កាសែតបារាំងថា សុខ អាន ជារដ្ឋបុរសការទូត និងចូលចិត្តមាន់ជល់
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៨ មីនា ២០១៧
- កែប្រែចុងក្រោយ: April 05, 2017
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនជាមរណភាព របស់លោក សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ត្រូវបានសារព័ត៌មាន នៅបស្ចឹមលោក ចាប់អារម្មណ៍ យកមកចុះផ្សាយនោះ មិនមែនដោយសារតែលោក មានថានៈជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ស្និតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែសារព័ត៌មានទាំងនោះ បានស្គាល់លោកយ៉ាងច្រើន ទាំងជីវិតឯកជនរបស់លោក ទាំងសមត្ថភាពក្នុងកិច្ចការបរទេសរបស់លោក ជាពិសេសនៅក្នុងសំនុំរឿងបេតិកភ័ណ្ឌ និងវប្បធម៌ ដែលលោក សុខ អាន ផ្ទាល់ធ្លាប់ដឹកនាំកម្ពុជា ឲ្យដណ្ដើមយកជ័យជំនះការទូតនេះ ជាច្រើនដង នៅលើសង្វៀនអង្គការ អ៊ុយណេស្កូ (UNESCO)។
សារព័ត៌មានបារាំង ឡឺម៉ុង (Le Monde) ដ៏ល្បី បានចំណាយទំព័រ ដ៏វែងអន្លាយមួយរបស់ខ្លួន ដើម្បីចុះផ្សាយពីប្រវត្តិលោក សុខ អាន រាប់ចាប់តាំងពីពេលលោកចាប់កំណើត ពីជីវិតឯកជនរបស់លោក រហូតមកដល់កិច្ចការបរទេស ទាក់ទងនឹងបេតិកភ័ណ្ឌ និងវប្បធម៌ ដែលសារព័ត៌មានអះអាងថា លោក សុខ អាន បានធ្វើឲ្យប្រទេសកម្ពុជា ត្រូវបានគេស្គាល់យ៉ាងច្រើន។ នៅលើគេហទំព័ររបស់សារព័ត៌មានដ៏ធំនេះ ក៏មានចុះផ្សាយដែរ តាំងពីមួយថ្ងៃក្រោយមរណភាព របស់លោក សុខ អាន ម្លេះ។ តែដំបូងឡើយ គេត្រូវបង់ថ្លៃដើម្បីអាចចូល ទៅអានអត្ថបទនេះ មុននឹងអត្ថបទដដែល ត្រូវបានដាក់ផ្សាយជាសាធារណៈ (អានបាន ដោយមិនគិតថ្លៃ) នៅប៉ុន្មានថ្ងៃក្រោយមក។
លោក សុខ អាន និងសត្វស្លាប...
អ្នកនិពន្ធអត្ថបទ និងជាអ្នកសារព័ត៌មាន អ្នកស្រី «Florence Evin» បានសរសេរថា លោក សុខ អាន ជាអ្នកស្រុក គិរីវង្ស ខេត្តតាកែវ ដែលបានកើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៥០។ អត្ថបទបានបន្តថា លោក សុខ អាន ចេះភាសាបារាំង និងអង់គ្លេស យ៉ាងស្ទាត់ជំនាញ ហើយមានសញ្ញាប័ត្រជាច្រើន ខាងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងសង្គមសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាពិសេស សញ្ញាប័ត្រមកពីសាលាសិក្សាស្រាវជ្រាវជាន់ខ្ពស់ (ENS) និងពីសាលាភូមិន្ទរដ្ឋបាល (ENA) ក្នុងប្រទេសកម្ពុជា។
អ្នកស្រី «Florence Evin» បានសរសេរពីជីវិតឯកជន របស់លោកថា លោក សុខ អាន និងភរិយារបស់លោក អ្នកស្រី ថេង អាយអាន្នី បានឆ្លងកាត់ជីវិតនរកអវិចី នៃរបបខ្មែរក្រហម និងមានបុត្រា បុត្រីចំនួន ៥នាក់ ស្រីម្នាក់ ប្រុសបួននាក់។ អត្ថបទបានបន្តថា លោក សុខ អាន ជាអ្នកស្រឡាញ់សត្វស្លាប និងផ្កាកេសរកូល (Orchidée)។ លោកមានចិញ្ចឹម សត្វស្លាបជាច្រើនក្បាល ក្នុងផ្ទះរបស់លោក នៅរាជធានីភ្នំពេញ និងមាន់ជល់ជាច្រើនក្បាលទៀត នៅក្នុងចំការ «សូម៉ា» របស់លោក ឯខេត្តតាកែវ (Il aimait soigner ses grandes volières de la maison familiale de Phnom Penh et ses coqs de combat dans sa ferme Soma à Takeo)។
រដ្ឋបុរសការទូត ដែលពោរពេញដោយសមត្ថភាព...
