ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ត្រូវ​សភា​ដក​ចេញ​ពី​អំណាច

ក្រុមតំណាងរាស្ត្រ របស់ប្រទេសកូរ៉េខាងត្បូង បានអនុម័តនៅថ្ងៃសុក្រនេះ នូវញត្តិបន្ទោសមួយ ដើម្បីដក​អ្នកស្រី ប៉ាក់ ហ្គុន-ហេ (Park Geun-Hye) ចេញពីតំណែង​ជាប្រធានាធិបតី ដោយលប់ចោលទាំងអស់ នូវ​អំណាច​ទាំង​អម្បាល​ម៉ាន ដែលអ្នកស្រីមានក្នុងនីតិប្រតិបត្តិ ក្រោមមូលហេតុ ជាប់ពាក់ព័ន្ធនឹង​រឿង​អាស្រូវ​ពុក​រលួយ ដ៏​មហា​សាល។
ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ត្រូវ​សភា​ដក​ចេញ​ពី​អំណាច
អ្នកស្រី ប៉ាក់ ហ្គុន-ហេ នៅពេលជាប់ឆ្នោតជាប្រធានាធិបតី នៃប្រទេសកូរ៉េខាងត្បូង។ (រូបថតឯកសារ)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 09, 2016
  • ប្រធានបទ: នយោបាយ-ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ញត្តិបន្ទោសនោះ ត្រូវបានអនុម័ត​ដោយរដ្ឋសភាជាតិ នៃប្រទេសកូរ៉េខាងត្បូង ដោយសម្លេងច្រើន​លើស​លប់ (២៣៤សម្លេងស្រប ទល់នឹង​៥៦សម្លេង​ប្រឆាំង) ក្នុងព្រឹក​ថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ។

ប៉ុន្តែគេក៏ត្រូវនិយាយដែរថា ការទទួលបានសម្លេចគាំទ្រ ដ៏ច្រើនលើសលប់នេះ ក៏ដោយសារតែ​ក្រុម​តំណាង​រាស្ត្រ ដែលជាអ្នកបង្កើតញត្តិបន្ទោស បានគម្រោមថានឹងចុះចេញពីតំណែង (ជាតំណាងរាស្ត្រ) ប្រសិន​ណា​ជា​តំណាងរាស្ត្រ ចំនួន២៩រូបផ្សេងទៀត មកពីគណបក្ស​អភិរក្សនិយម (គណបក្ស​របស់​​អ្នកស្រី​​ប្រធានាធិបតី) មិន​ចូល​រួម​គាំទ្រ ឲ្យគ្រប់សម្លេងក្នុងការសម្រេច នូវញត្តិបន្ទោសនេះទេនោះ។

អ្នកស្រី ប៉ាក់ ហ្គុន-ហេ (Park Geun-Hye) នៅមានឈ្មោះ ជាប្រធានាធិបតីដដែល ប៉ុន្តែអ្នកស្រី​មិន​មាន​អំណាច ក្នុងការគ្រប់គ្រង់អង្គនីតិប្រតិបត្តិ របស់​ប្រទេសកូរ៉េខាងត្បូងទៀតទេ។ នៅក្នុងតំណែង ដែល​មាន​តែ​ឈ្មោះនេះ អ្នកស្រីត្រូវរង់ចាំ​ការសម្រេច​ចុងក្រោយ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ទាក់ទងនឹង​ការ​ដក​​តំណែង​​ របស់​រដ្ឋសភា​ខាង​លើ ដែល​អាច​មាន​រយៈពេល រហូតដល់ទៅ៦ខែ។

ជារបត់ថ្មីមួយទៀត នៅក្នុងនយោបាយ នៃប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីរឿងអាស្រូវ ពាក់ព័ន្ធនឹង​អំពើ​ពុក​រលួយ ត្រូវបានបើកកកាយ និងដែលបានជំរុញ ឲ្យបណ្ដាជនកូរ៉េរាប់លាននាក់ ចុះដើរនៅតាមដងផ្លូវ កាលពី​ថ្ងៃ​ទី២៦ ខែវិច្ឆិកាកន្លងទៅ។

អ្នកស្រី ប៉ាក់ ហ្គុន-ហេ ត្រូវបានតុលាការសង្ស័យ ថាបាន​យល់​ព្រម ធ្វើការបែងចែកទឹកប្រាក់ ជាច្រើន​សិប​លាន​ដុល្លារ ផ្ដល់ដោយសហគ្រាសឯកជន ទៅឲ្យមូលនិធិ ប្រកបដោយភាពមន្ទិល មួយចំនួន។ មូលនិធិ​​ទាំង​​នោះ ទំនង​ជា​ត្រូវ​បាន​ប្រើប្រាស់ ក្នុងផលប្រយោជន៌ផ្ទាល់ខ្លួន ដោយអ្នកស្រី «Choi Soo-Sil» ស្ត្រីអ្នកជំនួញម្នាក់ ជិតដិតនឹងប្រធានាធិបតី តែ​ទើប​ត្រូវ​បាន​ឃាត់​ខ្លួន កាលពីពេលថ្មីៗ នៅក្នុង​សំនុំរឿងអាស្រូវនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...