សម រង្ស៊ី បង្ហោះ​សារ​ពី ចន ម៉ាកខេន ដែល​ប្រកាស​ឈប់​ព្យាបាល​ជំងឺ​មហារីក

ការសម្រេចចិត្តរបស់លោក ចន ម៉ាកខេន (John McCain) សមាជិកព្រឹទ្ធសភាជើងចាស់អាមេរិក ដែលបានប្រកាសឈប់ព្យាបាល ជំងឺមហារីកខួរក្បាល ដ៏រ៉ាំរ៉ៃរបស់លោក បានបង្កភាពរំជួលចិត្តជាទូទៅ នៅគ្រប់មជ្ឈដ្ឋាន ទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅឯបរទេស។ មេដឹកនាំប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី ក៏បានចូលរួមផ្ញើរសារ ដែលនិយាយពីលោក ចន ម៉ាកខេន ដូចគ្នាដែរ។
សម រង្ស៊ី បង្ហោះ​សារ​ពី ចន ម៉ាកខេន ដែល​ប្រកាស​ឈប់​ព្យាបាល​ជំងឺ​មហារីក
លោក ចន ម៉ាកខេន ទទួលជួបលោក សម រង្ស៊ី កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៥ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 25, 2018
  • ប្រធានបទ: ជីវិត-នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃសុក្រ​ម្សិលម៉ិញ ក្រុមគ្រួសារ​នៃលោក ចន ម៉ាកខេន (John McCain) សមាជិកព្រឹទ្ធសភាជើងចាស់អាមេរិក បានប្រកាសឲ្យដឹង ពីការសម្រេចរបស់អតីត​បេក្ខជន​ប្រធានាធិបតី​អាមេរិក​រូបនេះ ក្នុងការឈប់ព្យាបាល ជំងឺមហារីកខួរក្បាល ដ៏រ៉ាំរ៉ៃរបស់លោក ដែលបានកើតមាន តាំងពី១ឆ្នាំមកហើយ។ ការសម្រេចចិត្ត ដែលធ្វើឲ្យមានរំជួលចិត្ត សម្រាប់មជ្ឈដ្ឋានទូទៅ ទាំងនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។

សម្រាប់មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានសំដែងសមានចិត្តរបស់លោក នៅចំពោះដំណឹងនេះ ដោយបានហៅលោក ចន ម៉ាកខេន ថាជា«មិត្ត»ម្នាក់។ ប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន នៅសហរដ្ឋអាមេរិក បានបង្ហោះសាររបស់លោក ដោយមានសេចក្ដីថា៖

«លោក ចន ម៉ាកខេន គឺជានិងនៅតែជា អ្នកការពារលទ្ធិប្រជាធិបតេយ្យ ដែលមិនចេះនឿយហត់មួយរូប សម្រាប់ប្រទេសកម្ពុជា ហើយលោកគឺជាមិត្តភ័ក្រដ៏ស្មោះស្ម័គ្របំផុត នៃសេរីភាព នៅគ្រប់ទិសទីទាំងអស់ នៃពិភពលោក។ ខ្ញុំមានមោទនភាពណាស់ ដែលហៅលោក ថាជាមិត្តរបស់ខ្ញុំ។»

សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមគ្រួសារ លោក ចន ម៉ាខេន បានសរសេរថា ក្នុងរយៈពេល ១ឆ្នាំកន្លងមក ព្រឹទ្ធសមាជិកអាមេរិក អាយុ៨១ឆ្នាំរូបនេះ បានខិតខំជំនះ​គ្រប់បែបយ៉ាង ទល់នឹងជំងឺដ៏ប្រល័យ ដើម្បីភាពរស់រានមានជីវិតរបស់លោក។ ប៉ុន្តែ «ការវិវឌ្ឍនៃជំងឺមហារីក និងវ័យចាស់ជរា ដែលមិនអាចគ្រប់គ្រងបាន របស់លោក គឺជាអ្នកសម្រេចសេចក្ដី ជំនួសលោក។ ជាមួយនឹងការប្តេជ្ញាចិត្តធម្មតា លោក ចន ម៉ាកខេន បានបញ្ចប់ការព្យាបាល តាមផ្លូវវេជ្ជសាស្រ្ត ទល់នឹងជំងឺនេះ។»។

