ហ៊ីឡារី គ្លីនតុន ត្រឡប់មកបកស្រាយព័ត៌មាន«បំប៉ោង»
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៩ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 09, 2016
- ប្រធានបទ: ឆ្ពោះទៅសេតវិមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានយកឱកាស នៃការបង្ហាញវត្តមានរបស់អ្នកស្រី នៅក្នុងកម្មវិធីឧទ្ទិស ដល់ការចាកចេញពីតំណែង របស់សមាជិកព្រឹទ្ធសភា លោក «Harry Reid» ដើម្បីលើកឡើងពីរឿងរ៉ាវមួយចំនួន ដែលអ្នកស្រីអះអាងថា ជាការបំប៉ោង និងបំភ្លៃទាំងស្រុង។ ហើយនេះ គឺការបង្ហាញខ្លួន ជាសាធារណៈលើកទីពីរ បន្ទាប់ពីអ្នកស្រី បានប្រកាសទទួលស្គាល់បរាជ័យ នៅចំពោះជ័យជំនះរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ ខែវិច្ឆិកា។
អ្នកស្រីបានថ្លែង បែបកំប្លែងថា៖ «នេះ វាមិនមែនជាសុន្ទរកថា ចេញពីវិមានកាពីតូល (Capitole - ចង់មានន័យថា ជាសុន្ទរកថា ដែលប្រធានាធិបតី ជាប់ឆ្នោតថ្មី ត្រូវធ្វើទៅកាន់ប្រជាជាតិ ដំបូងគេបង្អស់ នៅថ្ងៃស្បថចូលកាន់តំណែង) ដែលខ្ញុំបានសង្ឃឹមថា នឹងធ្វើវា នៅក្រោយពេលបោះឆ្នោត នោះទេ។ ប៉ុន្តែបន្ទាប់ពីបានធ្វើ "Selfies" នៅក្នុងឧទ្យានសាធារណៈក្បែរផ្ទះ (នាក្រុងញ៉ូយក) អស់ប៉ុន្មានសប្ដាហ៍នោះមក ខ្ញុំគិតថា វាជារឿងមួយប្រសើរណាស់ ក្នុងការចេញ មកបង្ហាញខ្លួនឡើងវិញ។»
បំប៉ោងព័ត៌មាន គម្រាមដល់ជីវិតមនុស្ស...
អ្នកស្រី មិនបានរំលឹកមកនិយាយ ពីបរាជ័យរបស់អ្នកស្រី នៅក្នុងការបោះឆ្នោតនោះទេ តែអ្នកស្រីបានលើកឡើង មកបកស្រាយយ៉ាងច្រើន នូវអ្វីដែលអ្នកស្រីហៅថា ជា«ជំងឺឆ្លង»យ៉ាងរីករាលដាល នៃការបំភ្លៃ និងការឃោសនាព័ត៌មាន នៅតាមបណ្ដាញសង្គម តាំងពី១ឆ្នាំមកហើយ។ អ្នកស្រីបានថ្លែងឡើងថា៖ «វាពិតណាស់ហើយ ដែលការបំប៉ោងព័ត៌មាន បានបង្កផល់ប៉ះពាល់ និងការគម្រាម ដល់ជីវិតមនុស្សជាច្រើន ខណៈអ្នកទាំងនោះ គ្រាន់តែជាមនុស្សសមញ្ញ ធម្មតា ហើយធ្វើតែការងារ របស់ពួកគេប៉ុណ្ណោះ»។
ការលើកឡើងនេះ អតីតបេក្ខនារីប្រធានាធិបតី ចង់សំដៅទៅហេតុការណ៍បាញ់ប្រហារមួយ ពីសំណាក់យុវជន «Edgar Maddison Welch» អាយុ២៨ឆ្នាំ នៅក្នុងភោជនីយដ្ឋានមួយឈ្មោះ «Comet Ping Pong» ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យកន្លងទៅ។ យុវជនរូបនោះ បានជឿជាក់តាមព័ត៌មានមួយ ដែលគ្មានមូលដ្ឋានគ្រឹះ ទាក់ទងភោជនីយដ្ឋាន «Pizza» ខាងលើ និងដែលបានអះអាងថា អ្នកបម្រើការនៅក្នុងភោជនីយដ្ឋាន បានបង្កើតឲ្យមាន ជាបណ្ដាញអ្នកស្រឡាញ់អនីតិជនមួយ នៅទីនោះ។
តែរឿងដែលគេបានដឹងច្បាស់ ពីហេតុការណ៍នោះ គឺនៅត្រង់ថា ព័ត៌មាន«Pizzagate»នោះ ត្រូវបានបង្កើតឡើង និងបន្តចែកចាយនៅលើបណ្ដាញសង្គម ដោយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ខណៈម្ចាស់ភោជនីយដ្ឋាននោះ គ្រាន់តែមានទំនាក់ទំនង ជាមួយអ្នកជិតដិតរបស់អ្នកស្រី គ្លីនតុន ប៉ុណ្ណោះ។ សំណាងល្អ ការបាញ់ប្រហារនោះ មិនបានធ្វើឲ្យនរណាម្នាក់ រងរបួសនោះទេ។
ប្រយុទ្ធ ទល់នឹងការ«ឃោសនា»ពីបរទេស...
«យើងត្រូវប្រឈមមុខ ដោះស្រាយទល់នឹងគ្រោះថ្នាក់នេះ ជាបន្ទាន់» អ្នកស្រី គ្លីនតុន បានបន្តថ្លែងដូច្នេះ មុននឹងសង្កត់ធ្ងន់ ពីការគាំទ្ររបស់អ្នកស្រី ទៅលើគម្រោងច្បាប់មួយ ដើម្បីប្រយុទ្ធ ទល់នឹងការ«ឃោសនា» ពីបរទេស ដោយអ្នកស្រីបានអំពាវនាវ ទៅបណ្ដាសហគ្រាសយក្សនានា នៅក្នុងសង្កាត់ «Silicon Valley» នៃរដ្ឋកាលីហ្វ័នី ឲ្យចូលរួមសហការ ក្នុងគម្រោងច្បាប់នេះ។
នៅចំពោះសំនួរ ដែលចង់ដឹងថា តើព័ត៌មានបំប៉ោងទាំងនោះ បានធ្វើឲ្យអតីតបេក្ខនារីរូបនេះ ទទួលបរាជ័យ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឬ? អ្នកស្រី គ្លីនតុន មិនបានឆ្លើយតបទេ ដោយគ្រាន់តែនិយាយថាជាច្រើនដង នូវពាក្យ«អរគុណៗ» តបទៅអ្នកសារព័ត៌មានវិញ មុននឹងអ្នកស្រីបានដើរចាកចេញ ពីកម្មវិធីខាងលើ៕