អាល្លឺម៉ង់ថា ការបោះឆ្នោតជាតិនៅកម្ពុជាគ្មានភាពស្របច្បាប់ ទោះគ្មានហិង្សា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 31, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្លី តែមានន័យវែង។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ ដែលបានលើកឡើងថា ការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ នៅក្នុងប្រទេសកម្ពុជា មិនមានភាពស្របច្បាប់ ដោយគ្រាន់តែនិយាយថា ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើង ដោយសុខសន្តិភាពនោះឡើយ។
សេចក្ដីថ្លែងការណ៍ ដែលបានចេញផ្សាយ កាលពីម្សិលម៉ិញ បានសរសេរថា៖ «រដ្ឋាភិបាលអាល្លឺម៉ង់បានកត់សម្គាល់ថា ការបោះឆ្នោតជាតិនៅកម្ពុជា ត្រូវបានធ្វើឡើងដោយសន្តិភាព»។
អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បានបន្តថា៖ «ទោះជាយ៉ាងណាក៏ដោយ ក៏មួយចំណុចនេះ មិនគ្រប់គ្រាន់ក្នុងការផ្តល់ នូវលទ្ធផលស្របច្បាប់ នៃការបោះឆ្នោតនេះបានទេ ព្រោះការបោះឆ្នោត ត្រូវបានធ្វើឲ្យមានមន្ទិល ចាប់តាំងពីការចាប់ខ្លួន មេដឹកនាំបក្សប្រឆាំងធំបំផុត ក្នុងខែកញ្ញា ឆ្នាំ២០១៧ ការរំលាយគណបក្សប្រឆាំង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ និងការហាមឃាត់ លើមន្ត្រីគណបក្សប្រឆាំង ដ៏លេចធ្លោ ចំនួន១១៨ នាក់ ពីរាល់សកម្មភាពនយោបាយ»។
អត្ថបទរបស់សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថា៖ «រដ្ឋាភិបាលអាល្លឺម៉ង់អំពាវនាវជាបន្ទាន់ ឱ្យកម្ពុជាវិលត្រឡប់ ទៅរកគោលការណ៍ប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយប្រទេសអាល្លឺម៉ង់មានឆន្ទៈ ដើម្បីគាំទ្រដល់ប្រទេស កម្ពុជា ក្នុងការដើរលើវិថីបែបនេះរបស់ខ្លួន»៕