សម រង្ស៊ី ស្នើ ហ៊ុន សែន កុំមានចរិតដូច«ក្មេងពាល»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ សីហា ២០១៨
- កែប្រែចុងក្រោយ: August 24, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីមុននេះបន្តិច លោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានស្នើសុំឲ្យប្រមុខដឹកនាំកម្ពុជា លោក ហ៊ុន សែន ឲ្យប្រកាន់ចរិតចាស់ទុំ និងថ្លៃថ្នូរ ក្នុងន័យអ្វីមួយ ដែលមេដឹកនាំប្រឆាំង បានអះអាងថា កុំឲ្យលោក ហ៊ុន សែន មានចរិតដូចក្មេងពាល។
ការប្រើពាក្យខ្លាំងៗ របស់លោក សម រង្ស៊ី ទំនងជាចង់សំដៅ ទៅលើការប្រែប្រួលណាមួយ នៃជំហររបស់លោក ហ៊ុន សែន ដែលប្រកាសកាលពីម្សិលម៉ិញ ថាលោកអាចនឹងបន្ថែមលក្ខខណ្ឌ ទៅលើគម្រោងលើកលែងទោស ជាលក្ខណៈទ្រង់ទ្រាយធំ ឲ្យដល់ទណ្ឌិតនយោបាយ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ប្រសិនជាមានការលើកឡើងថា លោកធ្វើនេះ ព្រោះរងសម្ពាធពីអន្តរជាតិ។
ប្រធានចលនាសង្គ្រោះជាតិ បានថ្លែងឡើង នៅលើបណ្ដាញសង្គមថា៖ «ខ្ញុំស្នើឲ្យលោក ហ៊ុន សែន ប្រកាន់ចរិតចាស់ទុំ និងថ្លៃថ្នូរបន្តិចទៅ គឺស្នើកុំឲ្យគាត់ មានចរិតដូចក្មេងពាល»។
លោកបន្តថា៖ «បើអ្នកនយោបាយ ចាស់ទុំ និងថ្លៃថ្នូរ ណាម្នាក់ ត្រូវធ្វើ ឬ មិនត្រូវធ្វើអ្វីមួយ គេសម្រេចតាមគោលការណ៍របស់គេ និងតាមការគិតគូរ ស៊ីជម្រៅរបស់គេ។ គេមិនដើរនិយាយប៉ាតណាប៉ាតណីថា គេនឹងធ្វើនេះ ឬធ្វើនោះ ឬក៏មិនធ្វើនេះ មិនធ្វើនោះ អាស្រ័យតែអ្នកនេះ ឬអ្នកនោះ និយាយយ៉ាងម៉េចយ៉ាងម៉ានោះទេ។»។
កាលពីព្រឹកម្សិលម៉ិញ ថ្លែងនៅចំពោះកម្មករ-កម្មការិនី ជាច្រើនពាន់នាក់ នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា លោក ហ៊ុន សែន បានប្រកាស ពីគម្រោងលើកលែងទោស ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងពេលខាងមុខ ជាមួយនឹងការព្រមានទុកជាមុន ប្រឆាំងការធ្វើអត្ថាធិប្បាយទាំងឡាយណា ដែលអះអាងថា ការលើកលែងទោសនេះ បណ្ដាលមកពីការគាបសង្កត់ របស់អន្តរជាតិ។ លោកថា លោកអាចនឹងបន្ថែមលក្ខខណ្ឌ ប្រសិនជាមានការលើកឡើង បែបនោះ។
មេដឹកនាំកម្ពុជា បានថ្លែងឡើងថា៖ «បើសិនជា ខ្ញុំត្រូវឲ្យពួកអ្នក [ដែលត្រូវលើកលែងទោស] ធ្វើការសុំទោស អ្នកបានធ្វើលិខិតរួចហើយ ក៏ប៉ុន្តែបើសិនជាអ្នកណាមួយ ធ្វើអត្ថាធិប្បាយអំពីការគាបសង្កត់អន្តរជាតិ ខ្ញុំតម្រូវ ខ្ញុំទុកសិន ទុករហូតទៅដល់អ្នកដែលធ្វើលិខិតសុំនេះ ធ្វើការថ្កោលទោស ចំពោះអ្នកដែលនិយាយ បានខ្ញុំព្រម»។
ប៉ុន្តែ នៅវេលាល្ងាច ក្នុងថ្ងៃម្សិលម៉ិញដដែល លោក សម រង្ស៊ី បានចេញមកអះអាងដោយពេញៗមាត់ថា ការលើកលែងទោសណាមួយនោះ គឺបណ្ដាលមកពីលោក ហ៊ុន សែន កំពុង«ទាល់ច្រក» និងកំពុង«រងសម្ពាធ» ពីសហគមន៍អន្តរជាតិ។ ការថ្លែងឡើងដូច្នេះ របស់មេដឹកនាំប្រឆាំង ត្រូវបានប្រព័ន្ធឃោសនា របស់របបក្រុងភ្នំពេញ ដកស្រង់យកមកផ្សាយ ក្នុងថ្ងៃនេះ ដោយចាត់ទុកសំដីខាងលើ ថាជា«ការផ្គើន» និងមាន«ចេតនាទុច្ចរិតញុះញង់»។
«រោងចក្រផលិតព័ត៌មាន» ដ៏ល្បីមួយ ថែមទាំងធ្វើអត្ថាធិប្បាយ ស្របទៅនឹងបំណងរបស់លោក ហ៊ុន សែន ដោយធ្វើជាផ្ដល់«ទស្សនទាន» ដល់លោក កឹម សុខា លោក អ៊ុំ សំអាន លោក មៀច សុវណ្ណារ៉ា រួមនិងសកម្មជនគណបក្សសង្គ្រោះជាតិដទៃទៀត ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេផង ថា«គួរណាស់ធ្វើលិខិតថ្កោលទោសទណ្ឌិត សម រង្ស៊ី ចំពោះទង្វើគឃ្លើន និងបង្អាក់ការមានសេរីភាពឡើងវិញ របស់អ្នកទាំងអស់គ្នា»៕