ជាង​១០០​អង្គការ ស្នើ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ឃាតកម្ម កែម ឡី

ទោះជាជនសង្ស័យម្នាក់ ត្រូវបានអាជ្ញាធរ និងតុលាការកម្ពុជា ចាប់ខ្លួន និងផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររួចហើយក៏ដោយ តែឃាតកម្មបាញ់សម្លាប់លោក កែម ឡី នៅកណ្ដាលរាជធានីភ្នំពេញ ស្ថិតជាក្ដីមន្ទិលនៅឡើយ សម្រាប់អង្គការសង្គមស៊ីវិលចំនួន១០៧ អង្គការសមាគម ដោយបានចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃនេះ ស្នើសុំឲ្យមានការស៊ើបអង្កេត ដោយឯករាជ្យ ទៅលើសំនុំរឿងនេះ។
ជាង​១០០​អង្គការ ស្នើ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ឃាតកម្ម កែម ឡី
លោក កែម ឡី បានស្លាប់ភ្លាមៗ ដោយការបាញ់ដោយខ្មាន់កាំភ្លើង ចំនួនពីរគ្រាប់។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 08, 2017
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជិតមួយឆ្នាំ ក្រោមឃាតកម្មបាញ់សម្លាប់យ៉ាងសាហាវ ទៅលើអ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយ លោក កែម ឡី នៅកណ្ដាលរាជធានីភ្នំពេញ អង្គការសង្គមស៊ីវិល ច្រើនជាង១០០អង្គការសមាគម បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ នៅថ្ងៃនេះ អំពាវនាវឲ្យមានការស៊ើបអង្កេត ដោយឯករាជ្យ ទៅលើសំនុំរឿងដ៏រសើបមួយនេះ។

សម្រាប់អង្គការសង្គមស៊ីវិល ទាំង១០៧ស្ថាប័ននោះ បានបញ្ជាក់ថា យុត្តិធម៌សម្រាប់លោក កែម ឡី ក្រុមគ្រួសារ មិត្តភ័ក្រ និងសហការីរបស់លោក នៅមិនទាន់រកឃើញនៅឡើយ ខណៈការស៊ើបអង្កេត ទៅលើករណីបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃនេះ នៅមិនទាន់មានតម្លាភាព និងមានពោរពេញដោយមន្ទិសសង្ស័យជាច្រើន។ សេចក្ដីថ្លែងការណ៍បានអះអាងបន្តថា មន្ទិលសង្ស័យទាំងនោះ មិនទាន់មានការបកស្រាយ ឲ្យច្បាស់លាស់នោះទេ។ 

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ទៅ​លើ​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព លោក​បណ្ឌិត កែម ឡី ដែល​ការ​អំពាវ​នាវ​នេះ ត្រូវ​បាន​ធ្វើឡើង​ស្រប​ពេល​ដែល​ខួប​ ១​ឆ្នាំ​នៃ​ឃាតកម្ម​នេះ នឹង​ចូល​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ​នេះ។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​មុន លោក កែម ឡី ដែលគេស្គាល់ថា ជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីឈ្មោះ ត្រូវបានបាញ់សម្លាប់ នៅខណៈលោកកំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ។ នៅក្រោយឃាតកម្មនោះ និងរហូតមកដល់ថ្ងៃនេះ ជនសង្ស័យតែម្នាក់គត់ ឈ្មោះ អឿង អាង ដាក់រហស្សនាម «ជួប សម្លាប់» ត្រូវបានឃាត់ខ្លួន និងផ្តន្ទាទោស។

ជនសង្ស័យរូបនេះ បានឆ្លើយសារភាព ថាលោក​ជា​«ឃាតករ» ក្រោម​​មូលហតុ​ថា​លោក ចង់​ជម្រះ​បញ្ជី​​លើ​​លោក កែម ឡី ព្រោះការជំពាក់ប្រាក់មិនសង ចំនួន៣០០០ដុល្លារ។ ជាចម្លើយសារភាព ដែលក្រុមគ្រួសារ​លោក កែម ឡី ជាពិសេសភរិយាលោក គឺអ្នកស្រី ប៊ូ រចនា បដិសេធ​​ដាច់​អហង្កា។ នៅត្រង់ចំណុចជំពាក់ប្រាក់នេះ គេមិនដែលឃើញអាជ្ញាធរ ឬតុលាការកម្ពុជា បញ្ជាក់ថា ជាការពិត និងបានកើតឡើងយ៉ាងដូចម្ដេចនោះទេ។

«ស្នើឲ្យមានការចូលរួម ពីអ្នកជំនាញអន្តរជាតិ...»

ឃាតកម្មបាញ់សម្លាប់​លោក កែម ឡី បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់​ពីអ្នក​ស្រាវ​ជ្រាវ​​រូបនេះ បានធ្វើការពន្យល់​ពី​របាយ​ការណ៍​​​មួយ របស់អង្គការឃ្លាំមើលពិភពលោក (ហៅជាភាសា​អង់គ្លេស Global Witness) ដែល​និយាយ​​ពី​ការ​រក​ស៊ី​មាន​បាន ក្នុងទឹក​ប្រាក់​ច្រើន​រយលាន​ដុល្លារ របស់ក្រុមគ្រួសារ​ផៅសន្ដាន របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​វិស័យ​ធំៗ​​​សំខាន់ៗ ដែល​ល្បីល្បាញ​ថា​ជា​វិស័យ ដែលសម្បូរដោយអំពើពុករលួយ។

ក្នុងសេចក្ដីថ្លែងការណ៍ របស់ក្រុម​អង្គការ​សង្គម​ស៊ីវិលទាំង១០៧ស្ថាប័ន បាន​អំពាវ​នាវបន្ត ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ដោយមាន​ការ​ចូល​រួម​ ពី​សំណាក់​អ្នក​ជំនាញ​អន្តរជាតិ រួម​ជាមួយ​ការ​បង្ហាញ​ភស្តុតាង​ ឲ្យ​បាន​ពេញ​លេញ ​ក្នុង​នោះ​មាន​ទាំង​វីដេអូ​ នៃ​កាមេរ៉ា​សុវត្ថិភាព​ នៅ​ក្នុងស្ថានីយប្រេងឥន្ទនៈ របស់​ក្រុមហ៊ុន​កាល់តិច​នោះផង​​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បានលើក​ឡើង​ថា បើ​នៅ​តែ​គ្មាន​ការ​ស៊ើប​អង្កេត ​ដោយ​ឯករាជ្យ​ទេ នោះ​ជំនឿ​ទុក​ចិត្ត​របស់​សាធារណជន ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌ អាច​នឹង​កាន់​តែ​បាត់​បង់​ថែម​ទៀត ហើយលោក កែម ឡី ​ក្រុម​គ្រួសារ មិត្ត​ភក្តិ និងសហការី​របស់​លោក នៅ​តែ​មិន​ទទួល​បាន​យុត្តិធម៌​ដដែល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...