កឹម សុខា ប្រកាសទៅចូលរួមបុណ្យខួប១ឆ្នាំ នៃមរណភាព កែម ឡី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 08, 2017
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ដែលចេញផ្សាយនៅថ្ងៃសៅរិ៍នេះ បានសរសេរថា លោក កឹម សុខា ប្រធានគណបក្ស នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងពិធីបុណ្យរំលឹកខួប១ឆ្នាំ នៃការស្លាប់ របស់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយដ៏ល្បីឈ្មោះ ដែលត្រូវបានបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំមុន។
សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា ការចូលរួមរំឭកវិញ្ញាណក្ខ័ន្ធនេះ នឹងត្រូវប្រព្រឹត្តិទៅ ក្នុងថ្ងៃទី៩ ខែកក្កដា ស្អែកនេះ វេលាម៉ោង ២ និង៣០នាទីរសៀល នៅទីតំកល់សពលោក កែម ឡី ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ
ការធ្វើពិធីបុណ្យខួប១ឆ្នាំ នៃមរណភាពលោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីឈ្មោះ នៅក្នុងទឹកខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោកនេះ ត្រូវបានរៀបចំឡើង ដោយក្រុមគ្រួសារផ្ទាល់របស់លោក កែម ឡី តែម្ដង និងមិនមែនជាការទទួលបន្ទុក របស់គណៈកម្មាការរៀបចំបុណ្យ ដូចកាលពេលធ្វើបុណ្យសព និងបុណ្យ៧ថ្ងៃនោះឡើយ។
ប៉ុន្តែការរំលឹកវិញ្ញាណក្ខ័ន្ធ របស់អ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយនេះ ត្រូវបានបណ្ដាជន ដែលមានដើមកំណើតខ្មែរជាច្រើនទៀត ដែលមានទីលំនៅ សឹងតែនៅជុំវិញពិភពលោក ប្រកាសប្រារព្ធធ្វើជាបន្តបន្ទាប់ រាប់ចាប់តាំងពីសប្ដាហ៍នេះមក៕