សារព័ត៌មានអ៊ឺរ៉ុប៖ «ទេសចរណ៍ផ្លូវភេទនៅកម្ពុជា ជារឿងពិត»
បទបញ្ជាខ្លាំងៗ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យបិទអង្គការក្រៅរដ្ឋាភិបាលមួយ របស់អាមេរិក ឈ្មោះ «មេត្រីភាពអន្តរជាតិ» (ជាភាសាអង់គ្លេស «Agape International Missions» ហៅកាត់ «AIM») មិនបានធ្វើឲ្យសារព័ត៌មានមួយចំនួន នៅបណ្ដាប្រទេសអ៊ឺរ៉ុបខាងលិច តំអក់យូរ ក្នុងការចេញផ្សាយព័ត៌មាន របស់ផងខ្លួនឡើយ។ បណ្ដាសារព័ត៌មាន បានលើកឡើងប្រហាក់ប្រហែលគ្នា ថាទេសចរណ៍ផ្លូវភេទ ជាពិសេស ការស្វែងរកការរួមភេទ ជាមួយកុមារមិនទាន់គ្រប់អាយុ គឺជាការពិតមួយ កើតមាននៅកម្ពុជា។
ហើយការលើកឡើងនេះ ក៏មិនខុសគ្នាប៉ុន្មានឡើយ ពីបទយកការណ៍ឆ្នាំ២០១៣ របស់បណ្ដាញទូរទស្សន៍អាមេរិក ឈ្មោះ «CNN» ដែលបានត្រឡប់ ទៅដកស្រង់យករូបភាពខ្លះ ពីបទយកការណ៍នេះ មកផ្សាយឡើងវិញ កាលពីប៉ុន្មានថ្ងៃមុន តាមរយៈអត្ថបទមួយ ដែលមានចំណងជើងថា៖ «ជីវីតក្រោយការជួញដូរ៖ ក្មេងស្រីជាច្រើន ត្រូវបានលក់ឲ្យបម្រើផ្លូវភេទ [...]