ញ៉ូហ្សេឡែន ស្នើ ហ៊ុន សែន ឲ្យស្ដារនីតិសម្បទា CNRP ដើម្បីប្រជាធិបតេយ្យស្របច្បាប់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ កក្កដា ២០១៨
- កែប្រែចុងក្រោយ: August 01, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងសេចក្ដីថ្លែងការណ៍មួយច្បាប់ ដែលចេញផ្សាយ ដោយក្រសួងការបរទេស នៃប្រទេសញ៉ូហ្សេឡែន បានស្រង់សំដីរដ្ឋមន្ត្រីការបរទេស លោក វីនស្ដុន ភីតធើរ (Winston Peter) មកសរសេរថា៖ «ដើម្បីឲ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យស្របច្បាប់ វាមានសារសំខាន់ណាស់ ដែលសម្លេងប្រឆាំង ដ៏ធំអាចត្រូវបានគេស្តាប់ឮ។ ប្រទេសញូហ្សេឡែន ស្នើដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យស្តានីតិសម្បទា របស់គណបក្សប្រឆាំងដ៏ធំ ឡើងវិញ និងដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា។»។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏មានសក្ដានុពល ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយកាលពីខែវិច្ឆិកា ជាមួយនឹងការហាមឃាត់មន្ត្រីគណបក្ស ១១៨នាក់ ពីជីវភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ និងប្រធានគណបក្ស លោក កឹម សុខា ត្រូវបានចាប់ឃុំ តាំងពីដើមខែកញ្ញា រហូតមកដល់ថ្ងៃនេះ។
នៅក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យ គណបក្សចំនួន២០ បានប្រកួតប្រជែងគ្នា ប៉ុន្តែមិនមានគណបក្សណាមួយ ដែលមានកម្លាំងអាចប្រកួតប្រជែងស្មើកម្លាំងគ្នា ជាមួយនឹងគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិនោះទេ។
បើតាមតួលេខផ្លូវការ ដែលផ្ដល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា ចំនួនអ្នកចេញទៅបោះឆ្នោត មានចំនួនដល់ទៅជាង ៨២%។ ប៉ុន្តែតួលេខនេះ ត្រូវបានច្រានចោល ដោយគណបក្សប្រឆាំង ដោយបានចាត់ទុកថា ជាការបំប៉ោង តាមតែទំនើងចិត្ត ដោយសារអវត្តមានអ្នកសង្កេតការណ៍ឯករាជ្យ ដែលមានជំនាញពិតប្រាកដ នៅក្នុងការបោះឆ្នោត។
នៅក្នុងលទ្ធផលបឋម ដែលផ្ដល់ដោយស្ថាប័ននេះដដែល បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ បានទទួលជ័យជំនះ សឹងតែ១០០% និងទទួលបានអសនៈសភា សឹងតែទាំងស្រុង នៅក្នុងការបោះឆ្នោតនេះ។
លោក វីនស្ដុន ភីតធើរ បានថ្លែងបន្តថា៖ «ញ៉ូហ្សេឡែន ជាដៃគូយូរអង្វែងរបស់កម្ពុជា និងបានវិនិយោគកិច្ចប្រឹងប្រៀង យ៉ាងសន្ធឹកសន្ធាប់ ក្នុងការគាំទ្រដំណើរការអន្តរកាល នៃលទ្ធិប្រជាធិបតេយ្យ របស់កម្ពុជា នៅក្រោមការគ្រប់គ្រង របស់អង្គការសហប្រជាជាតិ នៅដើមទសវត្សរ៍ឆ្នាំ៩០។ យើងត្រៀមខ្លួនរួចជាស្រេច ធ្វើការជាមួយកម្ពុជា ដើម្បីស្ដារស្ថាប័ន និងលទ្ធិប្រជាធិបតេយ្យ ដែលអនុញ្ញាតឲ្យមានការរៀបចំការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវ។»៕