រាជ​អាជ្ញារង កុល បុន ដោយបង្គាប់ ឲ្យចូលមកកាន់សាលាដំបូង រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១៥ នេះ ម៉ោងពីរសៀល។ ការចោទប្រកាន់ ដោយតុលាការ ពីបទ «ជេរប្រមាថជាសាធារណៈ» អាចនឹង​ត្រូវ​ធ្វើឡើង ដោយយោងតាមមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

«បើវាបបួលយើងលេងហើយ... ជំនឿឆ្កួតៗ»

ទាក់ទង សុំការបកស្រាយ ដោយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក ភាព សុជា ប្រធានសមាគមយុវជនជន ជាតិដើមភាគតិចកម្ពុជា គ្រាន់តែបញ្ជាក់យ៉ាងខ្លីថា រង់ចាំលទ្ធផលថ្ងៃស្អែកសិន(ពីតុលាការ) ទើបលោកអាច​ផ្តល់​កិច្ចសម្ភាស នៃចម្លើយពាក់ព័ន្ធករណីខាងលើ។ រីឯលោក ធាម សុទ្ធា ក៏មិនអាចទាក់ទង សុំការបញ្ជាក់​បាន នៅឡើយដែរ នាពេលនេះ។ តែកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នេះ លោក សុទ្ធា បានសរសេរលើ​បណ្ដាញ​សង្គមទៀតថា៖ «បើវាបបួលយើង លេងហើយ យើងកំដវាចុះបងប្អូន។ អ្នកអាចបំផ្លាញខ្លួន ព្រោះតែ​ការ​សំរេចចិត្តខុស។ រួមគ្នាកំចាត់អំពើអសកម្ម ឬអំពីអាក្រក់ណាបងប្អូន ទីលានប្រយុទ្ធ បានបើកទ្វារហើយ តើ​ប្អូនត្រៀមខ្លួនហើយ(ឬ)នៅ ដើម្បីធ្វើបដិវត្តផ្នត់គំនិត នៅក្នុងប្រទេសមួយនេះ ជាពិសេសជំនឿឆ្កួតៗ?»

តាមរដ្ឋធម្មនុញ្ញ ដែលជាច្បា់កំពូលរបស់រដ្ឋ មាត្រា៣៨ បានចែងថា៖ «ច្បាប់ការពារ ជីវិត កិត្តិយស និងសេចក្ដី​ថ្លៃថ្នូររបស់ប្រជាពលរដ្ឋ»។ រីឯមាត្រា៤១ បានចែងបន្តថា៖ «ប្រជាពលរដ្ឋខ្មែរ មានសេរីភាព ខាងការ​បញ្ចេញ​មតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណា​ក៏​ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភ នាំឲ្យប៉ះពាល់ ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀម​ទម្លាប់​ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និង ដល់សន្តិសុខជាតិបានឡើយ។» ក្នុងរដ្ឋធម្មនុញ្ញដដែល ត្រង់​មាត្រា៤៣ បានចែងយ៉ាងច្បាស់ទៀតថា៖ «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ។ សេរីភាព​ខាងជំនឿ និង ការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានា ក្នុងល័ក្ខខ័ណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬ​សាសនា​ដទៃទៀត ដល់សណ្ដាប់ធ្នាប់ និង សន្តិសុខសាធារណៈ។ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។»

» សូមអានលិខិតពាក់ព័ន្ធ នឹងករណីខាងលើ ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...