សាលាឧទ្ធរណ៍មិនទទួលបណ្ដឹងសួង សុភ័ណ្ឌប្ដឹងហ៊ុន សែន រឿងធ្វើឯកសារឲ្យយួន?
ភ្នំពេញ៖ សាលាឧទ្ធរណ៍បានបដិសេធមិនទទួលបណ្ដឹងរបស់ លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តប៉ៃលិន ដែលប្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទក្លែងបន្លំឯកសារសាធារណៈ ដោយបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម រស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។
លោក សួង សុភ័ណ្ឌ បានថ្លែង ថា លោកបានដាក់ពាក្យប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី១០ កក្កដា ប៉ុន្តែសាលាឧទ្ធរណ៍មិនបានទទួលជាផ្លូវការនោះទេ។ លោកបានពន្យល់ទៀតថា ៖ «ការបដិសេធរបស់សាលាឧទ្ធរណ៍ មិនទទួលបណ្ដឹងរបស់ខ្ញុំប្តឹង លោក ហ៊ុន សែន បានបង្ហាញពីប្រព័ន្ធតុលាការនៅកម្ពុជា មានភាពលម្អៀង មិនឯករាជ្យ និងកំពុងស្ថិតក្រោមឥទ្ធិពលរបស់អ្នកនយោបាយ»។
លោកបានឲ្យដឹងទៀតថា សាលាឧទ្ធរណ៍បានអះអាងថា សំណុំរឿងមិនទាន់បញ្ជូនពីសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែពេលដែលលោកទាក់ទងទៅសាលាដំបូង គេថាក្រឡាបញ្ជីទទួលពាក្យអត់នៅ។ លោកបានឲ្យដឹងទៀតថា ៖«កំហុសរបស់លោក ហ៊ុន សែន ទាក់ទងនឹងរឿងយួនដែលមានលើទឹកដីខ្មែរនេះ គឺមិនអាចប្រកែកបានទេ ហើយយើងមានភស្តុតាងមួយពិតប្រាកដ ប៉ុន្តែតុលាការនៅប្រទេសកម្ពុជាមិនគោរពច្បាប់»។
សុំបញ្ជាក់ថា កាលពីថ្ងៃទី៤ កក្កដា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតម្កល់មិនចាត់ការបណ្ដឹងរបស់លោក សួង សុភ័ណ្ឌ ដែលប្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទផ្ដើមគំនិតក្លែងបន្លំឯកសារសាធារណៈ ដោយមិនបញ្ជាក់មូលហេតុ។ ការសម្រេចតម្កល់មិនចាត់ការនេះ ក្រោយពេលដែល លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី ២០ខែមិថុនា ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងនាយករដ្ឋមន្ត្រី ពីបទក្លែងបន្លំឯកសារសាធារណៈ មួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានច្រានចោលរបាយការណ៍ និងការលើកឡើងមួយចំនួន របស់គណបក្សប្រឆាំង និងសង្គមស៊ីវិល ដែលអះអាងថា វៀតណាមនៅកម្ពុជាមានចំនួនជាង៤លាននាក់។
សាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលមិនចាត់ការបណ្ដឹងរបស់ លោក សួង សុភ័ណ្ឌ ចំនួនពីរលើករួចមកហើយ។ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២កន្លងមក ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិរូបនេះ បានប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចោទប្រកាន់ ថាបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន ទាក់ទងនឹងការជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ នៅថ្ងៃបង្ហើយក្នុងពិធីបុណ្យអុំទូក កាលពីឆ្នាំ២០១០។
ក្រឡាបញ្ជីសាលាឧទ្ធរណ៍ ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថា ពាក្យបណ្តឹងនោះបានទទួលយូរហើយ ប៉ុន្តែលោកតុលាការពុំទាន់ចាត់ការនៅឡើយទេ ហើយរហូតមកដល់ពេលនេះ ក៏ពុំដឹងថាព្រះរាជអាជ្ញារូបណាកាន់សុំណុំរឿងនេះនៅឡើយដែរ។ ក្រឡាបញ្ជីរូបនោះ បានថ្លែងថា ៖ «ខ្ញុំមិនដឹងថាតើថ្នាក់លើនឹងចាត់ការយ៉ាងណាទេ ចំពោះបណ្តឹងនេះ ពីព្រោះសាលាដំបូង បានច្រានចោលមិនចាត់ការួចទៅហើយ»។
លោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យបានថ្លែងឲ្យដឹងថា រាល់ពាក្យបណ្តឹង គឺតុលាការត្រូវតែយកមកដោះស្រាយ គឺត្រូវតែហៅភាគីទាំងសងខាងមកសាកសួរ បើទោះបីជាអ្នកនោះមានអំណាចប៉ុណ្ណាក៏ដោយ ពីព្រោះមនុស្សនៅក្រោមច្បាប់ទាំងអស់គ្នា។ ប្រសិនបើតុលាការមិនចាត់ការ ក៏ត្រូវតែពន្យល់ភាគីទាំងពីរ ឬបើពាក្យបណ្តឹងគ្មានភស្តុតាងច្បាស់លាស់ ក៏ត្រូវពន្យល់ទៅដើមបណ្តឹងវិញ ថាចុងចោទគេអាចប្តឹងបកវិញបាន មិនចេះតែចោទគេដូច្នេះទេ។ លោកបានបញ្ជាក់ថា ៖ «ខ្ញុំគិតថារឿងនេះគឺជារឿងនយោបាយសុទ្ធសាត ហើយនេះពុំមែនជាលើកទី១ទេ ដែលតុលាការមិនចាត់ការពាក្យបណ្តឹង ទៅលើអ្នកមានអំណាច ដែលធ្វើឲ្យស្ថាប័នឯករាជ្យ (តុលាការ) មួយនេះ កាន់តែធ្លាក់ចុះថែមទៀត»៕
----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