មានការបង្គាប់បញ្ជាឲ្យគ.ជ.ប ផ្លាស់ប្ដូរលទ្ធផលឆ្នោត២០១៣?
នៅយប់ថ្ងៃទី២៨ខែកក្កដា ដែលជាថ្ងៃបោះឆ្នោត «មានការបង្គាប់បញ្ជាឲ្យគ.ជ.ប ផ្លាស់ប្ដូរតួលេខនិងលទ្ធផល ដើម្បីយកជ័យជំនះទៅឲ្យគណបក្សប្រជាជន?» ទោះពិតឬមិនពិត នេះជាការថ្លែងជាសាធារណៈរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ នាល្ងាចថ្ងៃទី៦ ខែសីហា នៅទីលានប្រជាធិបតេយ្យ។
លោកកឹម សុខា (ឆ្វេង) ចាប់ដៃលោក សម រង្ស៊ី នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ថ្ងៃទី០៦ខែសីហា នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)
អនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រថា៖ «គិតត្រឹមល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិ ទទួលបានជ័យជំនះ៧០ភាគរយ»។ លោកបន្តអះអាងយ៉ាងប្រាកដប្រជាថា នៅយប់ថ្ងៃទី២៨ខែកក្កដា នៅក្រោយបន្តិច ពីការបោះឆ្នោតបានបញ្ចប់ មានគេបញ្ជាមនុស្សម្នាក់ ឲ្យបញ្ចេញព័ត៌មានមិនពិតថា គណបក្សគេ(គណបក្សប្រជាជនកម្ពុជា) ឈ្នះ ហើយថែមទាំងប្រាប់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប ឲ្យបញ្ឍប់ការប្រកាសលទ្ធផលពិត ដែលបង្ហាញថាគណបក្សសង្រ្គោះជាតិជាអ្នកទទួលបានជ័យជំនះ។
សូមរំឮកថា នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ពោលគឺថ្ងៃបោះឆ្នោត លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សរបស់លោក ជាអ្នកទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតនីតិកាលទី៥ ដោយទទួលបាន៦៨អាសនៈ រីឯគណបក្សសង្រ្គោះជាតិទទួលបាន៥៥អាសនៈ ក្នុងចំណោម១២៣អាសនៈ។ ការអះអាងរបស់លោក បានធ្លាក់មកមុនការប្រកាស នូវលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
មានការលើកឡើងតៗគ្នា ថានៅល្ងាចថ្ងៃទី២៨ខែកក្កដានោះ មានទាហានមួយក្រុមត្រូវបានចល័តទៅកាន់ ទីស្នាក់ការកណ្ដាលរបស់គ.ជ.ប។ មន្ត្រីម្នាក់ស្និតនឹង គ.ជ.ប បានខ្សឹបអះអាងពីព័ត៌មាននេះប្រាប់មនោរម្យព័ងអាំងហ្វូ តែគេមិនដឹងថាវត្តមានរបស់ក្រុមទាហានទាំងនោះ មានគោលបំណងដើម្បីការពារសុវត្ថិភាពឲ្យគ.ជ.ប ឬដាក់ឈរជើងដើម្បី«ធ្វើគម្នាប»ទៅលើស្ថាប័ននេះនោះទេ។ ព័ត៌មាននេះ មនោរម្យព័ងអាំងហ្វូ មិនអាចស្វែងរកការបញ្ជាក់ការពិត បានលើសពីនេះបាននៅឡើយ។
មួយវិញទៀត ការយឺតយ៉ាវក្នុងការប្រកាសលទ្ធផលបថម តាមពេលវេលាដែលបានគ្រោងទុក នាយប់ថ្ងៃទី២៨ខែកក្កដានោះ គ៏ជាហេតុផលមួយ ដែលមតិមហាជនមួយចំនួន បានធ្វើការចោទប្រកាន់ ពីភាពមិនសុច្ចរិតរបស់ស្ថាប័នអ្នករៀបចំការបោះឆ្នោតនេះដែរ។
