កឹម សុខា ថា​ព្រះ​រាជ​អាជ្ញា នាំ​លោក​រៀន​អក្ខរកម្ម ជាង​៧​ម៉ោង​នៅ​តុលាការ

តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បើកការសាកសួរ អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា អណត្តិទីប្រាំ លោក កឹម សុខា ដោយមិនបានធ្វើការ ចោទប្រកាន់ឡើយ ក្រៅពីការហៅទៅសាកសួរ ដើម្បីឲ្យលោក (កឹម សុខា) ជួយពន្យល់ពាក្យមួយចំនួន ដែលលោកមិនយល់ និងហាក់ដូចជាកាលនៅរៀន ដូចជាមិនធ្លាប់ជួបប្រទះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 09, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបញ្ចប់ទៅ នៃការសាកសួររបស់តំណាងអយ្យការ បានបន្សល់ទុក នូវនិតិវិធីសួរនាំ ដ៏ចម្លែក សម្រាប់លោក កឹម សុខា កាលពីថ្ងៃទី៨ ខែមេសា ម្សិលម៉ិញនេះ ក្នុងការចូលខ្លួនរបស់លោក ទៅកាន់តុលាការ តាមការណាត់ក្នុងដីកាកោះមួយ។ លោកមិនបានដឹងថា ព្រះរាជអាជ្ញា របស់សាលាដំបូង រាជធានីភ្នំពេញ ចង់ដឹងពីរឿងអ្វី ចង់បានរឿងអ្វី និងចង់ឲ្យ​និយាយ​រឿងអ្វី ឲ្យពិតប្រាកដនោះទេ។ នេះបើតាមការអះអាង របស់លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា បន្ទាប់ចាក​ចេញ​ពី​តុលាការ (បន្ទប់សាកសួរ)។

លោក កឹម សុខា បានលើកឡើងថា ស្ថាប័នតុលាការជាស្ថាប័នមួយ ស្វែងរក និងផ្តល់យុត្តិធម៌ ជាមួយនឹងការស្រាវជ្រាវ ស៊ើបអង្កេត ស្វែងរកភស្តុតាងនានា «ពាក់ព័ន្ធ»រឿងក្តី ។ លោកថា តុលាការមិនមែនជាកន្លែង ដែលត្រូវធ្វើការបកស្រាយ ឬពន្យល់ពាក្យ«ពិបាក» ជាភាសារខ្មែរនោះឡើយ។ តែផ្ទុយទៅវិញ នៅក្នុងរយៈពេល ស្ទើរពេញមួយថ្ងៃ អត់បាយ​ក្រហាយ​ទឹក ទាំងព្រះរាជអាជ្ញា ទាំងលោក កឹម សុខា មិនបានចាកចេញទៅណាទេ ដោយហេតុថា អ្នកទាំងពីរបាន​តាំង​ចិត្ត នៅ​ប្រយុទ្ធ​ត​ទល់​គ្នា រវាងពាក្យសំដី និងពាក្យសំដី ព្រមទាំងបានបញ្ចេញ អស់នូវ«ក្បាច់គន្លឹះៗ» ដើម្បី​លើក​មក​ធ្វើ​ការ​ចោទ​សួរ និង​ឆ្លើយ។

