សម រង្ស៊ី៖ «ការដោះលែងអ្នកទោសនយោបាយ មិនគ្រប់គ្រាន់ទេ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ សីហា ២០១៨
- កែប្រែចុងក្រោយ: August 24, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើលោក ហ៊ុន សែន ចង់បង្ហាញទៅសហគមន៍អន្តរជាតិ ថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អាចរស់ឡើងវិញបាននោះ លោកត្រូវបំពេញតាមលក្ខខណ្ឌទាំងអស់ ដូចខាងក្រោម។ នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ កាលពីប៉ុន្មានម៉ោងមុន នៅលើបណ្ដាញសង្គម។
ទោះជានាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា បានព្រមានជាមុន ថាលោកនឹងបន្ថែមលក្ខខណ្ឌ សម្រាប់ការដោះលែងអ្នកទោសនយោបាយ ក្នុងពេលខាងមុខនេះ ប្រសិនជាមានការលើកឡើងថា ទង្វើរបស់លោក ព្រោះមានសម្ពាធពីអន្តរជាតិនោះក៏ដោយ តែសម្រាប់លោក សម រង្ស៊ី បានថ្លែងពេញៗមាត់ថា៖
«ដោយសារតែលោក ហ៊ុន សែន ទាល់ច្រក ក្រោយពីការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា កន្លងទៅនេះ ហើយដោយសារតែសម្ពាធ ពីសហគមន៍អន្តរជាតិ ដែលដកភាពស្របច្បាប់ ពីរដ្ឋាភិបាលរបស់គាត់ ហើយត្រៀមដាក់ទណ្ឌកម្ម កាន់តែខ្លាំងឡើងៗ មកលើរបបផ្តាច់ការរបស់គាត់ លោក ហ៊ុន សែន ត្រូវបង្ខំចិត្តដោះលែងអ្នកទោសនយោបាយទាំងអស់ ក្នុងពេលឆាប់ៗខាងមុខនេះ។»
មេដឹកនាំប្រឆាំង និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ បានបន្តប្រាប់ទៅលោក ហ៊ុន សែន ទៀតថា ការដោះលែងអ្នកទោសនយោបាយទាំងអស់ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ គ្រាន់តែជាលក្ខខណ្ឌចាំបាច់មួយប៉ុណ្ណោះ តែវាមិនមែនជាលក្ខខណ្ឌគ្រប់គ្រាន់ សម្រាប់ឲ្យសហគមន៍អន្តរជាតិ «និយាយរក»លោក ហ៊ុន សែន នោះទេ។ លោក សម រង្ស៊ី រៀបរាប់ថា៖
«ក្នុងចំណោមលក្ខខណ្ឌដទៃទៀត ដែលលោក ហ៊ុន សែន ត្រូវបំពេញថែមទៀត មានការអនុញ្ញាត ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ការអនុញ្ញាតឲ្យថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ១១៨ រូប មានសិទ្ធិធ្វើសកម្មភាពនយោបាយ ពេញលេញដូចមុន និងការផ្តល់តំណែង ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទៅឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៥០០៧ រូប ដែលបានជាប់ឆ្នោត ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ២០១៧ ព្រមទាំងការទម្លាក់ចោល នូវរាល់ការចោទប្រកាន់ ចំពោះមន្ត្រីគណបក្សប្រឆាំងទាំងអស់ និងមន្ត្រីសង្គមសុីវិលទាំងអស់ ដែលលោក ហ៊ុន សែន និងតុលាការអាយ៉ងរបស់គាត់ បានរករឿង ធ្វើទុក្ខបុកម្នេញ ដោយហេតុផលនយោបាយ។»
គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់បុរសខ្លាំងកម្ពុជា បានបញ្ជាក់ថា៖ «មានតែបំពេញលក្ខខណ្ឌ ទាំងអស់ខាងលើនេះទេ ទើបលោក ហ៊ុន សែន អាចផ្តល់ជំនឿ ទៅសហគមន៍អន្តរជាតិ ថាលទ្ធិប្រជាធិបតេយ្យ អាចរស់ឡើងវិញបាន នៅប្រទេសកម្ពុជា»៕