ចំពោះការអះអាងរបស់លោក កឹម សុខា អគ្គលេខាធិការគ.ជ.ប លោក ទេព នីថា តាមរយៈកិច្ចសម្ភាសតាមទូរស័ព្ទជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានចាត់ទុកថា «ការលើកឡើងនេះ គឺគ្រាន់តែជាការថ្លែង របស់អ្នកនយោបាយតែប៉ុណ្ណោះ ហើយអ្វីដែលគាត់លើកឡើង វាជាសិទ្ធិសេរីភាពក្នុងការយល់ឃើញរបស់គាត់»។ លោកបន្តថា គ.ជ.ប ធ្វើកិច្ចការតាំងពីមូលដ្ឋានដល់ខេត្ត រហូតដល់ថ្នាក់ជាតិ មានការចូលរួមពីគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងមានការកែតម្រូវ ជាបន្តបន្ទាប់ស្របតាមនីតិវិធី។
ដោយឡែក លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយបំភ្លឺបន្ថែមទៅលើអ្វី ដែលលោក កឹម សុខា បានអះអាងនោះទេ។
រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ធ្លាប់បានប្រកាសតែរៀងៗខ្លួនថា គណបក្សរបស់ពួកគេជាអ្នកទទួលបានជ័យជំនះ ខណៈដែល គ.ជ.ប មិនទាន់បានប្រកាសពីលទ្ធផលផ្លូវការនៅឡើយ។
បន្ទាប់ពីថ្ងៃបោះឆ្នោតរហូតមកដល់ពេលនេះ គេសង្កេតឃើញថាមានបណ្តាប្រទេស និងមេដឹកនាំមួយចំនួនពីជុំវិញពិភពលោក បានសម្តែងការអបអរសារទរ នូវការទទួលបានជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ហើយបានកោតសរសើរអំពីដំណើរការបោះឆ្នោតនៅកម្ពុជាថា ប្រពឹត្តទៅដោយសេរី និងយុត្តិធម៌អាចទទួលយកបាន។ ផ្ទុយទៅវិញ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិច និងសហគមន៍អ៊ឺរ៉ុប ដែលមានសមាជិក២៧ប្រទេស អង្គការជាតិនិងអន្តរជាតិមួយចំនួន បានស្នើឲ្យមានការស៊ើបអង្កេតដោយឯករាជ្យពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោតដ៏ប្រទាំងប្រទើសនេះ ដែលធ្វើឲ្យមានមន្ទិលដល់លទ្ធផលនៃការបោះឆ្នោតនេះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ ខមហ្រ្វែល បានពន្យល់ថា ការប្រទាំងប្រទើសគ្នានេះ បណ្ដាលមកពី គ.ជ.ប មានតួលេខ និងមូលដ្ឋានផ្សេង គណបក្សនយោបាយមានផ្សេង ដូចនេះពួកគេត្រូវធ្វើការជាមួយគ្នា ផ្ទៀងផ្ទាត់ជាមួយគ្នា ដើម្បីជម្រះបញ្ហាមន្ទិលសង្ស័យ។
ទាក់ទងនឹងគណៈកម្មការចម្រុះឯករាជ្យទាមទារដោយគណបក្សប្រឆាំង លោកបានបន្តថា លក្ខខណ្ឌក្នុងការបង្កើតគណកម្មការនេះ មានការចុះសម្រុងច្រើនហើយ តែខុសគ្នាត្រង់ថាគណបក្សកាន់អំណាច និង គ.ជ.ប អនុញ្ញាតឲ្យភាគីអង្គការសហប្រជាជាតិមានសិទ្ធិត្រឹមអ្នកសង្កេតការណ៍ តែគណបក្សប្រឆាំងចង់ឲ្យមានតួនាទីខ្ពស់ជាងនេះ ឬយ៉ាងហោចណាស់ជាអាជ្ញាកណ្តាល៕
-------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