សួង សុភ័ណ្ឌ នឹងប្ដឹង ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ
ជាប្រធានសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ និងប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តប៉ៃលិន លោក សួង សុភ័ណ្ឌ បានអះអាងថា លោកនឹងប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ទាក់ទងនឹងបទចោទពីរសំខាន់ និងករណីមួយចំនួនទៀត។
លោក សួង សុភ័ណ្ឌ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តប៉ៃលិន។ (រូបថត MONOROOM.info/ U. Bory)
ប្រព័ន្ធយុត្តិធម៌ - លោក សួង សុភ័ណ្ឌ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៥ ខែកុម្ភៈ នេះថា លោកមិនបោះបង់បណ្តឹងរបស់លោក ដែលត្រូវបានតុលាការកម្ពុជាច្រានចោល ដោយការកម្កល់ទុកមិនចាត់ការនោះទេ។ សកម្មជននយោបាយវ័យក្មេងរបស់គណបក្សជំទាស់រូបនេះ បានចោទប្រកាន់ថា ប្រព័ន្ធតុលាការកម្ពុជាអយុត្តិធម៌ និងពុករលួយជាងប្រព័ន្ធយុត្តិធម៌របស់ប្រទេសកុម្មុយនីសទៅទៀត ព្រោះយ៉ាងហោចណាស់ប្រព័ន្ធយុត្តិធម៌នៅតាមបណ្ដាប្រទេសកុម្មុយនីស មិនមែនជាឧបករណ៍ប្រើប្រាស់ របស់បុគ្គលអ្នកមានអំណាច ឬគណបក្សនយោបាយណាមួយ ដូចនៅកម្ពុជានោះទេ។
សកម្មជននយោបាយរូបនេះអះអាងថា លោកនឹងប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ពាក់ព័ន្ធនឹងករណីរត់ជាន់គ្នានៅកោះពេជ្រ ករណីអនុញ្ញាតឲ្យជនជាតិវៀតណាម មានសិទ្ធិបោះឆ្នោត និងករណីបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេងជាដើម។ លោក សួង សុភ័ណ្ឌ បញ្ជាក់ថា៖ «ខ្ញុំគ្មានជំនឿលើតុលាការកម្ពុជានោះទេ ដូច្នេះខ្ញុំត្រូវពឹងពាក់តុលាការអន្តរជាតិ»។
លោក សួង សុភ័ណ្ឌ កន្លងមក បានប្ដឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំនួនពីរករណី គឺករណីមនុស្សរត់ជាន់គ្នាលើស្ពានកោះពេជ្រ ដែលបណ្តាលឲ្យមានមនុស្សជាង៣រយនាក់ស្លាប់ កាលពីឆ្នាំ២០១០ និងករណីផ្ដល់សញ្ជាតិឲ្យជនជាតិវៀតណាម មានសិទ្ធិបោះឆ្នោតនៅកម្ពុជា។ ករណីមួយពីក្នុងនោះ ត្រូវបានលោក សួង សុភ័ណ្ឌ រុញទៅដល់សាលាឧទ្ទរណ៍នោះទៀត។ តែរាល់បណ្តឹងទាំងនោះ ជានិច្ចជកាលត្រូវបានតុលាការកម្ពុជាតម្កល់ទុកមិនចាត់ការ។
» សំនុំរឿងដែលទាក់ទងនឹងលោក សួង សុភ័ណ្ឌ សូមចុចលើទីនេះ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងលោក ផៃ ស៊ីផាន មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងលោក គី តិច មេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ ជុំវិញគម្រោងប្តឹងសារជាថ្មីរបស់លោក សួង សុភ័ណ្ឌ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះ។ សូមបញ្ជាក់ដែរថា គណបក្សសង្រ្គោះជាតិ និងបណ្ដាសង្គមស៊ីវិលមួយចំនួន ដែលតំណាងឲ្យជនរងគ្រោះនឹងការបង្ក្រាបក្រុមបាតុករ នៅមុខរោងចក្រយ៉ាងជីក និងនៅតាមបណ្ដោយផ្លូវវេងស្រេង សុទ្ធតែមានបំណងប្ដឹងលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ឡើងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។
តែបើយោងលើលោក ហោ ណាំហុង ជារដ្ឋមន្រ្តីការបរទេសរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បែបប្រៀបធៀប នៅក្រោយគម្រោងប្តឹងរបស់ក្រុមប្រឆាំង និងគណបក្សសង្រ្គោះជាតិ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីពេលកន្លងមក ថា៖ «ធម្មតាប៉េងប៉ោងពេលមានខ្យល់ គឺវាហោះឡើងទៅលើ តែបើវាអស់ខ្យល់ គឺវាធ្លាក់ ហើយកាលណាធ្លាក់មកហើយ គឺមិនដឹងដល់ណាទេ ឬក៏ធ្លាក់ទៅ កន្លែងដ៏កខ្វក់ស្មោកគ្រោក ក៏វាអាចធ្លាក់ ក៏ថាបាន»។
ទោះបីជាយ៉ាងណាក៏ដោយ លោក សោភ័ណ្ឌ នៅមិនទាន់បានបញ្ជាក់លំអិត ពីដំណើរការរៀបចំសំនុំរឿង ភស្តុតាង និងឯកសារដែលពាក់ព័ន្ធពីពាក្យបណ្ដឹងនោះ ថាយ៉ាងដូចម្ដេចនៅឡើយ។ ហើយពាក្យបណ្ដឹងរបស់ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តប៉ែលិនរូបនេះ ក្នុងពេលកន្លងមកទៅកាន់តុលាការកម្ពុជាប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏រងនូវការរិះគន់ផងដែរពីអ្នកវិភាគឯករាជ្យ ថាជាពាក្យបណ្ដឹងមានចរិកនយោបាយ ច្រើនជាងការស្វែងរកយុត្តិធម៌៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