លេងបាល់ផុងខ្សាច់ ធ្លាក់ចូលបឹងកន្លែងបូមខ្សាច់លង់ទឹកស្លាប់
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៨ តុលា ២០១៥
- កែប្រែចុងក្រោយ: October 16, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីក្មេងលង់ទឹកស្លាប់នេះ បានកើតឡើង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ នាវេលាម៉ោង១៦ និង៣០នាទីរសៀល បានបង្កការភ្ងាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តោលឲ្យក្មេងស្រីចំនួនពីរនាក់ បាត់បង់ជីវិត។
លោក វង់ សែ អធិការងស្រុកកៀនស្វាយ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងទាំងពីរនាក់នោះ បានមកពីរៀនគួរ ធ្វើដំណើរទៅផ្ទះ។ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុ នៅក្បែរផ្លូវ ជាតិលេខ១ ក្មេងរងគ្រោះបានចូលទៅលេងបាល់ ជាមួយក្មេងផ្សេងទៀត នៅភូមិជាមួយគ្នា នៅលើគំនរខ្សាច់។ ពេលកំពុងតែលេង ក្មេងស្រីទាំងពីរ បានផុងជើង ចូលក្នុងបឹងរណ្តៅបូមខ្សាច់។
ភ្លាមៗនោះ ក្មេងដទៃដែលឃើញពួកលង់ទឹក តែមិនហ៊ានចុះជួយទេ ព្រោះខ្លាច ចំណែកក្មេងខ្លះទៀត បានរត់ទៅហៅអ្នកភូមិ ឲ្យមកជួយ។ ក្រោយពេលដឹងរឿង អ្នកភូមិបាននាំគ្នាមកកន្លែងបូមខ្សាច់នោះហើយ បានចុះរាវរកក្មេងទាំងនោះ ឃើញបានប្រញាប់ប្រញាល់ ហៅរថយន្តដឹកបញ្ជូនពួកគេទៅមន្ទីពេទ្យ កាល់ម៉ែត តែគួរឲ្យសោកស្តាយ ពេលទៅដល់លោកគ្រូពេទ្យ បានប្រាប់ថា ពួកគេបានដាច់ខ្យល់ស្លាប់បាត់ហើយ។
ក្មេងស្រីរងគ្រោះទី១ មានឈ្មោះ លាង សុខហៀង មានអាយុ ១៣ ឆ្នាំមានទីលំនៅ ក្នុងភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកក្មេងស្រីទី ២ មានឈ្មោះ ញឹក សក្ខណា អាយុ ១២ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ក្រោយពេលក្មេងស្រីទាំងពីរស្លាប់ ក្រុមគ្រួសារបានទទួលសាកសព យកទៅស្រុក ដើម្បីធ្វើបុណ្យតាមប្រពៃណី។
បើតាមលោកស្រី ប៊ុត វណ្ណា មេឃុំសំរោងបានពញ្ជាក់ថា ទីតាំងបូមខ្សាច់នេះ នៅមិនឆ្ងាយពីផ្ទះរបស់ គាត់ទេ ហើយអាជ្ញាធរក៏បានចុះហាមឃាត់ ឲ្យបញ្ឈប់កាបូមខ្សាច់នេះ ២ដងមកហើយ តែខាងក្រុមហ៊ុន ហាក់មិនខ្វាយខ្វល់ នឹងការហាមប្រាមនោះឡើយ គឺនៅតែបន្តសកម្មភាពបូមខ្សាច់ដដែល។ គាត់បានបន្តយ៉ាងខ្លីទៀតថា កន្លែងបូមខ្សាច់នោះ អត់មានច្បាប់ទេ។
នៅថ្ងៃនេះ សមត្ថកិច្ចនឹងចុះទៅពិនិត្យសិក្សាស្រាវជ្រាវ ពីកន្លែងធ្វើអាជីវកម្មបូមខ្សាច់ ដែលជាកន្លែង បណ្តាលឲ្យមានគ្រោះថ្នាក់ ថាមានច្បាប់ឬអត់ច្បាប់៕