ធី សុវណ្ណថា ព្រមាន សីសុវត្ថិ ធម្មិកោ «កុំមានគំនិតខូច»
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 10, 2016
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីយល់រឿងវ៉ាវ ដែលជាការសប្បាយ សម្រាប់បណ្ដាជនមួយចំនួន តែបែរជាបង្កការក្ដៅក្រហាយ ដល់បណ្ដាជនផ្សេងទៀតនោះ គេត្រូវវិលត្រឡប់ទៅ ប៉ុន្មានថ្ងៃមុននេះវិញ ជាពិសេសនៅក្រោយព្រឹត្តិការណ៍ នៃការប្រោសព្រះរាជទានលើកលែងទោស ពីសំណាក់ព្រះមហាក្សត្រកម្ពុជា ចំពោះលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ទាក់ទងនឹងបទ«បដិសេធការចូលខ្លួន» ទៅកាន់តុលាការ។
ប៉ុន្តែការលើកលែងទោស ពីសំណាក់ព្រះមហាក្សត្រ ចំពោះអនុប្រធានគណបក្សសង្គ្រោះជាតិ ចុះព្រះហត្ថលេខានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នោះ ទំនងជាមិនបានធ្វើឲ្យមនុស្សមួយចំនួន រីកចិត្តរីកថ្លើមនោះឡើយ រាប់ទាំងម្ចាស់បណ្ដឹង កញ្ញា ធី សុវណ្ណថា ដែលប្ដឹងលោក កឹម សុខា ពីបទបរិហាកេរ្ដិ៍រហូតបង្កឲ្យមានការកោះហៅលោក កឹម សុខា ឲ្យចូលខ្លួនទៅបំភ្លឺនោះផង។ អតីតតារាហ្វេសប៊ុក ដែលក្លាយខ្លួន មកជាប្រធានអង្គការរូបនេះ បានទាមទារឲ្យលោក កឹម សុខា «សុំទោស»នាងជាសាធារណៈ ដើម្បី«បញ្ចប់រឿង»។
នៅក្នុងសារមួយ ដែលកញ្ញា ធី សុវណ្ណថា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្នុងថ្ងៃទី៥ ខែធ្នូ (ប៉ុន្មានថ្ងៃក្រោយការលើកលែងទោស) អតីតសកម្មជនគណបក្សប្រឆាំងរូបនេះ បានអះអាងថា៖ «បណ្តឹងនាងខ្ញុំ បានធ្វើឲ្យលោក (កឹម សុខា) ជាប់ឃុំ ៦ខែ ក្នុងស្នាក់ការបក្ស។ នាងខ្ញុំរីករាយ ដែលបានឃើញលោកទទួលស្គាល់កំហុស (ហើយ)លោកបានស្នើសុំ និងទទួលព្រះរាជទាន (លើកលែង)ទោស ពីព្រះមហាក្សត្រ។ នាងខ្ញុំ ក្នុងនាមជាជនរងគ្រោះ ពីអំពើបរិហាកេរ្តិ៍របស់លោក ស្នើឲ្យលោក សុំទោសនាងខ្ញុំជាសាធារណ: ដើម្បីបញ្ចប់រឿង។»។
«បើលោក មិនសុំទោសនាងខ្ញុំទេ...»
កញ្ញា ធី សុវណ្ណថា បានបន្តការព្រមាន ទៅលោក កឹម សុខា ទៀតថា៖ «បើលោក មិនសុំទោសនាងខ្ញុំទេ នាងខ្ញុំនឹងបន្តដាក់ពាក្យប្តឹង ដើម្បីឲ្យតុលាការបន្តនិតិវិធី (ក្នុង)សំនុំរឿងផ្សេងទៀតរបស់លោក ដូចជា បរិហាកេរ្តិ៍ ជួញដូរផ្លូវភេទ សូកសាក្សី ជាដើម»។
ពីក្នុងចំណោមការបញ្ចេញមតិយោបល់ (Comment) ប្រមាណជាង៤០០០ដង នៅពីខាងក្រោមសារបង្ហោះខាងលើ មានមនុស្សតិចណាស់ ដែលបានគាំទ្រការលើកឡើង របស់អតីតតារាហ្វេសប៊ុក ដែលទទួលភាពល្បីល្បាញខ្លាំង នៅក្នុងអំឡុងពេល នៃការឃោសនាបោះឆ្នោត ឆ្នាំ២០១៣។ ប៉ុន្តែផ្ទុយទៅវិញ បណ្ដាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងអ្នកមាននិន្នាការកណ្ដាលមួយចំនួន យល់ថា ទង្វើរបស់កញ្ញា ធី សុវណ្ណថា បានដើរទៅឆ្ងាយជ្រុល ហើយមានលក្ខណៈជាការជម្រះបញ្ជី ដើម្បីយកចាញ់ឈ្នះផ្ទាល់ខ្លួន។
ទោសប្រមាថព្រះរាជា...?
