យុវជនស្រវឹងម្នាក់លង់ទឹកស្លាប់នៅស្ទឹងត្នោត
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៩ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 30, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការភ្ញាក់ផ្អើល ដែលធ្វើឲ្យអ្នកស្រុក បាននាំគ្នាស្រង់សាកសព ចេញពីទឹកនេះ បានកើតឡើង នៅវេលាម៉ោង ១៧ និង៤០ នាទី ល្ងាចថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចកំពង់ទឹក ស្ទឹងត្នោត ភូមិព្រែកតាពៅ១ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រភពពីកន្លែងកើតហេតុ ដែលជាក្រុមមិត្តភក្កិ ជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅពេលផឹកស្រវឹង ក្រុមអ្នកទាំងនោះ បានបែកគ្នា ហើយជនរងគ្រោះ តម្រង់ទៅកំពង់ទឹក បម្រុងនឹងឡើងទៅលើទូក ក៏ស្រាប់តែរអិលដាំក្បាល ចូលទៅក្នុងទឹក លង់ស្លាប់ភ្លាមៗ គ្មានអ្នកជួយសង្គ្រោះទាន់។
ស្រ្តីជាម្តាយជនរងគ្រោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ជនរងគ្រោះឈ្មោះ ទិត្យ រ៉ន អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ជាមួយគ្រួសារ។ ស្ត្រីរូបនេះ បានបន្តទៀតថា គាត់បានដើររកកូន ឃើញកូនកំពុងលង់ទឹក ក៏បានស្រែកឆោឡោ ឲ្យអ្នកភូមិជួយ តែមិនទាន់នោះទេ ព្រោះជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។ ស្រ្តីជាម្តាយបានរៀបរាប់ ទាំងសោកសៅថា កូនអ្នកស្រី លង់ទឹកយូរហើយ ហើយគេទើបនឹង ស្រង់បានមកវិញ ក្នុងពេលមុននេះ។
ភ្លាមៗនោះ ប្រជាពលរដ្ឋអ្នកភូមិ នៅម្តុំស្ទឹងត្នោត បាននាំគ្នាស្រង់សាកសពឡើងគោក រួចប្រគល់ឲ្យសមត្ថកិច្ចជំនាញ ដើម្បីធ្វើកោសល្យវិច័យ។ តាមការបញ្ជាក់ របស់សមត្ថកិច្ចជំនាញមួយរូប ឲ្យដឹងថា សាកសពជានរងគ្រោះ ពិតជាលង់ទឹកស្លាប់ ប្រាកដមែន ដោយសារតែស្រវឹងជោក គ្មានកម្លាំងហែល។ បន្ទាប់ពីធ្វើកោសល្យ-វិច័យរួច កម្លាំងជំនាញបានប្រគល់សាកសព ឲ្យទៅគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