EU ​ដាក់​ឱសានវាទ​ទៅ​រដ្ឋាភិបាល​កម្ពុជា មុន​ដាក់​ទណ្ឌកម្ម

ក្រុមប្រឹក្សាអ៊ឺរ៉ុប ដែលបានជួបប្រជុំ ជាមួយក្រុមរដ្ឋមន្ត្រីការបរទេស មកពីបណ្ដាប្រទេសសមាជិក របស់សហភាពអ៊ឺរ៉ុប បានព្រមានលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក អំពីទណ្ឌកម្មដោយផ្ទាល់ និងចំចំណុចមួយចំនួន ដែលសហភាពអ៊ឺរ៉ុប នឹងដាក់ប្រឆាំងរបបដឹកនាំនៅភ្នំពេញ។
EU ​ដាក់​ឱសានវាទ​ទៅ​រដ្ឋាភិបាល​កម្ពុជា មុន​ដាក់​ទណ្ឌកម្ម
កិច្ចប្រជុំមួយ របស់ក្រុមប្រឹក្សាអ៊ឺរ៉ុប។ (រូបថតផ្តិតពីអេក្រង់វីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៦ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 26, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមប្រឹក្សានៃសហភាពអ៊ឺរ៉ុប ដែលជាក្បាលម៉ាស៊ីនដឹកនាំសហភាពអ៊ឺរ៉ុប (ឬនិយាយម្យ៉ាងទៀត ជារដ្ឋាភិបាលនៃសហភាពអ៊ឺរ៉ុប) បានចេញសេចក្ដីសន្និដ្ឋានមួយមាន១១ចំណុច ព្រមានរដ្ឋាភិបាលកម្ពុជាខ្លាំងៗ ចំពោះសភាពការណ៍នយោបាយកម្ពុជាសព្វថ្ងៃ ដែលក្រុមប្រឹក្សាបានពន្យល់ថា មានភាពអាក្រក់ជាទីបំផុត។ 

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមមួយ ដែលបានចេញផ្សាយ នៅបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃបណ្ដារដ្ឋមន្ត្រីការបរទេសអ៊ឺរ៉ុប ក្នុងថ្ងៃចន្ទទី២៦ ខែកុម្ភៈនេះ បានសរសេរដាក់ឱសានវាទ ទៅកាន់របបដឹកនាំក្រុងភ្នំពេញថា៖ «ប្រសិនជាស្ថានភាព មិនមានភាពប្រសើរឡើងវិញទេ ក្រុមប្រឹក្សាអ៊ឺរ៉ុបនឹងចាត់វិធានការ ដោយផ្ទាល់ និងចំទិសដៅដ៏សំខាន់ៗជាច្រើន»។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រុមប្រឹក្សាអ៊ឺរ៉ុបទាមទារ ឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ប្រើប្រាស់ប្រព័ន្ធតុលាការ ជា«សម្ភារៈនយោបាយ» ដើម្បីគម្រាមកំហែង និងបំភិតបំភ័យក្រុមអ្នកនយោបាយប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល បណ្ដាអ្នកការពារសិទ្ធិការងារ និងសិទ្ធិមនុស្ស។

នៅចំពោះហេតុការណ៍ ដែលមានលក្ខណៈនយោបាយជាច្រើន ត្រូវបានក្រុមប្រឹក្សាអ៊ឺរ៉ុប សំដែងក្ដីបារម្ភរបស់ខ្លួន យ៉ាងជ្រាលជ្រៅជាទីបំផុត។ ហេតុការណ៍ ដែលត្រូវបានយកមកបញ្ជាក់នោះ មានដូចជាការបិទអង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើន ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ប្រធានគណបក្ស លោក កឹម សុខា  យកទៅឃុំខ្លួនរហូតមកដល់ពេលនេះ។

ក្រុមប្រឹក្សាអ៊ឺរ៉ុប «ទទូចជាថ្មី ឲ្យមានការដោះលែង លោក កឹម សុខា ភ្លាម» និងអំពាវនាវ ទៅអាជ្ញាធរកម្ពុជា ឲ្យ«លប់ចោលជាបន្ទាន់ នូវការការសម្រេចរំលាយគណបក្សប្រឆាំងខាងលើ»។

ព្រឹទ្ធសភាឯកបក្ស...

ការព្រមានរបស់ក្រុមប្រឹក្សាអ៊ឺរ៉ុប ដែលជានីតិប្រតិបត្តិ​ដឹកនាំសហភាពអ៊ឺរ៉ុប បានធ្វើឡើងមិនដល់២៤ម៉ោងផងទេ ក្រោយពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅកម្ពុជា ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ។ លទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោត មិនបានខុសពីការរំពឹងទុកទេ គឺគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះកៅអីទាំង ៥៨ លើ៥៨កៅអី ដែលអនុញ្ញាតឲ្យគណបក្សមួយនេះ អាចបន្តក្ដោបក្ដាប់ស្ថាប័នកំពូលមួយនេះ តែម្នាក់ឯង សម្រាប់រយៈពេល៦ឆ្នាំទៅមុខទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...