រដ្ឋមន្ត្រីការងារ៖ ច្បាប់សហជីពដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតី
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៨ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 30, 2015
- ប្រធានបទ: ច្បាប់សហជីព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋមន្រ្តីក្រសួងការងារ របស់ប្រទេសកម្ពុជា បានថ្លែងអះអាងថា គោលបំណងសំខាន់ នៃការបង្កើត ឲ្យមានច្បាប់គ្រប់គ្រង សហជីព មានពីរចំណុចសំខាន់៖ ទីមួយ) ដើម្បីកំណត់នីតិវិធី ក្នុងការទបស់ស្កាត់ នូវបាតុភាពណាមួយ ដែលអាចបង្កអសន្តិសុខ ដល់សង្គមជាតិ និងទីពីរ ដើម្បីការពារ និងលើកស្ទួយសិទ្ធិ និងសេរីភាព របស់អង្គការសហចីព និងអង្គការវិជ្ជាជីវៈ នៅកម្ពុជា។
ការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានធ្វើឡើងទៅកាន់ អ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំត្រីភាគី ដោយបិទទ្វាមួយ នៅទីស្ដីការក្រសួង ដើម្បីបន្តការជជែកគ្នា លើសេចក្ដីព្រាងច្បាប់សហជីព មុននឹងសេចក្ដីព្រាងច្បាប់នេះ ត្រូវបានដាក់ ទៅកាន់ទីស្តីការ គណរដ្ឋមន្រ្តីយ៉ាងយូរបំផុត ក្នុងខែក្រោយ (សីហា) ហើយនឹងដាក់ជូន រដ្ឋសភាអនុម័ត បើគ្មានអ្វីប្រេប្រួលទេ យ៉ាងយូរបំផុត ចុងឆ្នាំ២០១៥នេះ។
លោក អ៊ិត សំហេង បានពន្យល់ថា ការអនុវត្តសិទ្ធិសេរីភាព ណាមួយក៏ដោយ ត្រូវតែ ធ្វើឲ្យបានត្រឹមត្រូវ តាមច្បាប់ និងនីតិវិធី។ លោកបានថ្លែងឡើងថា៖ «ដើម្បីទប់ស្កាត់ នូវសកម្មភាពមួយចំនួន ដែលសង្គមជាតិ ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តែងមានការលើកឡើង និងមានសំណូមពរ មកដល់រាជរដ្ឋាភិបាល និងក្រសួងរៀបចំនីតិវិធីទប់ស្គាត់។»
យ៉ាងណាចំពោះការកែប្រែ ឬការបល់ចោលចំណុចណាមួយ នៃសេចក្តីព្រាងច្បាប់នោះ លោករដ្ឋមន្រ្តីក្រសួងការងារ មិនអាចបញ្ជាក់បានឡើយ ដោយសារតែ កំពុងស្ថិតក្នុងការពិភាក្សា។ លោកបានថ្លែងទៀតថា មកទល់ពេលនេះ សេចក្តីព្រាងច្បាប់ ដែលមានប្រមាណជិត១០០មាត្រានោះ សម្រេចបានជារូបរាង ជាង៩០ភាគរយហើយ។
» សូមស្តាប់ និងទស្សនាការបកស្រាយទាំងស្រុង ដូចខាងក្រោម៖