កាលពីដើម​ខែ​តុលា គឺលោក ចន ម៉ាកខេន នេះហើយ ដែលបាន​ស្នើ​​សេចក្ដី​សម្រេច​មួយ កម្រាស់៨ទំព័រ ដើម្បី​រក​ដំណោះស្រាយ ​ជុំវិញ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។ លោកបានធ្វើកិច្ចការនេះ នៅពេលនោះ ជាមួយព្រឹទ្ធសមាជិកផ្សេងទៀត មាន​លោក ឌិក ឌើប៊ិន (Dick Durbin) មុននឹងមានប្រតិកម្ម ជាច្រើនទៀត ពីសំណាក់សមាជិកព្រឹទ្ធសភាអាមេរិកផ្សេងៗ ចំពោះអ្វី ដែលពួកអស់លោកទាំងនោះ ហៅថា ជាការធ្លាក់ចុះ នៃលទ្ធិប្រជាធិបតេតយ្យនៅកម្ពុជា។

តាំងពីរដូវក្ដៅ ឆ្នាំកន្លងទៅមកទល់នឹងពេលនេះ លោក ចន ម៉ាកខេន បានសម្រាកព្យាបាលជំងឺរបស់លោក នៅក្នុងរដ្ឋអារីហ្សូណា (Arizona - ស្ថិតនៅភាគខាងលិច សហរដ្ឋអាមេរិក)។ លោកមិនបានលាលែង ចេញពីស្ថាប័ន​ព្រឹទ្ធសភាទេ ហើយគេក៏មិនបានឃើញលោក បង្ហាញខ្លួនជាសាធារណៈ តាំងពីខែធ្នូ ឆ្នាំ២០១៧ នោះមកដែរ។ គេបានឃើញលោក តាមរយៈរូបថតប៉ុន្មានសន្លឹក ដែលថតឃើញ លោកនៅក្នុងផ្ទះ និងនៅពេលលោកដើរកំសាន្ដ។

លោក «John Boockvar» គ្រូពេទ្យឯកទេស ខាងជំងឺមហារីកខួរក្បាល ពីមន្ទីរពេទ្យ «Lenox Hill» ត្រូវបានទីភ្នាក់ងារព័ត៌មាន «AFP» ស្រង់សំដីមកបញ្ជាក់ថា ការបញ្ឈប់ការព្យាបាល ជំងឺមហារីកដ៏រ៉ាំរ៉ៃ នឹងធ្វើឲ្យលោក ចន ម៉ាកខេន មានជីវិតត្រឹមតែ ប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ។ លោកបានបញ្ជាក់បន្តថា អ្នកជំងឺដែលមានអាការៈ មហារីកក្នុងខួរក្បាល អាចមានជីវិតរវាងពី១២ ទៅ១៥ខែ បន្ទាប់ពីរកឃើញថា ខ្លួនបានឈឺជំងឺនេះ។

អ្នកស្រី «Meghan McCain» កូនស្រីរបស់លោក បានបង្ហោះសារថ្លែងអំណរគុណ ចំពោះអ្នកទាំងឡាយ ដែលមានសមានចិត្ត ចំពោះឪពុកអ្នកស្រី។ រីឯអ្នកស្រី «Cindy McCain» ភរិយារបស់លោក បានបង្ហោះសារថា៖ «ខ្ញុំស្រឡាញ់ស្វាមីខ្ញុំ អស់ពីបេះដូង។ សូមព្រះជាម្ចាស់ ផ្ដល់ពរជ័យ​ទៅអ្នកទាំងឡាយ ដែលបានខ្វាយខ្វល់ ចំពោះរូបគាត់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...