ប្រាំពីរម៉ោង បន្ទាប់ពីការសាកសួរ ដ៏ចម្លែកមួយនេះ ត្រូវបានបញ្ចប់ ជារយៈមួយ ដែលធ្វើឲ្យលោក កឹម សុខា ដឹងថា តើ​តុលាការកម្ពុជាបច្ចុប្បន្ននេះ មានជំនាញ បច្ចេកទេសដល់​កំរិតណា ក្នុងការចោទសួរ ដើម្បីបំពេញសំណុំរឿងនោះ។ លោក កឹម សុខា បានបញ្ជាក់ដូច្នេះថា៖ «ព្រះរាជអាជ្ញាសួរខ្ញុំ៧ម៉ោង។ ហើយសួរលម្អិត។ សួរគ្រប់ពាក្យ ដែលខ្ញុំនិយាយ គ្រប់​ពេល​ទាំងអស់។ តាំងពីបាតុកម្ម។ តាំងពីនៅអាមេរិក តាំងពីគ្រប់ពេលវេលាទាំងអស់។ សួរពាក្យ យកពាក្យ​មួយ​ពាក្យៗ ហើយសួរអ្វី ដែលមិនគួរសួរ ក៏សួរដែរ។ សួរតាំង ពីនិយមន័យ សួរស្អីទៅ ដែលហៅថាពាក្យថា “បដិវត្តន៍”។ ហើយ​សួរថា ហេតុម៉េចបានជា(លោក) វន់ ពៅ ទៅទទួលខ្ញុំនៅ អ៊ែផត (Airport) នៅពេលដែលខ្ញុំត្រឡប់ មក​ពី​អាមេរិក។ អា​ពាក្យ​ដែលមិនត្រូវសួរ ក៏សួរដែរ។ គឺគាត់សួរ ឲ្យតែមានសួរ សួរឲ្យតែបានច្រើន ឲ្យតែបានវែង។ ហើយ​សួរ​សំនួរ​ដដែលៗ វិល​ទៅ​វិល​មកៗ។ តែឥឡូវនេះ ចប់សព្វគ្រប់អស់ហើយ។»

យ៉ាងណាមុនចាកចេញ ពីអ្នកសារព័ត៌មាន លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ជា​ចុង​ក្រោយថា លោក មិនត្រូវបានធ្វើការចោទប្រកាន់ ដោយព្រះរាជអាជ្ញារូបនោះឡើយ។

សូមបញ្ជាក់ថា ការកោះហៅលោក កឹម សុខា មកសាកសយរនាពេលនេះ ដោយសារតំណាងអយ្យការ បានដាក់ការ​សង្ស័យថា លោក កឹម សុខា មានជាប់ពាក់ព័ន្ថ ឬនៅពីក្រោយ ព្រឹត្តិការណ៍បាតុកម្មតវ៉ា ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ និងព្រឹត្តិការណ៍ជាបន្តបន្ទាប់មកទៀត ដូចជាមាន បាតុកម្ម និងការប្រើហិង្សា នៅដើមឆ្នាំ២០១៤ ដ្ងៃទី៣ ខែមករា និងអំពើហិង្សាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ជាដើម។

មុនបីថ្ងៃ នៃការកោះហៅលោក កឹម សុខា ឡើងតុលាការនេះ គេសង្កេតឃើញទូរទស្សន៍ក្នុងស្រុក មួយចំនួនធំ បាន​ធ្វើការ​ផ្សព្វផ្សាយនូវសកម្មភាព នៃការប៉ះទង្គិចគ្នា នៅផ្លូវវ៉េងស្រេង នៅមុខវត្តស្ទឹងមានជ័យ នៅស្ពានក្បាលថ្នល់ និង​នៅ​ស្ពាននាគ ជិតវត្តភ្នំ។ល។ នៅក្នុងរូបភាពវីដេអូទាំងនោះ គេឃើញបង្ហាញតែសកម្មភាព វាយបករបស់បាតករ ទៅលើ​ក្រុម​សន្តិសុខ ដោយមានអមដោយ ការធ្វើអត្ថាធិប្បាយថា ៖ «លោក កឹម សុខា មានបំណងផ្ដួលរំលំរដ្ឋាភិបាល​ស្រប​ច្បាប់»។

យ៉ាងណា ការកោះហៅរបស់តុលាការកម្ពុជា ទៅលើតំណាងរាស្ត្រ និងជាអនុប្រធានទីមួយនៃរដ្ឋសភា ក្នុងតំណែងនេះ ត្រូវបានអ្នកច្បាប់ និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បានចាត់ទុកថា ជាការអនុវត្តដោយមិនមើលច្បាប់ មិនគោរព​ច្បាប់ និងធ្វើតាមការលើកឡើង ឬចោទរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ អ្នកច្បាប់ និង​មន្ត្រីសង្គមស៊ីវិល​ទាំង​នោះ បានលើកឡើងថា បញ្ហាខាងលើ ពិតជារឿងនយោបាយសុទ្ធសាធ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...