នៅក្នុងសារប្រតិកម្មមួយ របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គ កាលពីថ្ងៃទី៨ ខែធ្នូ (ប៉ុន្មានថ្ងៃក្រោយ ការបង្ហោះសារទាមទារ របស់កញ្ញា ធី សុវណ្ណថា) ថែមទាំងបានចាត់ទុកការទាមទារនោះ ថាជាការប្រមាថ លើអង្គព្រះមហាក្សត្រ និងចង់ឃើញមានចំណាត់ការតាមផ្លូវច្បាប់ ពីសំណាក់ស្ថាប័នពាក់ព័ន្ធ ទៅលើអ្នក«ប្រមាថ»វ័យក្មេងខាងលើ។ អមនឹងព្រះរាជសារលើកលែងទោសនោះផង ព្រះអង្គ ធម្មិកោ បានសរសេរថា៖ «រឿងនេះ ខ្ញុំចាត់ទុកជាការប្រមាថ យ៉ាងធ្ងន់បំផុត លើអង្គព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទាន ព្រះរាជក្រិត្យលើកលែងទោសជូន លោក កឹម សុខា។ ប៉ុន្តែ (មក)ដល់ម៉ោងនេះ ខ្ញុំមិនទាន់ឃើញ ស្ថាប័នពាក់ព័ន្ធណាមួយ ប្រតិកម្ម ឬចាត់វិធានការ តាមផ្លូវច្បាប់ (នៅឡើយ)។»
បញ្ហាបន្ទាប់មកទៀត នៅត្រង់ថា សារប្រតិកម្មរបស់ព្រះអង្គម្ចាស់ ធម្មិកោ ទំនងជាបានចាក់ប្រធានអង្គការវ័យក្មេង ឲ្យឆេះច្រឡោតឡើង។ នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ កញ្ញា ធី សុវណ្ណថា បានបង្ហោះសារតបត្រឡប់ទៅវិញ ដោយ «សូមព្រះអង្គពិនិត្យឲ្យច្បាស់ (នូវ)រាជសារព្រះមហាក្សត្រ និងសំណេររបស់នាង»។ កញ្ញា សុវណ្ណថា បានសរសេរពន្យល់ថា៖ «ព្រះមហាក្សត្រព្រះរាជទាន (លើកលែង)ទោស ឲ្យលោក កឹម សុខា ត្រឹមតែបទល្មើស "បដិសេធការចូលខ្លួន" ហើយនាងខ្ញុំ គ្រោងប្តឹងបន្ត គឺបទល្មើស បរិហាកេរ្តិ៍ ជួញដូរផ្លូវភេទ សូកសាក្សី (...)»។
អតីតសកម្មជនគាំទ្រគណបក្សប្រឆាំង បានបន្តរៀបរាប់ នៅក្នុងការឆ្លើយតបនោះទៀតថា៖ «សូមព្រះអង្គពិនិត្យឲ្យច្បាស់ (នូវ)រាជសារព្រះមហាក្សត្រ និងសំណេររបស់នាងខ្ញុំ។ សូមព្រះអង្គកុំមានគំនិតខូច កុំបំភ្លៃការពិត នាំឲ្យថោកទាប ដល់កិត្តិយសរបស់ព្រះអង្គ ក្នុងនាមជាខ្សែរាជវង្ស ដ៏ខ្ពង់ខ្ពស់។ (...) កាលដែលនាងខ្ញុំ ស្នើឲ្យលោក កឹម សុខា សុំទោសនាងខ្ញុំ ដើម្បីបញ្ចប់រឿង នេះគឺជាការផ្តល់ឱកាស ជាគុណធម៌ និងជាសុជីវធម៌ដ៏ល្អ របស់ពលរដ្ឋខ្មែរទូទៅ ដែលជនរងគ្រោះ សុំត្រឹមឲ្យជនល្មើសទទួលស្គាល់កំហុស និងសុំទោស។»។
បញ្ហាសម្លកំពិស ដែលទំនងមើលទៅ ពិបាកនឹងរកទីបញ្ចប់ ជាពិសេស ពេលដែលគេពិបាកបែងចែកឲ្យច្បាស់ ថាតើនរណាមួយ ជាជនរងគ្រោះ និងជនល្មើសពិតប្រាកដ៕