វៀតណាមសម្ពោធសាលារៀនបណ្ដែតទឹកថ្មី នៅកំពង់ឆ្នាំង
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 09, 2016
- ប្រធានបទ: អន្តោប្រវេសន៍វៀតណាម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាលារៀនបណ្ដែតទឹកមួយខ្នង ដែលមានបីបន្ទប់ (បន្ទប់ការិយាល័យមួយ សម្រាប់សាស្ត្រាចារ្យ និងបន្ទប់ថ្នាក់រៀនចំនួន២ទៀត) សម្រាប់ទទួលកុមារជិត១០០នាក់ ឲ្យចូលមកសិក្សា ទើបនឹងពន្លេចខ្លួនឡើង និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែធ្នូកន្លងមក ដោយស្ថានទូតវៀតណាម និងសមាគមជនកម្ពុជាមានដើមកំណើតវៀតណាម ប្រចាំក្នុងខេត្តកំពង់ឆ្នាំង។ នេះបើតាមប្រភពផ្ទាល់កន្លែង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាន។
តែសម្រាប់ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប្រទេសកុម្មុយនីសវៀតណាម ឈ្មោះ «VNA» បានអះអាងថា គ្រឹះស្ថានសិក្សាថ្មី មានលទ្ធភាពទទួលកុមារៗ បានរហូតដល់ទៅជិត ២០០នាក់ ពីសំណាក់ជនជាតិវៀតណាមរស់នៅឯក្រៅប្រទេស (ភាសាវៀតណាមហៅ «Viet kieu») ដែលមានចំនួនយ៉ាងហោច ៦០០គ្រួសារ និងដែលកំពុងរស់ក្នុងតំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ នៃខេត្តកំពង់ឆ្នាំង។
សាលារៀននេះ នឹងជួយកុមារៗ ដែលមានដើមកំណើតវៀតណាម និងរស់នៅឯបរទេស ហើយមានភាពពិបាក ក្នុងការស្វែងរកសាលារៀន នៅក្នុងកន្លែងដែលពួកគេកំពុងរស់នៅ ឲ្យពួកគេយល់ អំពើដើមកំណើតរបស់ពួកគេ និងជួយទំនុកបំរុងពួកគេ ឲ្យក្លាយជា «ពលរដ្ឋល្អ» នៅក្នុងសង្គម។ នេះបើតាមការថ្លែងអះអាង របស់លោក «Nguyen Manh Cuong» ទទួលបន្ទុកសហគមន៍ របស់ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់នូវសាលារៀនខាងលើនេះ មុននឹងធ្វើការចែកអំណោយ ទៅឲ្យកុមារៗនៅទីនោះ ប្រមាណជា ១៤០នាក់។
គឺក្រុងហូជីមិញ ជាអ្នកចំណាយទឹកប្រាក់ ចំនួន ៣៦ ០០០ដុល្លារ ក្នុងការសាងសង់សាលារៀននេះឡើង។ លោក «Le Thi Tham» សាស្ត្រាចារ្យដើមកំណើតវៀតណាមមួយរូប បានថ្លែងនៅក្នុងឱកាសដដែលនោះ អរគុណទៅដល់ក្រុងហូជីមិញ និងស្ថានទូតវៀតណាម ព្រមទាំងបានសន្យាថា លោកនឹងព្យាយាមផ្ទេរចំណេះដឹង របស់លោក ដែលមានទាំងប៉ុន្មាន ទៅឲ្យកុមារទាំងនោះ ដើម្បីឲ្យក្លាយជា «ពលរដ្ឋល្អរបស់ប្រទេស»។
ទីភ្នាក់ងារព័ត៌មានផ្លូវការ «VNA» បានរាយការណ៏បន្ថែមថា ក្នុងខេត្តកំពង់ឆ្នាំង នៃប្រទេសកម្ពុជានេះ មានជនជាតិវៀតណាមរស់នៅជាច្រើន មិនតិចជាងមួយម៉ឺននាក់ឡើយ ហើយភាគច្រើនពីក្នុងចំណោមនោះ ប្រកបមុខរបរ ជាអ្នកនេសាទ៕