អាសិណល ឈ្នះឥណ្ឌូនេស៊ីចាស់ដៃ ខណៈម៉ែនស៊ីធី ចាញ់នៅអាហ្រ្វិកខាងត្បូង
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាំភ្លើងធំអាសិណល (Arsenal) ចាប់ផ្តើមប្រកួតមិត្តភាពកំដៅសាច់ដុំត្រៀមបើករដូវកាលថ្មី ជាមួយនឹងជោគជ័យយ៉ាងធំធេង បន្ទាប់ពីបំបាក់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដោយលទ្ធផល ៧-០ ខណៈដែលក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បើកឆាកការប្រកួតដំបូងជាមួយគ្រូបង្វឹកថ្មី ចាញ់ក្រុមស៊ុបព័រស្ពត យូណៃធីត (SuperSport United) របស់អាហ្វ្រិកខាងត្បូងដោយលទ្ធផល ២-០។
.
ការប្រកួតរវាងក្រុមអាសិណល (អាវលឿង) ជាមួយនឹងក្រុមម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី។ (រូបថត mirror.co.uk)
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស ថេអូ វ៉ាលខត (Theo Walcott) បានរកគ្រាប់បាល់នាំមុខម្ចាស់ផ្ទះមុន នៅនាទីទី១៩។ កីឡាករយុវជន ជុបបា អ័កផុម (Chuba Akpom) រកគ្រាប់បាល់ទី២ នៅ៩នាទី ចាប់ផ្តើមវគ្គទី២ ខណៈដែលខ្សែប្រយុទ្ធអូលីវីយើ ជីរ៉ូដ (Olivier Giroud) រកបាន២គ្រាប់តែម្នាក់ឯង នៅនាទីទី ៧០ និង៧៣ ដែលធ្វើឲ្យអាសិណលនាំមុនបណ្តោះអាសន្ន ៤-០។
នៅជិតការប្រកួតបញ្ចប់ ពោលគឺនៅនាទីទី៨០ជាង កីឡាករ លូកាស ផូដូស្គី (Lukas Podolski), ឃ្រីសតូហ្វឺ អូលសាន់ (Kristoffer Olsson) និងកីឡាករថូម៉ាស អេសហ្វៀល (Thomas Eisfeld) បានបន្ថែមម្នាក់១គ្រាប់ទៀត ធ្វើឲ្យបញ្ចប់លទ្ធផល ៧-០។
រីឯការប្រកួតដំបូងរបស់លោក ម៉ាញ៉ូអែល ប៉េឡាហ្គ្រីនី ក្នុងនាមជាគ្រូបង្វឹកថ្មីក្រុមម៉ែនឆេស្ទើ ស៊ីធី បានចាញ់ក្រុមស៊ុបព័រស្ពត យូណៃធីត នៅក្នុងទីក្រុងប្រេសតូរៀ (Pretoria) កាលពីរសៀលថ្ងៃអាទិត្យ ដោយលទ្ធផល ២-០។
កីឡាករចំណូលថ្មី ហ្វឺណាន់ឌីញ៉ូ (Fernandinho) បានជាប់ជាជម្រើស១១នាក់ដំបូងក្នុងការប្រកួតនោះ ហើយម៉ែនស៊ី ដែលជាក្រុមភ្ញៀវលេងបានយ៉ាងល្អនៅក្នុងវគ្គទី១ ប៉ុន្តែទោះជាយ៉ាងណាមិនអាចរកគ្រាប់បាល់បញ្ចូលទីបានទេ ធ្វើឲ្យបញ្ចប់វគ្គទី១ ដោយលទ្ធផល ០-០។
នៅក្នុងវគ្គទី២ លោកប៉េឡេហ្គ្រីនី បានដូរកីឡាករជាច្រើនរូបចេញ ដោយប្តូរជំនួសដោយកីឡាករផ្សេងៗទៀត ក្នុងគោលបំណងស្វែងរកគ្រាប់ ដើម្បីទទួលបានជ័យជំនះ។ ប៉ុន្តែអ្វីៗមិនដូចការគិតទេ នៅ១១បន្ទាប់ក្នុងវគ្គទី២ បែរជាម្ចាស់ផ្ទះធ្វើការនាំមុខមុនទៅវិញ។
ខ្សែប្រយុទ្ធសញ្ជាតិស្សេនីកាល់ ម៉ាំម៉េ នៀង (Mame Niang) បានរកគ្រាប់បាល់ទី១បានសម្រេច នៅនាទីទី៥៦ ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិអាហ្វ្រិកខាងត្បូង ឃឺមីដ អេរ៉ាសម៉ាស (Kermit Erasmus) បានបន្ថែម១គ្រាប់ទៀត ដែលជាគ្រាប់បាល់ទី២បានសម្រេចនៅនាទីទី៨២ ធ្វើឲ្យម៉ែនស៊ីធី បាត់មាត់បាត់ករឈឹង បានត្រឹមតែឈរច្រត់ចង្កេះមើលមុខគ្នាតែប៉ុណ្ណោះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