សម្រាប់ជីវិតសាធារណៈ របស់លោក សុខ អាន វិញ គេត្រូវចាប់ផ្ដើមរៀបរាប់ឡើងវិញ នៅពេលលោក បានក្លាយជាលេខាផ្ទាល់ របស់លោក ហ៊ុន សែន ដែលជារដ្ឋមន្ត្រីការបរទេស នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា តាំងពីឆ្នាំ១៩៨០មក។ បន្ទាប់មកទៀត ក្នុងនាមជា មន្ត្រី«ដៃស្ដាំ» របស់លោក ហ៊ុន សែន ដែលបានក្លាយជានាយករដ្ឋមន្ត្រី (រាប់ចាប់ពីឆ្នាំ១៩៨៥ រហូតមកទល់ពេលនេះ) លោក សុខ អាន បានកាន់កាប់តំណែងជាន់ខ្ពស់ និងសំខាន់ជាច្រើន ក្នុងនោះមានដូចជា ឯកអគ្គរដ្ឋទូតកម្ពុជា (មិនមែនឯកអគ្គរាជទូតទេ ព្រោះពេលនោះ កម្ពុជាជាប្រទេសកុម្មុយនីស) ប្រចាំនៅប្រទេសឥណ្ឌា (ឆ្នាំ១៩៨៥-១៩៨៨) - សមាជិកគណៈកម្មាធិការកណ្ដាលបក្ស (បក្សប្រជាជនបដិវត្តន៍កម្ពុជា) តាំងពីឆ្នាំ១៩៩២ និងបានជាប់ជាតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៩៣។
អត្ថបទបានបន្តទៀតថា នៅឆ្នាំ១៩៩៩ លោក សុខ អាន បាននាំ «យុត្តិធម៌» ឲ្យបានចេញជារូបរាង មកឲ្យប្រជាជនកម្ពុជា ដែលបានរងគ្រោះ ដោយសារការប្រល័យពូជសាសន៍ នៅក្នុងរបបខ្មែរក្រហម។ លោកបានដឹកនាំការចរចា ជាមួយនឹងអង្គការសហប្រជាជាតិ រហូតបង្កើតបាន នូវអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម។ ចាប់តាំងពីឆ្នាំ២០០៤មក លោក សុខ អាន បានក្លាយជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។
សារព័ត៌មានបានសរសេរសរសើរ លោក សុខ អាន ថា ជាមួយចំណេះវប្បធម៌ជ្រៅជ្រះ និងយុទ្ធសាស្ត្រដ៏ប៉ិនប្រសព្វរបស់លោក បានធ្វើឲ្យលោកក្លាយជា«រដ្ឋបុរសការទូត» ដែលត្រូវបានពេញចិត្ត និងគោរព។ ដោយសារសេចក្ដីស្រឡាញ់បេតិកភ័ណ្ឌ ដ៏ជ្រាលជ្រៅរបស់លោក នៅខែធ្នូ ឆ្នាំ២០១៤ លោក សុខ អាន បានបិតបញ្ចប់ទំព័រដ៏គ្រោកគ្រាត ជាមួយនឹងប្រទេសថៃ ដែលតែងតែទាមទារចង់បាន ប្រាសាទព្រះវិហារខ្មែរ នៅក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ តាំងពី៦០ឆ្នាំមកហើយ៕