ហ៊ុន សែន វាយ សម រង្ស៊ី ត្រូវ កឹម សុខា?

ក្នុងអាជីពជាអ្នកប្រដាល់ ជាធម្មតាកីឡាករណាឡើងប្រកួត រមែងកីឡាករនោះ មានរបួស។ តែក្នុង​អាជីព​ជា​អ្នក​នយោបាយ​វិញ បើ​កីឡាករពីរប្រកួតគ្នាលើរិញ តែងរមែងរបួសអ្នកគាំទ្រ ឬអ្នកទស្សនាទៅវិញ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣០ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 30, 2015
  • ប្រធានបទ: វិភាគនយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

របបនយោបាយ នៅប្រទេសកម្ពុជា ជាបរិបទចាស់ និងដដែលៗ ដែលធ្លាប់មានរាប់ភ្លេច ក្នុងអតីតកាល តែ​នៅបន្តអនុវត្តន៍ នៅកម្ពុជាជាដដែលៗ ចាប់តាំងពីឆ្នាំ១៩៩៧មក។ សម្រាប់អ្នកវិភាគវិញ បានមើលឃើញថា វាមិនមានអ្វីចម្លែកនោះទេ ដែលអ្នកនយោបាយធំៗប្រកួតគ្នា មិនដែលមានរបួស ឬបាត់បង់តំណែងអ្វីនោះ ព្រោះពួកគេ កំពុងតែដើរជា«តួឯក» ដែលមិនដែលត្រូវបាន​ផ្លាស់ប្តូរឡើយ។ ផ្ទុយទៅវិញ អ្នក​នយោបាយ​ ដែល​ដើរជា«តួរង» និងទស្សនិកជនដែលជាអ្នកទស្សនា ឬអ្នកគាំទ្រទៅវិញទេ ដែលបានរង​របួស ឬបាត់​បង់​តំណែងនោះ។

លោក អ៊ូ វីរៈ អតីតប្រធានមជ្ឈបណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ក្នុង​ថ្ងៃ​ទី៣០ ខែតុលានេះថា នេះជារឿងនយោបាយ ដែលបង្កើតឡើង ដោយគណបក្សកាន់អំណាច ក្នុងការដាក់​សម្ពាធ មកលើគណបក្សសង្គ្រោះជាតិ។ លោកបានចាត់ទុកថា រឿងនេះ មិនបានស្ថិតនៅឯកោតែឯងនោះ​ទេ ក្នុងការបង្កើនកំដៅនយោបាយ នៅកម្ពុជា ដែលកំពុងដើរទៅរកការបោះឆ្នោត នាពេលខាងមុខដ៏ឆាប់​នេះ។ លោកថា ការតតាំង ការប្រយុទ្ធគ្នា ទាំងអស់នេះ គឺដើម្បីការទាក់ទាញប្រជាប្រិយភាព ពីប្រជាពលរដ្ឋ ឬពី​អ្នក​គាំទ្រ។

លោកបានបន្តទៀតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងបបួលលោក សម រង្ស៊ី ឲ្យចូលរួមលេង​«ល្បែង»​របស់ខ្លួន តាមរយៈការដកតំណែងលោក កឹម សុខា ពីអនុប្រធានទីមួយនៃរដ្ឋសភា និងព្យាយាម​ឲ្យ​លោក សម រង្ស៊ី តាមរយៈរដ្ឋសភា ដាក់បុគ្គលថ្មី ជំនួសតំណែងលោក កឹម សុខា។ សកម្មភាពនេះ ធ្វើ​ឡើង​ក្នុងចេតនា ចង់ឲ្យលោក កឹម សុខា និងលោក សម រង្ស៊ី មានការប្រះឆារនឹងគ្នា។

តាមរយៈការដាក់សម្ពាធថ្មីមួយនេះ លោក អ៊ូ វីរៈ បានអះអាងថា៖ «ការដាក់សម្ភាធនេះ វាអាចឈានទៅដល់ ការប្រះឆាណាមួយ ស្នាមប្រះណាមួយ ឬមានការបែកបាក់ផ្ទៃក្នុង។ (...) ក្នុងថ្ងៃអនាគត បញ្ហានយោបាយ​មាន​ភាពតានតឹងជាងមុន ព្រោះការបោះឆ្នោត កាន់តែខិតជិតមកដល់។ ហើយកំដៅនយោបាយ ក៏កាន់តែក្តៅ ដោយ​សារគណបក្សប្រជាជនកម្ពុជា នៅតែក្រាញ និងចង់បានអំណាច ហើយគណបក្សសង្គ្រោះជាតិ ព្យាយាម​​ឃោសនាទម្លាក់គណបក្សប្រជាជន ដើម្បីខ្លួនឡើងកាន់អំណាចវិញ។»

គណបក្សសង្គ្រោះជាតិ នឹងមានប្រជាប្រិយភាពជាង...

តាមទស្សនៈរបស់លោក អ៊ូ វីរៈ បានលើកឡើងថា តើគណបក្សសង្គ្រោះជាតិ ព្រមលេងល្បែង​នយោបាយ ជាមួយគណបក្សប្រជាជនដែរឬទេ? លោកអះអាងថា ឥឡូវនេះរដ្ឋសភាជាតិ បាននឹងកំពុងស្នើ ឲ្យគណបក្ស​សង្គ្រោះជាតិ ដាក់បេក្ខភាពថ្មី ក្នុងតំណែងអនុប្រធានទីមួយ នៃរដ្ឋសភា ជំនួសលោក កឹម សុខា ហើយ។ លោកបានបន្តថា បើលោក សមរង្ស៊ី ព្រមដាក់បេក្ខភាពថ្មី ជំនួសលោក កឹម សុខា នោះ មានន័យថា លោក សម រង្ស៊ី ព្រមលេងល្បែងនយោបាយនេះ ជាមួយលោក ហ៊ុន សែន ហើយ។ លោកបានបន្តថា បើលោក សម រង្ស៊ី ស្ម័គ្រចិត្តលេងល្បែងនយោបាយនេះមែននោះ អាចនឹងធ្វើឲ្យមានការប្រះឆារ ហើយបាត់បង់​ប្រជាប្រិយ​ភាព នៃគណបក្សសង្គ្រោះជាតិ។

អតីតប្រធានមជ្ឈបណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងឲ្យដឹងបន្តថា៖ «តើលោក សម រង្ស៊ី និងគណបក្ស​សង្គ្រោះ​ជាតិ ព្រមនឹងលេងល្បែង របស់គណបក្សប្រជាជន ឬអត់?។ បើដាក់មែននោះ ជាការយល់ព្រម​លេង​ល្បែងហ្នឹង ហើយអាចនឹងចាញ់ប្រៀបគណបក្សប្រជាជន។ តែបើសិនជាមិនដាក់ទេ គណបក្សសង្គ្រោះជាតិ នឹងមានប្រជាប្រិយភាពជាង។»

សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីសម្រេចដកតំណែងលោក កឹម សុខា ពីអនុប្រធានទីមួយនៃរដ្ឋសភា រដ្ឋសភា​ជាតិតាមរយៈប្រធានរដ្ឋសភាលោក ហេង សំរិន បានស្នើឲ្យគណបក្សសង្គ្រោះជាតិ ធ្វើការជ្រើសរើស និង​បញ្ជូនបេក្ខភាព ជាអនុប្រធានទីមួយថ្មី នៃរដ្ឋសភា ដើម្បីរដ្ឋសភារៀបចំការបោះឆ្នោត ជ្រើសតាំងជំនួសលោក កឹម សុខា។

សូមអានខ្លឹមសារនៃលិខិតរដ្ឋសភាដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...