កឹម សុខា ថាមិនស្នើបេក្ខភាពអនុប្រធានរដ្ឋសភាថ្មី ព្រោះបក្សសង្គ្រោះជាតិមានអធិបតេយ្យ
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ តុលា ២០១៥
- កែប្រែចុងក្រោយ: October 31, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានសម្រេចមិនបញ្ជូនបេក្ខភាពថ្មី ទៅជំនួសតំណែង របស់លោក កឹម សុខា ជាអនុប្រធានទីមួយ នៃរដ្ឋសភានោះទេ។ ការមិនបញ្ជូនបេក្ខភាពថ្មី ទៅជំនួសតំណែង និងសុទ្ធចិត្តទុកកៅអីនោះឲ្យទំនេរ ដោយសារគណបក្សមួយនេះយល់ថា ខ្លួនមានអធិបតេយ្យភាពរបស់ខ្លួន ក្នុងការស្នើរបេក្ខភាព មិនមែននរណាម្នាក់ ឬគណបក្សណាមួយ អាចធ្វើការដូរដេញស្រេចនឹងចិត្តនោះឡើយ។
ថ្លែងកាលពីយប់ថ្ងៃទី៣០ ខែតុលា ថនៅក្នុងកម្មវិធី «វេទិកាអ្នកស្ដាប់» របស់វិទ្យុអាស៊ីសេរី លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលជាសាមីខ្លួន រងការដកចេញពីតំណែងនោះ បានថ្លែងរំលឹកថា នៅក្នុងកិច្ចព្រមព្រៀងនយោបាយ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ មានការចែងឲ្យគណបក្សសង្គ្រោះជាតិ ទទួលតួនាទី ជាអនុប្រធានទីមួយនៃរដ្ឋសភា។
លោក កឹម សុខា បានឲ្យដឹងទៀតថា៖ «អញ្ចឹង ស្រេចលើគណបក្សសង្គ្រោះជាតិ ជាអ្នកដាក់ទៅ ហើយគណបក្សសង្គ្រោះជាតិមានអធិបតេយ្យខ្លួន មិនជារណបរបស់គណបក្សណាមួយ ត្រូវធ្វើអ្វីតាមគណបក្សដទៃនោះទេ។ គណបក្សសង្គ្រោះជាតិ មានសិទ្ធិ (និង) អធិបតេយ្យរបស់ខ្លួន គឺថាដាក់អ្នកណា គឺត្រូវលើកអ្នកណ្នឹង ឲ្យទទួលតំណែងនោះ។»
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលសម្បូរដោយវោហារស័ព្ទ ទើបនឹងត្រូវបានរដ្ឋសភា បោះឆ្នោតសម្រេចបញ្ចប់តំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ដោយអង្គប្រជុំសភាពេញអង្គ របស់រដ្ឋសភា ក្រោមសម្លេង៦៨លើ៦៨ នៃតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា។ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយការបោះឆ្នោតទម្លាក់នោះថា គឺដើម្បីការពារនូវវប្បធម៌សន្ទនា រវាងគណបក្សទាំងពីរ ទើបតម្រូវឲ្យរដ្ឋសភា ត្រូវតែដកលោក កឹម សុខា ចេញពីតំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភា។
លោក ឈាង វុន បានថ្លែងឡើងថា៖ «ជាការចាំបាច់ ដើម្បីធានាវប្បធម៌សន្ទនា ធានាកិច្ចព្រមព្រៀងនយោបាយជាមួយគ្នា រវាងគណបក្សទាំងពីរ។ (...) ការដកនេះ យោងទៅលើកិច្ចព្រមព្រៀង ថ្ងៃទី២២ (ខែ) កក្កដា យោងទៅលើការពង្រឹងវប្បធម៌សន្ទនា យោងលើញត្តិ អ្នកតំណាងរាស្រ្ត។»
ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិវិញ បានបរិហាករណីដកដេញ តំណែងរបស់លោក កឹម សុខា ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងនយោបាយ ដ៏តក់ក្រហល់មួយ ដែលបានធ្វើឡើង ក្រោយពីព្រឹត្តិការណ៍ស្ពាននាគ កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៤ ហើយមន្ត្រីជាន់ខ្ពស់ជាច្រើន របស់គណបក្ស ត្រូវបានចាប់វាយខ្នោះ យកទៅឃុំខ្លួន នៅពេលនោះ។ លោក កឹម សុខា បានបន្តពន្យល់ ពីការមិនបញ្ជូនបេក្ខភាព ទៅជំនួសតំណែងជាអនុប្រធានទីមួយ នៃរដ្ឋសភា នៅក្នុងកម្មវិធីរបស់វិទ្យុអាស៊ីសេរីទៀតថា៖ «បើយើងយល់ព្រមបញ្ជូនទៅ នោះបានន័យថា យើងយល់ស្រប ពីការធ្វើខុសរដ្ឋធម្មនុញ្ញ រំលោភកិច្ចព្រមព្រៀង ហើយគណបក្សសង្គ្រោះជាតិនេះ អត់មានអធិបតេយ្យខ្លួនឯងទេ»។